ប្រមុខការទូតអាមេរិក Pompeo ធ្វើទស្សនកិច្ចលើកទី១ នៅអាហ្វ្រិក
ចុះផ្សាយនៅថ្ងៃ៖
ចាប់ពីថ្ងៃសៅរ៍ទី១៥កុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានចាប់ផ្តើមទស្សនកិច្ចផ្លូវការ នៅតំបន់អាហ្វ្រិក។ នេះជាលើកទី១របស់ប្រមុខការទូតអាមេរិក ចាប់តាំងពីលោកបានចូលកាន់តំណែងជិត២ឆ្នាំមក។ អាហ្វ្រិកជាតំបន់ក្តៅ និងរឹតតែក្តៅខ្លាំងសម្រាប់ទំនាក់ទំនងទូតរវាងអាមេរិកនិងអាហ្វ្រិក ហើយកម្តៅចំណងការទូត ហាក់កាន់តែឆេះខ្លាំង គឺបន្ទាន់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ បានប្រមាថប្រទេសមួយចំនួននៅអាហ្វ្រិកថាជា«លាមក»។ ២ឆ្នាំចុងក្រោយ ស្លាកស្នាមនៃការប្រមាថ ហាក់មិនទាន់រលំបាត់ពីសតិអារម្មណ៍នៃថ្នាក់ដឹកនាំប្រទេសអាហ្វ្រិកនៅឡើយទេ។ ដូច្នេះហើយ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការបរទេសអាមេរិកនៅប្រទេសក្នុងអាហ្វ្រិកលើកនេះ គឺលោក Mike Pompeo សង្ឃឹមថា នឹងអាចស្តារទំនាក់ទំនងបានខ្លះមកវិញ។
សេណេហ្កាល់ ជាប្រទេសអាហ្វ្រិកទី១ ដែលលោក Mike Pompeo ចុះចតជាលើកដំបូងបំផុត ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ នៅរដ្ឋធានីដាការ លោកចំណាយពេលពីរថ្ងៃសៅរអាទិត្យនេះ ដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសេណេហ្គាល ដ្បិតជាឱកាសបុណ្យខួប៦០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ ចេញពីសេណេហ្កាល់ លោក Pompeo នឹងបន្តទៅប្រទេសអង់ហ្គោឡានិង អេត្បូពី រហូតដល់ថ្ងៃទី១៩កុម្ភៈសប្តាហ៍ក្រោយ។ តាមគម្រោង ប្រមុខការទូតអាមេរិក នឹងលើកឡើងពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ប្រជាធិបតេយ្យ និងសំណុំរឿងពុករលួយ។
នៅលើផ្នែកសន្តិសុខ ទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកនេះ ចំពេលដែលអាហ្វ្រិកមានក្តីបារម្ភថា មន្ទីរបញ្ចកោណអាមេរិកនឹងផ្តាច់ជំនួយផ្នែកយោធា ឬដកការឧបត្ថម្ភដល់ប្រតិបត្តិការប្រឆាំងភេវរកម្ម ក្នុងតំបន់សាហ៊ែល។
នៅលើទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសមួយចំនួននៅអាហ្វ្រិក ហាក់រកស៊ីចូលដៃ ស្ទើរតែក្លាយជាដែនយុទ្ធសាស្ត្រសេដ្ឋកិច្ច របស់ចិន បាត់ទៅហើយ។ ឧទាហរណ៍ជាក់ស្តែង អង់ហ្គោឡា បានត្រូវចិនវិនិយោគរាប់សិបលានដុល្លារ ហើយជាថ្នូរមកវិញ ចិនបូមយកប្រេងពីប្រទេសនេះ។ លោក Pompeo ជ្រើសរើសប្រទេសបីខាងលើ សម្រាប់ដំណើរទស្សនកិច្ចលើកនេះ ក៏ដោយសារតែលោកយល់ថា រដ្ឋទាំងបី ជាតំបន់យុទ្ធសាស្ត្រសំខាន់ ដែលរួមចំណែកខ្លាំងក្នុងស្ថិរភាពរបស់តំបន់អាហ្រ្វិក ពិសេសទៅលើទិដ្ឋភាពសេដ្ឋកិច្ចតែម្តង។
នៅពេលនេះ សហរដ្ឋអាមេរិកហាក់បានភ្លឺភ្នែកច្បាស់។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានដឹងយ៉ាងច្បាស់ថា អាហ្វ្រិកជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ច ដោយសារប្រជាពលរដ្ឋតំបន់អាហ្វ្រិក នឹងកើនឡើងពីរដង នៅឆ្នាំ២០៥០ ពិសេសយុវជនអាហ្វ្រិកនឹងរួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ហេតុនេះ ចាប់ពីដើមឆ្នាំ២០២០ អាមេរិក បានប្តូរយុទ្ធសាស្ត្រ និងងាកមើលប្រយោជន៍ពីអាហ្វ្រិកកាន់តែខ្លាំង ដោយបានបញ្ជូនក្រុមហ៊ុនអាមេរិកជាង៤០ ទៅតាំងទីនៅសេណេហ្កាល់។ ក្រុមហ៊ុនអាមេរិកថ្មីៗ ភាគច្រើនរកស៊ីខាងប្រេង ក៏បានរុលទៅអាហ្វ្រិកជាបន្តបន្ទាប់ដែរ។
ទោះយ៉ាងនេះក្តី សាស្ត្រាចារ្យ Ahmadou Aly Mbaye នៅសាកលវិទ្យាល័យ Cheikh Anta Dio នៅក្រុងដាការ យល់ឃើញថា «សហរដ្ឋអាមេរិកហាក់ដូចជាខ្វះយុទ្ធសាស្ត្រនយោបាយនៅអាហ្វ្រិក ហើយសហរដ្ឋអាមេរិកបាត់មុខពីអាហ្វ្រិកយូរពេក ដូច្នេះដំណើរទស្សនកិច្ចរបស់លោក Pompeo លើកនេះ ក្នុងប្រទេសពីរបី នៅទ្វីបអាហ្វ្រិកមួយដ៏ធំ ទំនងជាមិនសូវបានផលប្រយោជន៍ច្រើនប៉ុន្មានទេ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ