ស.រ.អា.-វៀតណាម

អាមេរិក​និង​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល

ប្រមុខ​ការទូត​អាមេរិក (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​ នៅ​ក្នុង​ជំនួប​ប្រជុំ​អាស៊ី​ខាង​កើត​ ថ្ងៃទី​១០​តុលា២០១៣​
ប្រមុខ​ការទូត​អាមេរិក (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​ នៅ​ក្នុង​ជំនួប​ប្រជុំ​អាស៊ី​ខាង​កើត​ ថ្ងៃទី​១០​តុលា២០១៣​ © Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សហរដ្ឋ​អាមេរិក​​និងវៀតណាម បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ក្នុង​ក្របខ័ណ្ឌ​នុយក្លេអ៊ែរ​ស៊ីវិល ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​​អាមេរិក​អាច​លក់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅ​ឱ្យ​វៀតណាម​ នៅ​ថ្ងៃ​ណា​មួយ។ វៀតណាម​ដែល​មាន​តម្រូវការ​ថាមពល​កើន​ឡើង​ជា​លំដាប់​ មាន​មហិច្ឆតា​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិលឱ្យ​បាន​នៅ​ឆ្នាំ២០២០។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​អាមេរិក-វៀតណាម​នេះ គឺ​ជា​ផ្តល់​សំណាង​ដ៏​ច្រើន​ដល់​អ្នក​ជំនួញ​ទាំង​ពីរ​ប្រទេស​ ! នេះ​ជា​ប្រសាសន៍​អបអរ​របស់​លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃែរី ​ទៅ​កាន់​នាយករដ្ឋមន្រ្តី​វៀតណាម នា​ឱកាសជំនួប​ក្រៅ​ក្របខ័ណ្ឌ​ជំនួប​កំពូល​អាស៊ី​ខាង​កើត​នៅប្រទេស​ព្រុយណេ។ បើ​តាម​លោក​ ចន ​ឃែរី ទីផ្សារ​​ថាមពល​នុយក្លេអ៊ែរ​​វៀតណាម​ដែល​ស្ថិត​នៅ​លំដាប់​ទី​ពីរ​​ បន្ទាប់​ពី​ចិន​នៅ​អាស៊ី​ អាច​នឹង​មាន​​ទំហំ​​ដល់​ទៅ​៥០ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ​២០៣០។

សម្រាប់​លោក​នាយករ​ដ្ឋមន្ត្រី​វៀតណាម​វិញ បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ជា​ការ​បង្ហាញ​អំពី​ភាព​ជា​ដៃគូ​​សហប្រតិបត្តិការ​ល្អ​គ្នា​ ព្រោះ​ប្រទេស​ទាំង​ពីរ​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា​ ទើប​ផ្សះ​ផ្សា​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៥​ប៉ុណ្ណោះ។

កិច្ច​ព្រមព្រៀង​នេះ​នឹង​ដាក់​ជូន​សភា​អាមេរិក​អនុម័តសិន ​មុន​នឹង​ក្រុមហ៊ុន​អាមេរិក​អាច​លុក​លុយ​ចូល​ទីផ្សារ​ថាមពល​នុយក្លេអ៊ែរ​ ឬ​លក់​ដូរ​សម្ភារៈ​ ឬ​ប្រតិករ​នុយក្លេអ៊ែរ​ទៅ​ឱ្យ​វៀតណាមបាន។ បើ​តាម​​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​អាមេរិក​ កិច្ចព្រមព្រៀង​នេះ ស្ថិត​ក្រោម​ក្របខ័ណ្ឌ​​នុយក្លេអ៊ែរ​ស៊ីវិល​ គោរព​បាន​ទាំង​ស្រុង​​​​ការ​មិន​រីក​​សាយភាយ​នុយក្លេអ៊ែរ ឬ​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម។ វៀតណាម​បាន​តាំង​ខ្លួន​ជា​សិស្ស​ល្អ​ ក្នុង​នាម​ជា​សមាជិក​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ អាអ៊ីអឺអា ដោយ​គ្មាន​ឡើយ​នយោបាយ ​ឬ​ ​មហិច្ឆតា​​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​យោធា​។

សភា​វៀតណាម​ បាន​បើក​ភ្លើង​ខៀវ​ឱ្យ​រដ្ឋាភិបាល​​ស្ថាបនា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ តាំង​ពី​ពីរបី​ឆ្នាំ​មុន​ ព្រោះ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​មានសន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​ ត្រូវ​ការ​ថាមពល​ក៏​ច្រើន ! វៀតណាម​សង្ឃឹម​អាច​ទាញ​យក​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ បាន​ ដោយ​មាន​យ៉ាង​ហោចណាស់​ប្រតិករ​​មួយ​នៅ​ឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI