អាមេរិកបញ្ជូនទីប្រឹក្សាយោធា១៣០នាក់ទៅអ៊ីរ៉ាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ឆាក់ ហាហ្កែល រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រកាសនៅថ្ងៃយប់អង្គារ ទី១២ សីហា បញ្ជូនយោធាបន្ថែម ទៅកាន់ក្រុងអែរប៊ីល រដ្ឋធានីនៃតំបន់ស្វយ័តគៀរឌីស្តង់របស់អ៊ីរ៉ាក់។ មានជំនាញផ្នែកប្រឹក្សាស្ថានការណ៍ ក្រុមទាហានអាមេរិកទាំង១៣០នាក់ មានភារកិច្ចចុះទៅវាយតម្លៃឱ្យបានស៊ីជម្រៅ សេចក្តី ត្រូវការរបស់បណ្តាជនជាតិភាគតិចយ៉ាហ្ស៊ីឌី (Yazidi) ដែលពួកជីហាតអ៊ីស្លាមបណ្តេញតាមកាប់សម្លាប់។
ទីប្រឹក្សាយោធាប្រមាណ១៣០នាក់ បានទៅដល់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅថ្ងៃ អង្គារម្សិលមិញ បន្ទាប់ពីបានទទួលការអនុញ្ញាតពីប្រធានាធិបតីបារ៉ាក់អូបាម៉ាភ្លាម។ ក្រុមឯកទេសនេះ ត្រូវចុះទៅវាយតម្លៃ ឱ្យបានស៊ីជម្រៅ អំពីអ្វីដែលអាមេរិកគួរធ្វើដើម្បីជួយសង្គ្រោះអ៊ីរ៉ាក់ចេញពីវិបត្តិ ! គ្មានកាតព្វកិច្ចជាអ្នកប្រយុទ្ធលើសមរភូមិទេ ពីព្រោះអាមេរិកក្រោយពី ចាកចេញពីអ៊ីរ៉ាក់ គ្មានសោះឡើយចេតនាចង់វិលទៅដើរលើដានចាស់។
នេះជាយោធាក្រុមទីពីរហើយដែលអាមេរិកបានបញ្ជូនទៅធ្វើអ៊ីរ៉ាក់។ កាលពីខែមិថុនា លោកប្រធានាធិបតី អូបាម៉ា ក៏បានបញ្ជូនទីប្រឹក្សាយោធា ប្រមាណបីរយនាក់ ឱ្យទៅជួយពង្រឹងនិងសហការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធទប់ទល់ជាមួយពួកជីហាតរដ្ឋអ៊ីស្លាម។
ប៉ុន្តែបើតាមប្រភពមន្ទីរបញ្ចកោណសុំមិនបញ្ចេញឈ្មោះ ភារកិច្ចរបស់ទីប្រឹក្សាយោធានេះ គឺរៀបចំដាក់ផែនការជំនួយសង្គ្រោះជនជាតិយ៉ាហ្សេឌី បន្ថែមពីលើមនុស្សធម៌ដែលអាមេរិកកំពុងធ្វើបច្ចុប្បន្ន (ទម្លាក់ជំនួយស្បៀងអាហារ និងទឹក)។ យ៉ាហ្សេឌីស ជនជាតិភាគតិចនិយាយភាសាសគៀរឌីស្តង់ ដែលជាទិសដៅវាយប្រហារពីសំណាក់ពួកជីហាតអ៊ីស្លាម ត្រូវបង្ខំចិត្តរត់ចេញពីផ្ទះសម្បែងនិងនាំគ្នាទៅសំងំភៀសខ្លួនក្នុងតំបន់ភ្នំSinjar។ ពេលនេះទំនងធ្លាក់ក្នុងអន្ទាក់ ជាប់កុនព័ទ្ធដោយពួកជីហាតចេញមិនរួច។ ពួកជីហាតដែលមិនសំចៃនឹងកាប់សម្លាប់ ឬកប់ទាំងរស់ជនជាតិភាគតិចក្រុមនេះទេ នៅពេលវាយលុកចូលដល់។
ព័ត៌មាននេះអាចយកជាការណ៍បាន ដ្បិតនៅព្រឹកនេះ ប្រមុខការទូតអាមេរិក លោក ចន ឃែរី បានប្រកាសថាកំពុងសិក្សារកគ្រប់មធ្យោបាយជម្លៀសជាបន្ទាន់បណ្តាជនជាប់កុនក្នុងតំបន់ភ្នំភាគខាងជើងអ៊ីរ៉ាក់ ព្រោះពួកជីហាតរុលសំដៅទិសនោះ។ អ្នកឯកទេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបញ្ចេញសកម្មភាពបន្ទាន់ ទប់ស្កាត់គ្រោះប្រល័យពូជសាសន៍ លើពូជសាសន៍យ៉ាហ្សេឌីស ដែលមានគ្នាប្រមាណ៣៥០០០នាក់លាក់ខ្លួននៅតំបន់ភ្នំនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ