ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បេក្ខជន​ប្រធានាធិបតី​​អាមេរិក​​ត្រៀម​ខ្លួន​​បើក​ឆាក​​កម្មវិធី​​​ពិភាក្សា​​ទល់​មុខ​​គ្នា​​

សំឡេង ០៤:១៣
បេក្ខជន​ប្រធានាធិបតី​អាមេរិក លោកស្រី​គ្លីនតុន និង​លោក​ត្រាំ
បេក្ខជន​ប្រធានាធិបតី​អាមេរិក លោកស្រី​គ្លីនតុន និង​លោក​ត្រាំ REUTERS/Lucy Nicholson (L) and Jim Urquhart

នៅ​សល់​តែ​​៧​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​ដើម្បី​ជំនួស​លោក​ បារ៉ាក់ អូបាម៉ា។ បេក្ខជន​ប្រធានាធិបតី​អាមេរិក​ គឺ​លោកស្រី​ Hillary Clinton តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ Donald Trump ​មកពី​គណបក្ស​សាធារណរដ្ឋ​នឹង​ចូលរួម​ក្នុង​កម្មវិធី​ពិភាក្សា​ទល់​មុខ​គ្នា​ជា​លើក​ដំបូង។​ ការ​ជជែក​ដេញ​ដោល​គ្នា​នេះ​នឹងប្រព្រឹត្ត​ទៅ​​នាថ្ងៃ​ច័ន្ទ​ ទី​២៦ កញ្ញា​ វេលា​ម៉ោង​៩​ ល្ងាច (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក) ដែល​ត្រូវ​ជា​ម៉ោង​ ៩ ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ (ម៉ោង​នៅ​ទីក្រុងភ្នំពេញ)។​ ​ការ​ជជែក​តទល់​គ្នា​នេះ​នឹង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ ដោយ​គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​រាប់លាននាក់​​តាម​ដាន។ 

ផ្សាយពាណិជ្ជកម្ម

កិច្ច​ពិភាក្សា​ទល់​មុខ​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ធំៗ​ទាំងពីរ​បាន​មក​ដល់​ហើយ។​ កិច្ច​ពិភាក្សា​បោះឆ្នោត​ប្រធានាធិបតី​នេះ​នឹង​ត្រូវ​ចាត់​ទុក​ជា​ប្រវត្តិសាស្រ្ត​នៃ​នយោបាយ​អាមេរិក។ ព្រោះ​ថា​កន្លង​មក​ ពុំ​ដែល​មាន​ស្រ្តី​ត្រូវ​បាន​ជ្រើស​តាំង​ជា​បេក្ខនារី​ប្រធានាធិបតី​​តំណាង​ឲ្យ​គណបក្ស​ណា​មួយ​ឡើយ។ ​

កិច្ច​ពិភាក្សា​បេក្ខជន​ប្រធានាធិបតី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​មក​ម្ល៉េះ។ ហើយ​ការ​រៀបចំ​ពិភាក្សា​បែប​នេះ​នា​រដូវ​កាល​បោះឆ្នោត​បាន​ក្លាយ​ទៅ​ជា​ប្រពៃណី​ទំនៀម​ទំលាប់​មួយ​ក្នុង​ការ​អនុវត្តន៍​លិទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​សង្គម​អាមេរិក។ បេក្ខជន​ប្រធានាធិបតី​នឹង​ជជែក​ដេញ​ដោល​គ្នា​លើ​ប្រធាន​បទ​សង្គម​សំខាន់ៗ។ ​ហើយ​នេះ​ក៏​ជា​ឱកាស​​ឲ្យ​អ្នក​បោះឆ្នោត​ឃើញ​សមត្ថភាព​របស់​បេក្ខជន​នោះ​ផងដែរ។

នៅ​សហរដ្ឋ​អាមេរិក​ គណៈកម្មការ​រៀបចំ​កិច្ច​ពិភាក្សា​បោះឆ្នោត​ប្រធានាធិបតី​ (Commission on Presidential Debates) គឺ​ស្ថាប័ន​មួយ​ទទួល​បន្ទុក​រៀបចំ​កិច្ច​ពិភាក្សា​នេះ។ ស្ថាប័ន​នេះ​ជា​អង្គការ​មិន​រក​ប្រាក់​កំរៃ​ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ។​ គណៈកម្មការ​នេះ​ទទួល​បាន​ថវិការ​ពី​បណ្តា​មូលនិធិ​ និង​ក្រុមហ៊ុន​ឯកជន​នានា ​ដើម្បី​ដំណើរ​ការ​សកម្មភាព​របស់​ខ្លួន។

បេសកកម្ម​ចម្បង​របស់​គណៈកម្មការ​រៀបចំ​កិច្ច​ពិភាក្សា​បោះឆ្នោត​ប្រធានាធិបតី​នេះ​ គឺ​រៀបចំ​ និង​ឧបត្ថម្ភ​ការ​ជជែក​ទល់​មុខ​គ្នា​របស់​បេក្ខជន​ប្រធានាធិបតី​ និង​អនុ​ប្រធានាធិបតី។​ ហើយ​គណៈកម្មការ​នេះ​ក៏​ដឹកនាំ​សកម្មភាព​ស្រាវជ្រាវ​ និង​ការ​អប់រំ​ផង​ដែរ​ទាក់​ទង​នឹង​កិច្ច​ពិភាក្សា​នយោបាយ​នេះ។ ចាប់​តាំង​ពី​ឆ្នាំ១៩៨៨ ម្ល៉េះ គណៈកម្មការ​នេះ​តែង​រៀបចំ​កិច្ចពិភាក្សា​ទល់​មុខ​គ្នា​នៅ​ពេល​រដូវ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

សំរាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ​ ​គណៈកម្មការ​បាន​សំរេច​រៀបចំ​កិច្ច​ពិភាក្សា​បេក្ខជន​ប្រធានាធិបតី​ចំនួន​ ៣ លើក។​ ចំណែក​ពិធីករ​ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​ដេញ​ដោល​គ្នា​នេះ​ត្រូវ​បាន​ជ្រើស​រើស​សំរិត​សំរាំង​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​មក​ម្ល៉េះ។​ កិច្ច​ពិភាក្សា​ទី​មួយ​ គឺ​នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ច័ន្ទ​ ទី​២៦​ កញ្ញា​នេះ​ ដោយ​មាន​លោក​ Lester Holt​​ ជា​ពិធីករ​សម្រប​សម្រួល។​ កិច្ច​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ Hofstra ក្នុង​ទីក្រុង​ Hampstead នៃ​រដ្ឋ​ញ៉ូវយក។

កម្មវិធី​នេះ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ម៉ោង​ ៩ ល្ងាច​ (ម៉ោង​នៅ​ប៉ែក​ខាង​កើត​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​ជា​ម៉ោង​ ៩​​ ព្រឹក​ថ្ងៃ​អង្គារ៍​នាទីក្រុង​ភ្នំពេញ)។ កិច្ច​ពិភាក្សា​មួយ​ទល់​នឹង​មួយ​នេះ​មាន​រយៈ​ពេល​ ៩០​ នាទី។ គេ​រំពឹង​ទុក​ថា​ សំរាប់​តែ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ មាន​ពលរដ្ឋ​អាមេរិក​ចន្លោះ​ពី ៧០​ ទៅ​១០០ លាន​នាក់​នឹង​តាម​ដាន​កិច្ច​ពិភាក្សា​នេះ​តាម​កញ្ចក់​ទូរទស្សន៍​។

លោក​ Lester Holt​ ដែល​ជា​អ្នក​បើក​កិច្ច​ពិភក្សា​តំបូង​នេះ​ គឺ​ជា​ពិធីករ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​ ​NBC ​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ល្ងាច​ (NBC Nightly News)។ គាត់​បាន​ចាប់​អាជីព​​អ្នក​សារព័ត៌មាន​តាំង​ពី​ឆ្នាំ​១៩៨១​មក​ម្ល៉េះ។​ សំរាប់​កិច្ច​ពិភាក្សា​នេះ​ លោក​ Lester Holt​ ​គ្រោង​សួរ​ទី​កាន់​បេក្ខជនម្នាក់ៗ​ ដោយ​សំណួរ​ទាំង​នោះ​ផ្តោត​លើ​ប្រធាន​បទ​ចំនួន​បី៖១)​ ទិសដៅ​ដើម្បី​តំរង់​សហរដ្ឋ​អាមេរិក​ ២)​ ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​ ៣)​ ការ​ធានា​សន្តិសុខ​ជូន​ពលរដ្ឋ​អាមេរិក។

ចំណែក​ការ​ជជែក​ដេញ​ដោល​គ្នាជា​លើក​ទីពីរ​រវាង​លោកស្រី​ Hillary Clinton និង​លោក​ Donald Trump ​នឹង​រៀបចំ​នា​ថ្ងៃ​ទី​ ៩​ តុលា​ ក្រោម​ការ​សម្រប​សម្រួល​របស់​ពិធីករ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោក​ Anderson Cooper។​ កិច្ច​ពិភាក្សា​ទីពីរ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាកល​វិទ្យាល័យ​វ៉ាស៊ីងតោន​ប្រចាំ​​ទីក្រុង​ Saint-Louis នៃ​រដ្ឋ​ Missouri។​ រីឯ​កិច្ច​ពិភាក្សា​ទី​បី​ចុង​ក្រោយ​គេ​ គឺ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៩​ តុលា​ខាង​មុខ​នេះ​នា​សាកល​វិទ្យាល័យ​ Nevada ក្នុង​ទីក្រុង​ឡាសវេហ្គាស​ នៃ​រដ្ឋ​ Nevada។ ​លោក​ Chris Wallace ពិធីករ​ប្រចាំ​សា្ថនីយ៍​ទូរទស្សន៍​ Fox News នឹង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​គ្នា​ចុង​ក្រោយ​នេះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The New York Times សំរាប់​កិច្ច​ពិភាក្សា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ​នេះ​ គណៈកម្មការ​រៀបចំ​កិច្ច​ពិភាក្សា​បោះឆ្នោត​ប្រធានាធិបតី​ (CPD) បាន​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ច​ពិភាក្សា​នេះ​ទទួល​ការ​សម្រប​សម្រួល​ពី​ពិធីករ​ ឬ​បុគ្គល​ល្បី​ឈ្មោះ​មក​ពី​មជ្ឈដ្ឋាន​ចំរុះ​ផ្សេងៗ​គ្នា។​ តួយ៉ាង​ដូច​ជា​លោក​ Lester Holt​ តំណាង​​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ ហើយ​លោក​ Anderson Cooper តំណាង​ឲ្យ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​។ សូម​បញ្ជាក់​ផងដែរ​ថា​ កិច្ច​ពិភាក្សា​បេក្ខជន​ប្រធានាធិបតី​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​សម្ពាភ​តឹងតែងមួយ​ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​រង​គ្រោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ញ៉ូវយក​ និង​រដ្ឋ​ New Jersey។ ហើយ​សហរដ្ឋ​អាមេរិក​ក៏កំពុង​ឈឺ​ក្បាល​ផងដែរ​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ភាព​រំជើប​រំជួល​ហឹង្សា​ដោយ​ហ្វូង​បាតុករ ដែល​កំពុង​តែ​កើត​ឡើង​នៅ​ទីក្រុង​ Charlotte នៃ​រដ្ឋ​ Caroline ខាង​ជើង។

ចំពោះ​កិច្ច​ពិភាក្សា​តំបូង​នេះ​ គេ​មិន​អាច​ទាយ​ទុក​មុន​ថា​តើ​លោកស្រី​ Hillary Clinton ឬ​លោក​ Donald Trump ​ជា​អ្នក​លេច​ធ្លោ​ជាង​គេ​ឈ្នះ​ការ​ជជែក​ដេញ​ដោល​គ្នា​ឡើយ។ តាម​ពិត​ទៅ​ កិច្ច​ពិភាក្សា​នេះ​នឹង​មិន​មាន​ឥទ្ធិពល​ឡើយ​ចំពោះ​ពលរដ្ឋ​អាមេរិក​ណា​ ដែល​បាន​គិត​ទុក​ជា​មុន​ហើយ​ថា​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ម្នាក់។​ កិច្ច​ពិភាក្សា​នេះ​គ្រាន់​តែ​ជា​ការ​ជួយ​ពង្រឹង​ការ​សំរេច​ចិត្ត​របស់​ពួក​គេ​ថែម​ទៀត​មួយ​កំរិត​ទៀត​ប៉ុណ្ណោះ។​

ផ្ទុយ​ទៅ​វិញ​ ការ​ជជែក​មួយ​ទល់​នឹង​មួយ​នេះ​នឹង​ជះ​ឥទ្ធិពល​ខ្លាំក្លា​ចំពោះ​ក្រុម​អ្នក​បោះឆ្នោត​ណា​ដែល​នៅ​ស្ទាក់​ស្ទើរ​ចិត្ត​មិន​ទាន់​ដឹង​ថា​នឹង​ឲ្យ​ឆ្នោត​ជូន​បេក្ខជន​ណា​ម្នាក់។ បើ​តាម​ការ​ស្ទង់​មតិ​របស់​ស្ថានីយ៍​ទូរទស្សន៍​ NBC ​បាន​ឲ្យ​ដឹង​ថា​ ​ចំនួន​អ្នក​ស្ទាក់​ស្ទើរ​កាន់​តែ​មាន​ច្រើន​សំរាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​នេះ​បើប្រៀប​ធៀប​កាលពី​បួន​ឆ្នាំ​មុន។ តួលេខ​បាន​បង្ហាញ​ថា​មាន​រហូត​ទៅ​ដល់​ ៩%​ នៃ​ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI