អាមេរិក

សារព័ត៌មាន​អាមេរិក៖ រដ្ឋាភិបាល​អាមេរិក​នឹង​ប្រកាស​​ដកទ័ព​​៤ពាន់​នាក់​ពី​អាហ្វហ្គានីស្ថាន

លោក Donald Trump  នៅពេល​រង់ចាំទទួល​សព​ទាហាន​ កាលពីខែ​វិច្ឆិកា។​
លោក Donald Trump នៅពេល​រង់ចាំទទួល​សព​ទាហាន​ កាលពីខែ​វិច្ឆិកា។​ REUTERS/Jonathan Ernst

រដ្ឋាភិបាល​អាមេរិក​ នឹង​ប្រកាស​ពី​ដំណើរ​ការ​ដក​កង​ទ័ព​ទាហាន​ ចំនួនជាង៤ ០០០នាក់​ ​ចេញពី​សង្គ្រាម​​នៅ​អាហ្វហ្គានីស្ថាន​។ ការ​ប្រកាស​ផ្លូវការ​របស់​របបក្រុង​វាស៊ីនតោន នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​សប្តាហ៍​នេះ។ រឿង​នេះ​អាច​សម្រេច​ដូច្នេះ គឺក្រោយ​ពីមាន​ការ​ចរចា​គ្នា​រវាងមន្ត្រី​របស់​​អាមេរិក​និង​ក្រុម​ឧទ្ទាម​តាលីបង់ មួយ​សប្តាហ៍​មកហើយ​នៅក្នុង​ប្រទេស​កាតារ។​ នេះបើ​តាម​ការ​ចេញផ្សាយ​បញ្ជាក់​របស់​សារព័ត៌មាន​​ក្នុង​ស្រុក​អាមេរិក ​ ​ដូច​ជា ទូរទស្សន៍​CNN និង​ NBC ជាដើម ដែលចុះផ្សាយ​ចុង​សប្តាហ៍​កន្លងទៅនេះ។ 

ផ្សាយពាណិជ្ជកម្ម

បណ្តាញ​ទូរទស្សន៍​អាមេរិក NBCបាន​ប្រភព​ពី​អ្នក​ទទួល​ខុស​ត្រូវ​មន្ត្រី​យោធា​អាមេរិក​ បីនាក់ ដែល​បញ្ចាក់​ថា រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ ពិត​ជា​មាន​ចេតនា​ច្បាស់​លាស់ ក្នុង​ការ​ប្រកាស​ដកទ័ព​ ចំនួន​៤ពាន់​នាក់​ ចេញពី​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន។​ ក្នុង​ចំណោម​ប្រភពទាំង​​បីនាក់ មាន​ពីរនាក់​លើកឡើង​ថា កង​ទ័ពអាមេរិក​នៅ​អាហ្វាហ្គានីស្ថាន ផ្នែក​​ខ្លះ គឺនឹង​ត្រូវ​ដាក់​ពង្រាយ​យ៉ាង​ឆាប់​រហ័ស លឿន​ជាង​ការ​គ្រោងទុក។ ហើយ​កងទ័ព​មួយ​ចំនួន​ទៀត គឺនឹង​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ​នោះទេ ពួក​គេ​ធ្វើ​​បេសកម្ម​ចប់​ហើយ​គឺ​ដាច់​អាណត្តិ​ហើយ​ មិន​បន្ត​ទៀតទេ​។

ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង​បាន​ផ្ញើ​សំណួរ​ជាច្រើនទៅ​មន្ទីរបញ្ចកោណ ដើម្បីបាន​សេចក្តីបញ្ជាក់​ឱ្យ​ពី​ដំណើរ​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វាហ្គានីស្ថាន​នេះ  ក៏ប៉ុន្តែ​​មន្ទីរ​រដ្ឋាភិបាល​អាមេរិក​ បាន​បញ្ចូន​សំណួរ​បន្តទៅ​កាន់​ ​​វិមាន​ប្រធានាធិបតីអាមេរិក ហើយ​ទីបំផុត ​សេតវិមាន​ មិន​ធ្វើ​អធិប្បាយ​នោះឡើយ។

ចំណែក ទូរទស្សន៍ CNN បាន​ផ្សាយ​ដំណឹង​ពី​ដំណើរការដកកងទ័ពទាហានអាមេរិកនេះ ដោ​យ​បាន​ស្រង់ប្រភព​ពី​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់ទៀត ​ក្នុងជួរ​​រដ្ឋបាល​អាមេរិក។ មន្ត្រីនោះ​​​បញ្ជាក់​ថា «ការប្រកាសព័ត៌មាន​ជា​ផ្លូវការ អាច​នឹងត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​ តែ​ពេល​វេលា​ប្រកាសនេះ ​ក៏​វា​អាច​ប្រួល​ប្រែបត់បែន​ ក៏​អាច​ថា​បា​ន​»។​

ទោះយ៉ាងនេះក្តី គោល​នយោបាយ​ដកកងទ័ព​អាមេរិក​ចេញពី​ជម្លោះ​នៅ​ក្រៅប្រ​ទេស គឺ​ជាការ​សន្យា​របស់​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ជាយូរមកហើយ​។ ដូច​គេ​ឃើញ​នឹង​ភ្នែក​ស្រាប់​ កន្លងមក លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ពីការ​ដកទ័ពអាមេរិក​ចេញ​​ពីភាគ​ខាងជើង​ស៊ីរី​ បាន​បង្ក​ឱ្យ​ផ្អើ​ល​ពិភព​លោក​​ និងនាំ​ឱ្យ​ទាហាន​របស់​តួកគី ​បា​នដៃ​ វាយ​សង្គ្រប់​ទៅ​លើ​ក្រុម​គួកឌីស្ថាន​ ស្លាប់​មនុស្ស​ជាច្រើន​នាក់​។

គួរ​ជ្រាប​ថា ​អន្តរាគមន៍​របស់​អាមេរិក​នៅលើ​ទឹក​ដីអាហ្វហ្គានីស្ថាន គឺ​មាន​រយៈ​ពេល​១៨ឆ្នាំ​មកហើយ ​គិត​ចាប់តាំងពីព្រឹត្តិការណ៍​​ភេរវកម្ម​ថ្ងៃទី​១១កញ្ញា​២០០១ នៅ​ក្រុង​ញូវយក់។ សព្វថ្ងៃនេះ ទាហាន​អាមេរិក​ មាន​ប្រមាណ​ ១ម៉ឺន​៣ពាន់​នាក់ ​ដែល​ឈរជើង​នៅលើទឹកដី ​អាហ្វហ្គានីស្ថាន។ អាហ្វហ្គានីស្ថាន បាន​​ញាំញី​ដោយ​ភ្នក់ភ្លើង​សង្គ្រាម ជាច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ។​ ពោលគឺ​ផុត​ពី​សង្គ្រាម​របស់​សហភាព​សូវៀត​មិន​ទាន់បាន​សន្តិភាព​​បាន​ស្រួល​បួល​ផង​ ក៏ត្រូវ​រង​គ្រោះជា​បន្តទៀត ដោយ​អន្តរាគមន៍​យោធា​របស់​អាមេរិក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI