អាមេរិក-លីប៊ី

លោក បារ៉ាក់ អូបាម៉ា៖« សករាជ​ខ្មៅងងឹត​របស់​កាដាហ្វី​បាន​​ឈាន​ដល់​ទីបញ្ចប់ »

លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក

ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​មរណភាព​របស់​កាដាហ្វី​ភ្លាម លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​បាន​សម្តែង​មោទនភាព​ពី​ជោគជ័យ​នៃ​ប្រតិបត្តិការ​របស់​អង្គការ​អូតង់។ ប្រតិបត្តិការ​របស់​អង្គការ​អូតង់​នៅ​លីប៊ី​ដែល​រូប​លោក អូបាម៉ា​បាន​ទទួល​ការ​ទិតៀន រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ក្រុមអ្នកប្រឆំាង​នៃ​គណបក្ស​សាធារណរដ្ឋ និង​ឥស្សរជន​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក។ យ៉ាង​ណា​ក៏​ដោយ លោក អូបាម៉ា​សង្ឃឹម​ថា ការ​ស្លាប់​របស់​កាដាហ្វី​នឹង​បិទ​បញ្ចប់​ទំាង​ស្រុង​នូវ​ទំព័រ​ដ៏​ខ្មៅងងឹត​របស់​របប​កាដាហ្វី។

ផ្សាយពាណិជ្ជកម្ម

 

« ថ្ងៃ​នេះ យើង​អាច​និយាយ​បាន​យ៉ាង​ច្បាស់​ក្រឡែត​ថា សករាជ​របស់​កាដាហ្វី​បាន​ឈាន​ចូល​ដល់​ទីបញ្ចប់។ ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រជាជន​លីប៊ី​គ្រប់​រូប​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនា អនាគត​របស់​ប្រទេស​ខ្លួន នោះ​គឺ​ការ​ស្ថាបនា​លីប៊ី​មួយ​ដោយ​បើកចំហ មាន​ការ​សន្តោសប្រណី និង​ប្រជាធិបតេយ្យ។

យើង​កំពុង​រង់ចំា​យ៉ាង​អន្ទះសា ពី​ការ​ប្រកាស​រំដោះ​ប្រទេស​លីប៊ី​បាន​ទំាងស្រុង និង​ការ​ប្រសូត​ចេញ​នូវ​រដ្ឋាភិបាល​អន្តរកាល​មួយ​ឋិតថេរ រហូត​ដល់​មាន​ការ​រៀប​ចំ​បោះឆ្នោតលើក​ទីមួយ​ដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​នៅ​ក្នុង​ប្រទេស​លីប៊ី។

យើង​សូម​អំពាវនាវ​ប្រជាជន​លីប៊ី​ឲ្យ​បន្ត​រួម​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​កំចាត់​ឲ្យ​អស់​នូវ​គ្រឿងបរិក្ខារ​ប្រកប​ដោយ​គ្រោះថ្នាក់ និង​គោរព​សិទ្ធិ​ប្រជាជន​លីប៊ី​គ្រប់​រូប ដោយ​រួម​ទំាង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។

យើង​នៅ​មិន​ទាន់​អាច​មាន​សុទិដ្ឋិនិយម​ខ្លំាង​ទេ ព្រោះ​ថា ផ្លូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពេញបរិបូណ៌​នៅ​វែងឆ្ងាយ លំបាក និង​មាន​ការ​បត់បែន​ច្រើន​ណាស់​សម្រាប់​ប្រទេស​លីប៊ី។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​បាន​សន្យា​នឹង​បន្ត​ជួយ​ប្រជាជន​លីប៊ី ដោយ​មិន​បោះបង់​ចោល​ទេ។ ប្រជាជន​លីប៊ី​​បាន​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របប​ផ្តាច់ការ​ប្រកប​ជោគជ័យ ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​ក្លាយ​ជា​ដៃគូ​របស់​លីប៊ី ក្នុង​ពេល​ដែល​លីប៊ី​កំពុង​ស្វះស្វែង​រក​អនាគត​មួយ ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ សេរីភាព និង​កាលានុវត្តភាព »៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI