អាមេរិក​

កំនើន​ចំនួន​ការងារ​ធ្វើ​​នៅ​អាមេរិក​​ខែសីហា​ ថយចុះ​​ខុសពី​​ការរំពឹង​​របស់​ក្រុមជំនាញ​​

ប្រធានធនាគារ​កណ្តាល​អាមេរិក លោកស្រី​Janet Yellen
ប្រធានធនាគារ​កណ្តាល​អាមេរិក លោកស្រី​Janet Yellen REUTERS/Jonathan Ernst

សម្រាប់​ខែសីហា ​ចំនួន​ការងារ​ធ្វើ​នៅ​អាមេរិក​បានធ្លាក់ចុះ​មកនៅ​ត្រឹម​​១៥ម៉ឺន១ពាន់ការងារ ​ខុស​ពីការ​រំពឹងទុក​របស់ក្រុម​​អ្នកជំនាញ។ ក្រុមអ្នកជំនាញ​បានរំពឹង​កន្លងមក​ថា ចំនួន​​ការងារ​ខែសីហា​នេះ អាច​មានចំនូន​​ដល់​១៨ម៉ឺន។ យោងតា​មទិន្នន័យនេះ ​​​​ធនាគារ​កណ្តាល​អាមេរិក​ប្រហែល​​មិនដំឡើង​អត្រាការប្រាក់​នាំមុខទេ។​ 

ផ្សាយពាណិជ្ជកម្ម

យោងតាម​​មន្ទីរទទួលបន្ទុក​​ការងារ​​អាមេរិក​ ការ​បង្កើត​ការងារ​ធ្វើ​សម្រាប់ខែសីហា​កន្លងទៅ​ មាន​ចំនួន​​១សែន៥ម៉ឺន១ពាន់ គឺ​ខុសពី​ការរំពឹងទុក​របស់ក្រុម​​​ជំនាញ​សេដ្ឋកិច្ច។ កាលពីខែ​កក្កដា ចំនួន​ការងារ​មាន​ដល់ទៅ​២សែន៧ម៉ឺន៥ពាន់​ឯណោះ។ អត្រា​ជនគ្មានការងារធ្វើ​នៅតែ​មានកម្រិត​៤,៩ភាគរយ​ដដែល។ ​ក្រុមជំនាញធ្លាប់​​រំពឹងថា ការបង្កើត​​ការងារសម្រាប់​​ខែសីហា​កន្លងទៅ អាច​មាន​ដល់​១៨ម៉ឺន ហើយ​អត្រាជនគ្មានការងារធ្វើ អាចធ្លាក់​មកនៅ​​​៤,៨ភាគរយ។

​សេដ្ឋកិច្ច​អាមេរិក​បានបង្កើត​ចំនូនការងារ​ប្រមាណ​៥សែន៤ម៉ឺន៦ពាន់ ក្នុង​ខែ​មិថុនា និង​ខែកក្កដា។ ថ្ងៃ២០-២១កញ្ញា​ខាងមុខ​នេះ​ គណៈកម្មការ​នយោបាយ​រូបិយវត្ថុ​របស់​ធនាការ​កណ្តាល​អាមេរិក​នឹង​បើកកិច្ចប្រជុំ។

សប្តាហ៍មុន លោកស្រី​ចាណេត យេល្លេន ជាប្រធានធនាគារ​កណ្តាល​អាមេរិក បាន​លើកឡើង​ថា ​សេដ្ឋកិច្ច​អាមេរិក​កំពុង​ឈានជិតដល់​​ទិសដៅ​ខ្លួនហើយ នោះ​គឺការ​​បង្កើតការងារ​អតិបរមា និង​ស្ថិរភាព​តម្លៃទំនិញ។ ដូច្នេះ ​ធនាគារកណ្តាលអាមេរិក​អាច​នឹងដំឡើង​អត្រាការប្រាក់​នាំមុខ​របស់​ខ្លួន។ ​តែពេលនេះ ​ការចេញផ្សាយ​ថា ​ចំនួន​ការងារ​ធ្លាក់ចុះក្នុងខែសីហា​ បង្ហាញថា ​សេដ្ឋកិច្ច​មិនសូវ​ស្ទុះ​ទៅមុខ​ដូចការ​រំពឹងទុកទេ ដូច្នេះ ធនាគារ​កណ្តាល​អាច​​បន្ធូរបន្ថយ​នយោបាយ​រូបិយវត្ថុទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI