អាមេរិក-ចិន

អាមេរិក​អំពាវនាវ​ចិន​ឲ្យ​គោរព​ច្បាប់សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ

លោក​ហ្សាកូប លី (រូបឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក និង​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន
លោក​ហ្សាកូប លី (រូបឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក និង​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន REUTERS/Feng Li/Pool

លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ហ្សាកូប លី​នឹង​ជួយ​លើក​ទឹកចិត្ត​ប្រទេស​ចិន​ឲ្យ​គោរព​ត្រឹមត្រូវ​នូវ​ច្បាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ។ លោក​ហ្សាបកូប​គ្រោង​នឹង​លើក​អនុសាសន៍​នេះ​ទៅ​និយាយ​ជាមួយ​ចិន​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉េកំាង​នៅ​ថ្ងៃ​ខាង​មុខ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​របស់​ក្រសួង។

ផ្សាយពាណិជ្ជកម្ម

 

« អាទិភាព​របស់​យើង​គឺ​នៅ​តែ​បន្ត​ជួយ​លើក​ទឹកចិត្ត​ចិន​ឲ្យ​បន្ត​កំណើន​សេដ្ឋកិច្ច​ដែល​ចិន​មាន​ជា​ហូរហែ​កន្លង​មក តែ​ត្រូវ​ឲ្យ​មាន​លក្ខណៈ​សមភាព និង​ការ​គោរព​ច្បាប់​អន្តរជាតិ » នេះ​ជា​ការ​បញ្ជាក់​របស់​មន្រ្តីជាន់ខ្ពស់​សេដ្ឋកិច្ច​អាមេរិក​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ។ ការ​ថ្លែង​របស់​មន្រ្តីជាន់ខ្ពស់​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​ដំណើរ​ទស្សនកិច្ច​របស់​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ហ្សាកូប លី​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​អាទិត្យ ទី១១ ឧសភា។ គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៣ តំាង​ពី​លោក​ហ្សាកូប​បាន​ទទួល​តំណែង​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១៣។

នៅ​ក្នុង​ប្រទេស​ចិន លោក​ហ្សាកូប លី​នឹង​លើក​យក​ប្រធានរឿង​ជា​ច្រើន​ទៅ​និយាយ​ជាមួយ​ភាគី​ចិន​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទំាង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​មាន​លក្ខណៈ​សមភាព និង​យុត្តិធម៌។ សូម​ជម្រាប​ជូន​ថា ជា​រឿយៗ ទីក្រុង​វ៉ាស៊ីនតោន​តែង​តែ​បាន​ចោទ​ទីក្រុង​ប៉េកំាង​ពី​បទ​បាន​បញ្ចុះ​តម្លៃ​អត្រា​ប្តូរ​ប្រាក់យ័ន​របស់​ខ្លួន​ធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក​ដើម្បី​បង្កើន​ការ​នំា​ចេញ។ ទីក្រុង​វ៉ាស៊ីតោន​បាន​ចាត់​ទុក​នយោបាយ​របស់​ទីក្រុង​ប៉េកំាង​របៀប​នេះ​ថា ជា​ការ​ប្រកួតប្រជែង​មិន​ស្មើភាព។

មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា នយោបាយ​ប្តូរប្រាក់​របស់​ចិន គឺ​ជា​ប្រធានរឿង​មួយ​យ៉ាង​សំខាន់​សម្រាប់​អាមេរិក និង​បាន​អំពាវនាវ​ចិន​កុំ​ឲ្យ​លូកដៃ​ចូល​អន្តរាគមន៍ ដោយ​ទុក​ឲ្យ​តម្លៃ​ប្រាក់យ័ន​ប្រែប្រួល​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ។ នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​ទូរទស្សន៍ Bloomberg នា​យប់​ថ្ងៃ​សុក្រ ទី៩ ឧសភា លោក​ហ្សាកូប លី​ក៏​បាន​អះអាង​ថា លោក​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​អត្រា​ប្តូរប្រាក់​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ដោយឡែក ធនាគារពិភពលោក​ទើប​បាន​បង្ហើប​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា ចិន​អាច​នឹង​ដំណ្តើម​យក​កន្លែង​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ ក្នុង​ឆ្នំា ២០១៤ នេះ។ តែ​មន្រ្តីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​អះអាង​ថា អាមេរិក​មិន​បារម្ភ​ចំពោះ​រឿង​ចិន​យក​ចំណាត់ថ្នាក់​ទី១ របស់​ខ្លួន​ទេ និង​ថា បើ​គេ​ពិនិត្យមើល​លើ​តួលេខ​ផលិតកម្ម​សរុប និង​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ អាមេរិក​នៅ​តែ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ ក្នុង​លោក​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI