ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​​​ស្ថិតក្នុង​ភាពតានតឹង​​ ក្រោយ​ការ​ផ្ទុះគ្រាប់បែក​​ និង​ការ​​វាយប្រហារ​​ដោយ​កាំបិត​

សំឡេង ០៤:៣៨
ប៉ូលិស​នៅ​ជិតកន្លែងផ្ទុះគ្រាប់ នៅ​​សង្កាត់​Chelsea ក្រុងញូវយក​ ថ្ងៃ១៨កញ្ញា ២០១៦។
ប៉ូលិស​នៅ​ជិតកន្លែងផ្ទុះគ្រាប់ នៅ​​សង្កាត់​Chelsea ក្រុងញូវយក​ ថ្ងៃ១៨កញ្ញា ២០១៦។ REUTERS/Rashid Umar Abbasi

ក្រោយ​មាន​ការវាយប្រហារ​ដោយកាំបិត​នៅ​រដ្ឋ Minnesota និង​ការ​ផ្ទុះ​គ្រាប់បែក​នៅរដ្ឋ​​​ញូវយក និងញូវចឺសី សហរដ្ឋ​អាមេរិក គ្រឿងផ្ទុះ​៥ត្រូវបាន​គេរកក្បែរក្រុង​ញូវយក។ ​​​ចៅហ្វាយ​ក្រុង​អេលីហ្សាបេត នៅ​រដ្ឋញូវចឺសី ប្រាប់​​​ថ្ងៃចន្ទ​នេះថា មាន​គ្រឿងផ្ទុះជាច្រើន​​​ត្រូវបាន​គេដាក់​ក្នុង​​​កាបូប​ស្ពាយ​ខ្នងមួយ ចោល​​នៅ​ស្ថានីយរថភ្លើង​​ក្រុងElizabeth អេលីហ្សាបេត ។  ស្ថានីយ​អេលីហ្សាបេត​បាន​បិទទ្វារ​ ដំណើរការ​រថភ្លើង​បានជួបភាព​រអាក់រអួល​នៅNew Jersey។ ម្សិលមិញ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ទទួលខុសត្រូវ​​ការវាយប្រហារ​ដោយ​កាំបិត ​ នៅ​រដ្ឋមីណេសូតា ដែល​បាន​បង្ក​អោយ​មនុស្ស​របួស​៩នាក់។

ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្កេត​បន្ត​រក​មូលហេតុ​​នៃ​ ​ការ​វាយ​ប្រហារ​​ទាំង៣ កន្លែង​ កាលពី​ថ្ងៃសៅរ៍ ក្រែង​មាន​​ការ​ពាក់ព័ន្ធ​គ្នា​ជាមួយការប៉ុនប៉ង​វាយប្រហារ​​នៅតាម​កន្លែងដែលគេ​រកឃើញ​គ្រឿងផ្ទុះ។ ​សារព័ត៌មាន​ផ្សេងៗ​ចុះផ្សាយ​ថា មាន​​មនុស្ស​៥នាក់​ត្រូវបាន​ចាប់ខ្លួន ម្សិលមិញ​នេះ ​នៅ​ញូវយក។ ​

ហេតុការណ៍​ទាំងនេះ​កើតឡើង ខណៈ​​​អង្គការ​សហប្រជាជាតិ​ត្រូវ​បើក​អង្គប្រជុំ​ប្រចាំឆ្នាំ​ ​នៅ​ញូវយក​ ស្តីពី​ជនភៀសខ្លួន នៅថ្ងៃចន្ទ​នេះ។ អាជ្ញាធរ​បាន​ពង្រាយបន្ថែម​​កងកម្លាំង​ការពារ​១០០០នាក់​ ​ សម្រាប់​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ។

ស្ថានភាព​តានតឹង ​អាជ្ញាធរ​ញូវយក​​ប្រុងប្រយ័ត្ន​នឹង​ការ​ប្រើពាក្យ”​ភេរវកម្ម”
អាជ្ញាធរ​ប្រកាស​តាម​រកបុរសម្នាក់ អាយុ​២៨ឆ្នាំ ឈ្មោះAhmad Khan Rahami ជាពលរដ្ឋ​អាមេរិក ​ដើមកំណើត​អាហ្វហ្កានីស្ថាន។ ប៉ូលិស​ចង់​​សួរចម្លើយជននេះ​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​នៅក្រុងញូវយក កាលពី​យប់ថ្ងៃសៅរ៍។ ​ចៅហ្វាយ​ក្រុងញូវយក លោក Bill De Blasio ប្រាប់ថា បុរស​នេះ​អាច​មានអាវុធ​ក្នុងដៃ ហើយ​គ្រោះថ្នាក់ណាស់។

ក្រុមប៉ូលិស​​មិនទាន់​មាន​ភស្តុតាង​ថា ​​ការវាយប្រហារ​ទាំង៣​ដែលកើតឡើង​ តែ​ក្នុង​ថ្ងៃសៅរ៍​តែមួយថ្ងៃនោះ អាច​ពាក់ព័ន្ធ​គ្នាទេ។ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​​បាន​ប្រកាស​ទទួលខុសត្រូវ​ការ​វាយប្រហារ​ដោយកាំបិត កាលពីថ្ងៃសៅរ៍ នៅ​រដ្ឋមីណេសូតា ភាគខាងជើង​។ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​តាម​ទីភ្នាក់ងារ​អាម៉ាក់ របស់​ខ្លួនថា ទាហាន​ជីហាត​ខ្លួន​​បានចាក់​មនុស្ស​​ ​នៅ​ផ្សារទំនើប​មួយ​ នៅ​រដ្ឋ​ញូវចឺសី​ ​កាលពីថ្ងៃសៅរ៍ ដើម្បី​តប​នឹង​ការអំពាវនាវ​អោយ​មានការ​​វាយ​ប្រហារ​​ទៅលើ​​ពលរដ្ឋ​បណ្តា​ប្រទេស​​សម្ព័ន្ធមិត្ត។ ក្រុមរដ្ឋ​អ៊ីស្លាម​ចង់សំដៅ​​ទៅលើ​សម្ព័ន្ធមិត្ត​ដែលកំពុង​វាយប្រហារ​ក្រុមខ្លួន​នៅដើមបូព៌ា​ បច្ចុប្បន្ន​។

ការវាយប្រហារ​នៅ​រដ្ឋមីណេសូតា​ បាន​កើតឡើង នៅ​ម៉ោង​៨យប់​ថ្ងៃសៅរ៍​កន្លងទៅ ​តែ​កន្លះ​ម៉ោង​ក្រោយ គឺ​ម៉ោង​៨កន្លះយប់ ស្រាប់តែ​មាន​ផ្ទុះ​គ្រាប់​នៅ​ម៉ាណាតាន់ ​ក្រុងញូវយក។ ហេតុការណ៍​ទាំង២ ខុសគ្នា​តែកន្លះម៉ោងមែន​ តែ​មិនអាច​ថា ការវាយប្រហារ​ជាប់​ពាក់ព័ន្ធ​គ្នាទេ ព្រោះ​ក្រុម​រដ្ឋអ៊ីស្លាម​​ប្រកាសទទួលខុសត្រូវ ​​តែ​លើ​ការវាយប្រហារ​ដោយកាំបិត​នៅ​រដ្ឋមីណេសូតា​ប៉ុណ្ណោះ។

ការផ្ទុះគ្រាប់​សង្កាត់​ឈែលស៊ី ​​ក្រុងញូវយក បានបង្ក​របួស​២៩នាក់។ ថ្ងៃអាទិត្យ​​ម្សិលមិញ ជនរងគ្រោះ​បាន​ចេញ​ពី​មន្ទីរពេទ្យ​អស់ហើយ។ ​​ចំណែកការផ្ទុះ​គ្រាប់បែក​នៅ​រដ្ឋញូវចឺសី​ ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​ញូវយក​វិញនោះ មិនបាន​បង្កអោយមាន​មនុស្ស​​របួស​ទេ។ ការដាក់​គ្រាប់បែក​នៅ​ញូវចឹសី​នេះ តាម​មើល​គឺ​ដើម្បី​វាយប្រហារ​ក្រុម​អ្នករត់​ប្រណាំង រាប់រយនាក់ តែ​ដោយសារ​ការចាប់ផ្តើម​​ប្រកួត​រត់​​មាន​ការ​​​យឺតយ៉ាវ គ្រាប់​ក៏​មិនបាន​ផ្ទុះ ចំ​អ្នកណា​ម្នាក់ដែរ។

ចំពេល​អាមេរិក​ជិតបោះឆ្នោត​​ប្រធានាធិបតី ដើមខែ​វិច្ឆិកា​ខាងមុខ ​​ហើយ​អាមេរិក​ក៏ទើប​ប្រារព្ធខួប​ភេរវកម្ម​ថ្ងៃ១១កញ្ញាឆ្នាំ២០០១ ​​ក្រុងញូវយកផង ​អាជ្ញាធរ​​​ប្រុង​ប្រយ័ត្ន​​មិនហ៊ាន​​ប្រើពាក្យថា ​ភេរវកម្ម​ទេ។ ភេរវកម្ម​ក្រុងញូវយក ឆ្នាំ២០០១ បាន​ដក់ជ្រៅ​ជាប់​ក្នុង​ចិត្ត​ប្រជាជន​អាមេរិក​មិន​ងាយជ្រះទេ បើ​ប្រើពាក្យថា ​អាមេរិក​រងភេរវកម្ម​ពេលនេះទៀត គឺកាន់តែ​បំភ័យ​​មនុស្ស និង​បង្កើន​ភាព​តានតឹង​​​ក្នុងស្រុ​កកាន់តែធ្ងន់។ ​

ក្រោយ​ភេរវកម្ម​១១កញ្ញា​២០០១ អាមេរិ​កបាន​ពង្រឹងសន្តិសុខ​ខ្ពស់ ជាប្រចាំ ​ពិសេស​នៅ​ក្រុង​ញូវយក​​នេះតែម្តង សន្តិសុខ​តឺងតែង​ណាស់។ ម្ល៉ោះហើយ ​ចៅហ្វាយ​ក្រុងញូវយក​ លោក​បៀល ដឺ ប្លាស្យូ ​បដិសេធ​ប្រើ​ពាក្យ​ថា ភេរវកម្មផ្តេសផ្តាស។ ​ ​ចំណែក​លោក​Andrew Cuomo ​ជា​​អភិបាល​រដ្ឋ​ញូវយក​វិញ ព្យាយាម​​អះអាង​ថា ការផ្ទុះ​នៅញូវយក​ ​​គ្មានពាក់ព័ន្ធ​ជាមួយ​បណ្តាញ​ភេរវកម្ម​អន្តរជាតិ​​ទេ។ ​តែ​អភិបាល​រដ្ឋញូវយក​ក៏​ហ៊ាននិយាយ​ដាច់ម៉ាត់ពេកដែរ។ លោក​គូម៉ូ​លើកឡើងថា ដោយសារ​មាន​គ្រាប់បែក​មួយគ្រាប់​ទៅហើយ គឺ​ពិតជា​មាន​ទង្វើ​ភេរវកម្ម​ច្បាស់ហើយ។

ស្ថានភាពពេលនេះ​តានតឹង​ណាស់ ក្រោយ​មានការផ្ទុះ​នៅ​ម៉ាណាតាន់ នៅ​ជិតកន្លែង​ផ្ទុះ​នេះ​ ប៉ូលិស​បានរកឃើញ​គ្រាប់​បែកច្នៃទី២ មួយគ្រាប់ទៀត ​តែ​គ្រាប់បែកច្នៃ​នេះ​មិនបានផ្ទុះទេ។ ​នៅ​ញូវ ចឺសី គេ​បានរកឃើញ​គ្រាប់បែក​ដៃ​៣គ្រាប់ទៀត ដែល​មិនបាន​ផ្ទុះ​ដូចគ្នាដែរ។
យោងតាម​​ទូរទស្សន៍​ស៊ីអិនអិន ក្នុង​​រូបភាព​វីដេអូ​របស់​អាជ្ញាធរ​បង្ហាញថា ​ គេឃើញ​បុរស​ម្នាក់​បានស្ថិត​នៅ​កន្លែង​ផ្ទុះគ្រាប់នៅ​ម៉ាណាតាន់។ តែ​គេឃើញ​រូបគាត់ដដែល នៅ​កន្លែង​ដែល​មានគ្រាប់បែកទី២​ដែល​មិនបាន​ផ្ទុះនេះ។

​ជនដៃដល់​ដែល​ចាក់​មនុស្ស​នៅ​រដ្ឋមីណេសូតា​​ មាន​ដើមកំណើត​មកពី​ប្រទេស​​សូម៉ាលី ​ជានិស្សិត​ទើបមាន​អាយុ​​២២ឆ្នាំប៉ុណ្ណោះ។ ជនរូបនេះ​ធ្លាប់​បង្ក​បទល្មើស​​បើកបរ​​​តូចតាច មិនដែល​បង្ក​បទឧក្រិដ្ឋ ​ធ្ងន់ធ្ងរ​ពីមុនមកទេ តែ​នៅតែ​អាច​ក្លាយជា​ទាហាន​ជីហាត ដែល​សម្លាប់​មនុស្ស​បាន។ ហេតុនេះ​ ​ ទើប​អាជ្ញាធរ​មិនហ៊ា​នប្រើពាក្យ​ភេរវកម្ម​ផ្តេសផ្តាស​តាំងពីដំបូង​ទី។

ក្រៅពី​​ការ​វាយ​ប្រហារ​នៅ​រដ្ឋមីណេសូតា​ ដែល​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ប្រកាស​ទទួលខុសត្រូវ​នេះ ​ក្រុមរដ្ឋ​អ៊ីស្លាម​ក៏​ធ្លាប់​ប្រកាស​ទទួលខុសត្រូវ ​ចំពោះការ​វាយប្រហារ​នៅ​អរឡង់ដូ រដ្ឋ​ផ្លរីត ​សម្លាប់​មនុស្ស​៤៩នាក់ កាលពី​ខែ​មិថុនា។ កាលពី​ខែធ្នូ​ចុងឆ្នាំមុន ក៏​មាន​ការវាយប្រហារ​ដោយ​​ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅ​រដ្ឋកាលីហ្វនី​ សម្លាប់​មនុស្ស​១៤នាក់។ តែ​កាលនោះ ក្រុម​រដ្ឋអ៊ីស្លាម​មិនបាន​ប្រកាស​ទទួល​ខុសត្រូវ​ទេ គ្រាន់តែ​អបអរ​សាទរ​​ប៉ុណ្ណោះ។ ​

បេក្ខជន​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ និង​​ ហ៊ីលឡារី គ្លីនតុន អាច​យកចំណេញ​ពី​ស្ថានការណ៍​សន្តិសុខ សម្រាប់​​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​ 

ក្រោយ​ពេល​មាន​ហេតុការណ៍​កើតឡើង​ភ្លាមៗ បេក្ខជន​ប្រធានាធិបតី​​ទាំង២​ បាន​បញ្ចេញ​ប្រតិកម្ម​ឡើងភ្លាមៗ​ដែរ។ ​លោកដូណាល់ ​​ត្រាំ​រហ័ស​ជាងគេ ក្នុង​ការបញ្ចេញ​ប្រតិកម្ម បានលើកឡើង​ថា យើង​​​ត្រូវតែ​តឹងតែង​អោយមែនទែន​។ លោក​ត្រាំ​​ចង់​សំដៅ​ន័យថា មិនត្រូវ​ធូររលុង​​ រឺអនុគ្រោះ​ការវាយប្រហារ​ទាំងនេះ​ទេ។

ចំណែក​លោកស្រី​គ្លីនតុន​វិញ បាន​ថ្កោលទោស​ទង្វើ​ទាំងអស់នេះ ហើយ​បានឆ្លៀត​អួត​រំលឹក​នយោបាយ​​សន្តិសុខលោកស្រី​ ថាលោកស្រី​មាន​ផែនការ​កំទេច​ក្រុមរដ្ឋអ៊ីស្លាម​ និង​ក្រុមភេរវជន​​ផ្សេងៗទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI