កម្ពុជា-ឧបទ្វីបកូរ៉េ

“ការ​ដំឡើង​ប្រព័ន្ធ​ការ​ពារមីស៊ីល និង​បង្កើន​ចំនួន​កង​ទ័ព​របស់​អាមេរិក​នៅ​ឧប​ទ្វីប​កូរ៉េ​ ជា​ចំណែក​ធ្វើ​ឲ្យ​មាន​ភាពតាន​តឹង​ក្នុង​តំបន់​”

កាល​ពី​ថ្ងៃ​ទី២៨ ខែ​មេសា លោក​ទេស​រដ្ឋ​មន្ត្រី​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស បាន​លើក​ឡើង​ក្នុងកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ថា ស្ថាន​ភាព​ឧប​ទ្វីប​កូរ៉េ​កំពុង​តែ​ដុន​ដាប​ខ្លាំង ដោយ​កូរ៉េ​ខាង​ជើង​បានសាក​ល្បង​បាញ់​មីស៊ីល​រយៈ​ឆ្ងាយ និង​ការ​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​។ ហើយ​វត្ត​មាន​នៃ​កង​កម្លាំង​យោធា​អាមេរិក និង​ការ​ដាក់​ពង្រាយ​ខែល​មីស៊ីល ក៏​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​មាន​ភាព​តាង​តឹង​នេះ​ដែរ​។

ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​THAAD ដែល​អាមេរិក​គ្រោង​ដាក់​ពង្រាយ​នៅ​កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​ការវាយប្រហារ​ពី​កូរ៉េខាងជើង
ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​THAAD ដែល​អាមេរិក​គ្រោង​ដាក់​ពង្រាយ​នៅ​កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​ការវាយប្រហារ​ពី​កូរ៉េខាងជើង ©Reuters
ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រាក់ សុខុន​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រុង​ម៉ានីល​ថា ស្ថាន​ភាពឧប​ទ្វីប​កូរ៉េ​កំពុង​តែ​ដុន​ដាប​ខ្លាំង ដោយ​សារ​កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​បាញ់​មីស៊ីល​រយៈ​ឆ្ងាយ ​និង​ការ​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​។ ភាព​តឹង​តឹង​នេះ​ក៏​ដោយ​សារ​តែ​ការ​ដាក់​ដំឡើង​ប្រព័ន្ធ​ការ​ពារ​មីស៊ីល នៅ​កូរ៉េ​ខាង​ត្បូង និង​ការ​កើន​ឡើង​នូវ​វត្តមាន​នៃ​កង​នាវា​ប្រយុទ្ធ​សហរដ្ឋ​អាមេរិក​។ 

ការ​លើក​ឡើង​របស់​លោក​រដ្ឋ​មន្ត្រី​នេះ បាន​ផ្សព្វផ្សាយ តាម​រយៈ​សេច​ក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ស្តី​ពី​លទ្ធផល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន កិច្ច​ប្រជុំ​លើក​ទី១៥​របស់​ក្រុម​ប្រឹក្សា​សហគមន៍​នយោបាយ និង​សន្តិសុខ​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន​។

លោក​ប្រាក់ សុខុន​លើក​ឡើង​ទៀត​ថា​ព្រឹត្តិការណ៍​បែប​នេះ​កំពុង​តែ​បង្ក​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព មិន​ត្រឹម​តែ​នៅ​ក្នុង​ឧប​ទ្វីប​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល និង​តំបន់​អាស៊ាន​ផង​ដែរ​។

លោក​ប្រាក់ សុខុន​បាន​បន្ត​ថា កម្ពុជា​អះ​អាង​ជា​ថ្មី នូវ​ការ​គាំទ្រ​របស់​ខ្លួន​សម្រាប់​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់ ហើយ​ប្រមុខ​ដឹក​នាំ​អាស៊ាន​ចូល​រួម​ជា​មួយ​សហគមន៍​អន្តរជាតិ ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូរ៉េខាង​ជើង​ត្រូវ​តែ​គោរព​តាម​ទាំង​ស្រុង​នូវ​សេច​ក្តី​សម្រេច​ពាក់​ព័ន្ធ​ផ្សេងៗ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហ​ប្រជា​ជាតិ និង​បោះ​បង់​ការ​ព្យាយាម​បង្កើត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។

បញ្ហា​ភាព​តាន​តឹង​នៅ​ក្នុង​ឧប​ទ្វីប​កូរ៉េ​នេះ​ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម​ចំនួន​២៥​ទំព័រ ដែល​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី៣០ នៅ​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​ផង​ដែរ​។ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​ថ្មីៗ​នេះ នៅ​ក្នុង​ឧប​ទ្វីប​កូរ៉េ ​ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។ អាស៊ាន​ក៏​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែរ​ពី​ឧប​ទ្វីប​កូរ៉េ​ផង​ដែរ​។

គួរជម្រាប​ជូន​ថា កាល​ពី​ដើម​ឆ្នាំ ២០១៧​នេះ ប្រមុខ​ដឹកនាំ​កំពូល​របស់​រ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​ប្រកាស​ថា កូរ៉េខាងជើង​បាន​ក្លាយ​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ។ ទោះមាន​ការដាក់​ទណ្ឌកម្ម​ពីអង្គការ​សហប្រជាជាតិ ប្រទេស​កូរ៉េខាងជើង​បាន​ផ្គើន​បាញ់​សាកល្បង គ្រាប់បែក​នុយក្លេអ៊ែរ ពីរដង ដោយ​ជោគជ័យ នៅ​ឆ្នាំ ២០១៦ ហើយ​និង​បាញ់​សាកល្បង​ដោយ​ជោគជ័យ​មីស៊ីល ចម្ងាយមធ្យម ដែល​អាច​មាន​សមត្ថភាព បាញ់​ទៅដល់​ទឹកដី​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​សត្រូវ​របស់​ខ្លួន។ ថ្មីៗ​នេះ កូរ៉េ​ខាង​ជើង​ក៏​បាន​ប៉ុនប៉ង​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន និង​មីស៊ីល​រយៈ​ឆ្ងាយ ដែល​ធ្វើ​ឲ្យ​អាមេរិក​សម្រេច​បញ្ជូន​យោធា​របស់​ខ្លួន​ជា​ទ្រង់​ទ្រាយ​ធំ​ចូល​ក្នង​ឧប​ទ្វីប​កូរ៉េ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI