អាមេរិក

តុលាការ​កំពូល​អាមេរិក​ផ្តល់​សុពលភាព​ដល់​ច្បាប់​ធានារ៉ាប់រង​សុខភាព​របស់​លោក​អូបាម៉ា

អ្នក​​គាំទ្រ​ច្បាប់​ធានារ៉ាប់រង​សុខភាព​របស់​លោក​អូបាម៉ា នៅ​មុខ​ទីស្នាក់ការ​តុលាការ​កំពូល
អ្នក​​គាំទ្រ​ច្បាប់​ធានារ៉ាប់រង​សុខភាព​របស់​លោក​អូបាម៉ា នៅ​មុខ​ទីស្នាក់ការ​តុលាការ​កំពូល REUTERS/Joshua Roberts

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តីសម្រេចផ្តល់​សុពលភាព​ដល់​ច្បាប់​ ស្តីពី​​ធានារ៉ាប់រង​សុខភាព ដែល​ជា​កំណែទម្រង់​គន្លឹះ​របស់​លោក​អូបាម៉ា។ សេចក្តីសម្រេច​ ដែល​ធ្វើឡើង​តែ​ប៉ុន្មាន​ខែ មុនការ​បោះឆ្នោត​ប្រធានាធិបតី​នេះ គឺ​ជា​ដំណឹង​ល្អ​មួយ​ សម្រាប់​លោក​អូបាម៉ា។

ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​តុលាការ​កំពូល​អាមេរិក កាលពីម្សិលមិញ អាច​នឹង​ជួយ​ឲ្យ​ឈ្មោះ​របស់​លោក​អូបាម៉ា​ត្រូវ​កត់ត្រា​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក​ថា​ជា​ប្រធានាធិបតី ដែល​បាន​ធ្វើកំណែទម្រង់​ដ៏​សំខាន់​មួយ ដែល​មិនមាន​ប្រធានាធិបតី​អាមេរិករូបណា​ធ្វើ​បាន​កន្លងមក គឺ​​ការ​ផ្តល់​ធានារ៉ាប់រងសុខភាព​ដល់​​ពលរដ្ឋ​អាមេរិក​ជាទូទៅ។

គួររំឭកឡើងវិញ​ថា ច្បាប់​ដែល​លោក​អូបាម៉ា​បាន​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ កាល​ពី​ខែ​មីនា ឆ្នាំ​២០១០​កន្លងទៅនេះ មាន​ចែង​អំពី​កាតព្វកិច្ច​តម្រូវ​ឲ្យ​ពលរដ្ឋ​អាមេរិក​គ្រប់រូប​ទិញ​ធានារ៉ាប់រងសុខភាព។ អ្នក​ដែល​មិន​បំពេញ​កាតព្វកិច្ច​នេះ​ទេ នឹង​ត្រូវ​ទទួល​ការ​ពិន័យ។ រដ្ឋ​ចំនួន ២៦ នាំមុខ​ដោយ​រដ្ឋ Florida បាន​ប្តឹង​ទៅ​តុលាការ​កំពូល​អាមេរិក ដោយ​ចោទ​ថា ច្បាប់​ដែល​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ទិញ​ធានារ៉ាប់រង​សុខភាព​បែបនេះ គឺ​ជា​ការ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​អាមេរិក។

នៅទីបំផុត​ចៅក្រម​តុលាការ​កំពូល​បាន​ចេញសេចក្តីសម្រេច ក្នុង​សំឡេង ៥ ទល់​នឹង ៤ ថា ច្បាប់​របស់​លោក​អូបាម៉ា​នេះ មិនផ្ទុយ​នឹ​ង​រដ្ឋធម្មនុញ្ញ​នោះទេ។

សេចក្តីសម្រេច​នេះ គឺ​ជា​ជោគជ័យ​មួយ សម្រាប់​លោក​អូបាម៉ា នៅ​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​ជិត​ឈាន​ចូល​មក​ដល់។ ជោគជ័យ​ក្នុង​ន័យ​ថា លោក​អូបាម៉ា​មិន​ត្រូវ​ប្រឈមមុខ​នឹង​ភាព​អាម៉ាស់​ ដោយសារ​តែ​កំណែទម្រង់​របស់​លោក​ត្រូវ​តុលាការ​កំពូល​ច្រានចោល។ ក៏ប៉ុន្តែ សេចក្តីសម្រេច​ជា​វិជ្ជមាន​របស់​តុលាការ​កំពូល​ម្សិលមិញ​នេះ ក៏​មិនប្រាកដ​ថា​អាច​​បញ្ចប់​ភាពចម្រូងចម្រាស​ជុំវិញ​ច្បាប់​ធានារ៉ាប់រងសុខភាព​របស់​លោក​អូបាម៉ា​នេះ​បាននោះដែរ។

កំណែទម្រង់នេះ ថ្វីដ្បិត​តែ​មាន​អ្នកគាំទ្រ​ច្រើន ក៏ប៉ុន្តែ អ្នក​ប្រឆាំង​ក៏​មាន​ច្រើន​ដែរ។ ការដែល​តុលាការ​កំពូល​ប្រកាស​ថា​ច្បាប់​នេះ​មិន​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ក៏​មិន​ប្រាកដ​ថា​អាច​ទាក់ទាញ​អ្នក​ប្រឆាំង ឲ្យ​បែរ​មក​គាំទ្រ​ច្បាប់​នេះ​វិញ​បាន​នោះដែរ។

ផ្ទុយ​ទៅវិញ លោក Mitt Romney បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ទំនង​ជា​អាច​ទាញ​ផលចំណេញ ពី​សេចក្តីសម្រេច​របស់​តុលាការ​កំពូល កាល​ពី​ម្សិលមិញ។ លោក Mitt Romney បាន​ប្រកាស​ថា បើ​សិន​ជា​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លោក​នឹង​លុប​ច្បាប់​របស់​លោក​អូបាម៉ា​ចោលវិញ បើទោះជា​​មាន​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ក៏ដោយ។ ដូច្នេះ សម្រាប់​អ្នក​ដែល​ប្រឆាំង​នឹង​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​របស់​លោក​អូបាម៉ា​អាច​នឹង​យល់ថា ដើម្បី​លុបច្បាប់​នេះ​ចោលវិញ មធ្យោបាយ​មានតែ​មួយគត់ គឺ​បោះឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI