អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​ជួប​ករណី​បាញ់​រះ​សម្លាប់​​ជា​ថ្មី នៅ​ក្នុង​បន្ទាយ​ទាហាន

ច្រក​ចូល​មូលដ្ឋាន​ទ័ព​អាមេរិក Fort Hood
ច្រក​ចូល​មូលដ្ឋាន​ទ័ព​អាមេរិក Fort Hood REUTERS/Austin American-Statesman/Deborah Cannon
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

មាន​ការ​បាញ់​រះ​សម្លាប់​មនុស្ស​ទៀត​ហើយ នៅសហរដ្ឋ​អាមេរិក ! ទាហាន​ម្នាក់ មានបញ្ហា​ផ្លូវចិត្ត បាន​បាញ់​សម្លាប់​មិត្ត​រួម​អាវុធ​​​​បី​នាក់ កាលពីល្ងាច​ថ្ងៃពុធម្សិលមិញ​ មុន​បាញ់​សម្លាប់​ខ្លួន​ឯង នៅ​ក្នុង​បន្ទាយ​ Fort Hood នៃ​រដ្ឋ​តិចសាស់។ Fort Hood ជា​មូលដ្ឋាន​ទ័ព​ ដ៏​ធំ​ជាង​គេ​នៅ​អាមេរិក ​ធ្លាប់​ជួប​ប្រទះ​ហេតុ​ការណ៍​បាញ់​រះ​ដូច​គ្នា​នេះ កាលពី​ឆ្នាំ​២០០៩ ដែល​កាល​ណោះ បាន​បង្ក​ឱ្យ​មាន​ទាហាន​១៣​នាក់​ស្លាប់​។

ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​៣៤​ឆ្នាំ ​ ជា​ទាហាន​ធ្លាប់​ចុះ​ទៅ​សមរភូមិ​អ៊ីរ៉ាក់ ចំនួន​៤​ខែ កាលពី​ឆ្នាំ​២០១១ មានជំងឺ​ផ្លូវ​ចិត្ត​ និង​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ បាន​បាញ់​រះ​ រយៈពេល ប្រមាណ​ពី​១០ ទៅ​១៥​នាទី ក្នុង​អាគារពីរ​កន្លែង​​ផ្សេង​គ្នា។ ដំបូង​ឡើង​ទាហាន​អាមេរិក​រូប​នេះ បាន​ចូល​ទៅ​បាញ់​នៅ​ក្នុង​អាគារ​ការិយាល័យ​ពេទ្យ​ មុន​នឹង​​ចូល​ទៅ​បើក​ឡាន​បណ្តើរ​បាញ់​បណ្តើរ រួច​ចុះ​ចូល​ទៅ​ក្នុង​អាគារ​មួយ​ទៀត ប៉ុន្តែ​នៅ​ពេលប៉ូលិស​ចូល​បង្ក្រាប ខ្មាន់​កាំភ្លើង​ក៏​​បែរ​កាណុង​មក​សម្លាប់​ខ្លួនឯង។

 
មាន​ស្លាប់​សរុប​បួន​​នាក់ និង​របួស​១៦​នាក់ ក្នុង​នោះ​បួននាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង។ សម្រាប់​ពេល​នេះ គ្មាន​សញ្ញា​អ្វី​បញ្ជាក់​ថា​ជា​អំពើ​ភេរវកម្ម​ទេ ប៉ុន្តែ​មេ​បញ្ជាការ​​មិន​ច្រាន​ចោល​សម្មតិកម្ម​នេះ​ទាំង​ស្រុង​ដែរ។

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា បាន​សម្តែង​ភាព​ល្ហិត​ល្ហៃ​ នៅ​ពេលឃើញ​បញ្ហា​សន្តិសុខ​ក្នុង​បន្ទាយ​ត្រូវ​ចោទ​ឡើង​ជា​ថ្មី​ដូច្នេះ។ លោក​បាន​សន្យា​ធ្វើ​សង្កេត​ស៊ីជម្រៅ។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វិញ យល់​ថា​ពិត​ជា​មាន​អ្វី​​ដំណើរ​ការ​មិន​ស្រួល​ហើយ បាន​ជា​សោក​នាដកម្ម​អាច​កើត​ឡើង​បាន​ដូច្នេះ។

សូម​បញ្ជាក់​ថា​មូលដ្ឋាន​ទ័ព Fort Hood ជា​មូលដ្ឋាន​ដ៏​ធំ​ជា​ងគេ​បង្អស់​របស់​សហរដ្ឋ​អាមេរិក ! បន្ទាយ​នេះ មិន​អនុញ្ញាត​ឱ្យ​ទាហាន​​ក្នុង​បន្ទាយ​កាន់​អាវុធ​ទេ តាំង​ពី​ឆ្នាំ​២០០៩មក ឆ្នាំ​ដែល​មេ​បញ្ជាការជា​គ្រូពេទ្យ​ចិត្តសាស្ត្រ Nidal Hasan បាន​បាញ់​រះ​ សម្លាប់​​មនុស្ស​១៣​នាក់ និង​របួស​ជាង​៣០​នាក់។ អាវុធ ដែល​​ខ្មាញ់​កាំភ្លើងប្រើ​សម្រាប់​បាញ់​យប់​មិញ​នេះ ជា​កាំភ្លើង​ដៃ ពាក់កណ្តាល​ស្វ័យប្រវត្តិ ទិញ​ផ្ទាល់​ខ្លួន លួច​កាន់​ចូល​ដោយ​ខុស​ច្បាប់។ ​

ម្យ៉ាង​វិញ​ទៀត មូលដ្ឋាន​ទ័ព​នៅ​តិចសាស់​នេះ ជា​​ប្រភព​ផ្តល់​កម្លាំង​​យោធា និង​ទាហាន សម្រាប់​ចេញ​ធ្វើ​សង្គ្រាម​នៅ​បរទេស មាន​ជាអាទិ៍​​សង្គ្រាម​នៅ​វៀតណាម នៅ​អ៊ីរ៉ាក់ និង​នៅ​អាហ្វហ្កានិស្ថាន។ ទាហាន​ខ្លះ​ ក្រោយ​បញ្ចប់​បេសកកម្ម​ វិល​ត្រលប់​មក​ចូល​បន្ទាយ​វិញ ជាមួយ​នឹង​របួស​ផ្លូវចិត្ត ខូច​សតិ និងមាន​​ជំងឺ​បាក់​ស្បាត​ ព្រោះ​តែ​គ្មាន​ការ​យក​ចិត្ត​ទុក​​គិត​គូរ​ត្រឹម​ត្រូវ​លើ​ពួកគេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ