អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរអ៊ីរ៉ង់៖អាមេរិក​អាច​នឹង​ផ្អាក​ការ​ដាក់​ទ័ណ្ឌកម្មថ្មី​លើ​អ៊ីរ៉ង់

សំឡេង ០៥:២០
លោកស្រី Wendy Sherman
លោកស្រី Wendy Sherman

នៅ​សហរដ្ឋអាមេរិក លោកស្រី Wendy Sherman អ្នកចរចា​ភាគី​អាមេរិកំាង​បាន​ស្នើ​ឲ្យ​សភា​អាមេរិក​កាត់បន្ថយ និង​ព្យួរចោល​គម្រោង​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​ប្រទេស​អ៊ីរ៉ង់​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​កិច្ចចរចា ៦ភាគី​ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​កាល​ពី​ថ្ងៃទី១៥ និង ១៦ តុលា​កន្លង​មក និង​ត្រៀម​បើក​កិច្ចចរចា​ជាថ្មី​​នៅ​ថ្ងៃទី៧ និង៨ វិច្ឆិកា​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ ក្រុមប្រទេសសម្ព័ន្ធមិត្ត​អាមេរិក​នៅ​ដើមបូព៌ា​កំពុង​បារម្ភ​ពី​កាយវិការ​ទន់ជ្រាយ​របស់​លោក​អូបាម៉ា​នៅ​ចំពោះ​មុខ​វិបត្តិ​ស៊ីរី និង​វិបត្តិនុយក្លេអ៊ែរ​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​លោកស្រី Wendy បាន​ស្នើ​ឲ្យ​សភា​កាត់បន្ថយ ឬ​មួយ​ក៏​ផ្អាក​ការ​ដាក់ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ប្រឆំាង​នឹង​ប្រទេស​អ៊ីរ៉ង់​នោះ មក​ពី​លោកស្រី​ចង់​ទុក​ផ្លូវ​ចរចា​តាម​សន្តិវិធី ជា​ជាង​ការ​ប្រើ​ទ័ណ្ឌកម្ម​ដែល​នឹង​រឹតតែ​ធ្វើ​ឲ្យ​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​នេះ​កាន់តែ​ស្មុគស្មាញ​បន្ថែម​ទៀត និង​កាន់​តែ​អូសបន្លាយ។ ដូច​គេ​បាន​ដឹង​ហើយ​ថា តំាង​ពី​អ៊ីរ៉ង់​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក​ហាស់សាន រ៉ូហានី​មក ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​ក្រុមប្រទេស​លោកខាងលិច ពិសេស​អាមេរិក គឺ​មាន​ភាព​ធូរស្រាល​ច្រើន គឺ​មិន​តានតឹង​ដូច​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី Mahmoud Ahmadinejad ទេ។

ជាក់ស្តែង​នៅ​ក្នុង​ឱកាស​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថ្មីៗ​នេះ​ក្នុង​ទីក្រុង​ញូយ៉ក លោក​រ៉ូហានី​ត្រូវ​បាន​ថ្នាក់ដឹកនំា​ប្រទេស​លោកខាងលិច​ជា​ច្រើន​រូប​ទទួល​ជួប​សំណេះ​សំណាល ក្នុង​នោះ ក៏​មាន​ទំាង​ការ​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា​តាម​ទូរស័ព្ទ​ទៀត​ផង។ បន្ទាប់​មក ការ​បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​រហ័ស​របស់​រូប​លោក​រ៉ូហានី​ផ្ទាល់។ ទំាង​នេះ​មិន​ភ្លេច​ទេ អំពី​លទ្ធផល​ប្រកប​ដោយ​វិជ្ជមាន និង​មាន​លក្ខណៈ​ស្ថាបនា​នៃ​កិច្ចចរចា ៦ភាគី​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី១៥ និង ១៦ តុលា​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស និង​គម្រោង​បើក​កិច្ចចរចា​ជា​ថ្មី​នៅ​ថ្ងៃទី៧ និង​៨ វិច្ឆិកា​ខាង​មុខ។

គឺ​តាម​រយៈ​សញ្ញា​វិជ្ជមាន​ជា​ច្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ទំាង​អស់​នេះ​ហើយ​ដែល​លោកស្រី Wendy បាន​ស្នើ​ឲ្យ​សភា​អាមេរិក​ផ្អាក​មួយ​រយៈ​នូវ​ការ​ដាក់ទណ្ឌកម្ម​ថ្មី​ណា​មួយ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់។ បំណង​របស់​លោកស្រី Wendy គឺ​គេ​ត្រូវ​តែ​ជួយ​ផ្តល់​សន្ទុះ​នៅ​ក្នុង​កិច្ចចរចា ជាជាង​ពិចារណា​រឿង​ទ័ណ្ឌកម្មថ្មី។

តើ​សភា​អាមេរិក​អាច​នឹង​ផ្អាក​ការ​ដាក់ទ័ណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ជុំវិញ​រឿង​នុយក្លេអ៊ែរ​នេះ​ដែរ ឬ​ទេ?

នៅ​អាមេរិក​បច្ចុប្បន្ន អ្នក​ដែល​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា គឺ​គណបក្ស​សាធារណរដ្ឋ មិន​មែន​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​ទេ។ គឺ​មាន​តែ​នៅ​ព្រឹទ្ធសភា​ទេ ដែល​គណបក្ស​លោក​អូបាម៉ា​មាន​សម្លេង​ភាគ​ច្រើន។ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ សភា​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​តឹងរឹង​ដើម្បី​ដាក់​ទ័ណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​ក្នុង​វិស័យ​រថយន្ត។ គឺ​ជា​គម្រោង​ទ័ណ្ឌកម្ម​ថ្មី​មួយ​ដែល​ព្រឹទ្ធសភា​នឹង​ត្រូវ​ពិនិត្យ​មើល​នៅ​ថ្ងៃ​ខាង​មុខ។ តែ​ក្រុមអ្នកតំណាងរាស្រ្ត​អាមេរិកំាង​បាន​មើល​ឃើញ​សំណើ​របស់​លោកស្រី Wendy ថា ជា​សំណើ​មួយ​ដែល​ហាក់​ដូច​ជា​មាន​សុទិដ្ឋិនិយម​ជ្រុលពេក​ចំពោះ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

មាន​អ្នកតំណាងរាស្រ្ត​អាមេរិកំាង​ជា​ច្រើន​ដែល​ទទួល​បាន​ការ​លើកទឹកចិត្ត​ពី​ប្រទេស​អ៊ីស្រាអែល ហ្សកដានី និង​ឥឡូវ​នេះ ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទៀត​នោះ​បាន​យល់​ឃើញ​ថា អ្នក​ដែល​ត្រូវ​ធ្វើ​សម្បទាន​មុន​គេ​នៅ​ក្នុង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ គឺ​ប្រទេស​អ៊ីរ៉ង់​ខ្លួន​ឯង​តែ​ម្តង មិន​មែន​អាមេរិក ឬ​មួយ​ក៏​ប្រទេស​ណា​ផ្សេង​ទៀត​ទេ មាន​ន័យ​ថា អ៊ីរ៉ង់​ត្រូវ​តែ​បញ្ឈប់​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញូម​របស់​ខ្លួន​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

កាយវិការ​ទន់ជ្រាយ​របស់​លោក​អូបាម៉ា​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ព្រួយបារម្ភ

កាយវិការ​ការទូត​បើក​ចំហរ​របស់​លោក​អូបាម៉ា​ទៅ​រក​អ៊ីរ៉ង់ និង​ការ​ដែល​លោក​អូបាម៉ា​បាន​សម្រេច​មិន​វាយប្រហារ​ស៊ីរី​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​មួយ​ចំនួន​នៅ​ដើមបូព៌ា​គិត​ថា លោក​ប្រធានាធិបតី​អាមេរិក​ហាក់​ដូច​ជា​បាន​និង​កំពុង​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ពួក​គេ។

តាម​ពិត​ទៅ និង​អ្វី​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​បាន​ស្តី​បន្ទោស​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​នោះ គឺ​ភាព​អសមត្ថភាព និង​អាកប្បកិរិយា​ទន់ជ្រាយ​របស់​លោក​អូបាម៉ា​នៅ​ចំពោះ​មុខ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី។ ទំាង​នេះ​មិន​ភ្លេច​ទេ ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ប្រទេស​ដែល​បារម្ភ​ខ្លំាង​ជាង​គេ គឺ​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីស្រាអែល។ ក្នុង​សប្តាហ៍​នេះ ប្រមុខ​ក្រសួង​ស៊ើបការសម្ងាត់​អារ៉ាប៊ីសាអូឌីត​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមអ្នកការទូត​អឺរ៉ុប​ថា ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដក​ខ្លួន​ថយ​បន្តិច​ពី​សហរដ្ឋអាមេរិក ដោយសារ​តែ​លោក​អូបាម៉ា​លង់ស្នេហ៍​របស់​លោក​ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី និង​ការ​ដែល​លោក​អូបាម៉ា​មិន​វាយប្រហារ​ស៊ីរី ដោយ​ព្រម​ទទួល​យក​តាម​សំណើ​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​កម្ទេច​អាវុធគីមី​ស៊ីរី។

ថ្មីៗ​នេះ និង​ដើម្បី​សម្តែង​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន​ចំពោះ​រដ្ឋបាល​អាមេរិកំាង ប្រទេស​អារ៉ាប៊ីសាអូឌីត​ថែម​ទំាង​បាន​បដិសេធ​មិន​ទទួល​យក​អសនៈ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ខ្លួន​បាន​ទាមទារ​ចង់​បាន​អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ។ អ្នកវិភាគ​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ម្នាក់​បាន​អះអាង​ថា ទង្វើ​របស់​ទីក្រុង​រីយ៉ាដ​ដែល​មិន​ទទួល​យក​កៅអី​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពេល​នេះ គឺ​ជា​ទង្វើ​មួយ​ដែល​អារ៉ាប៊ីសាអូឌីត​ចង់​ដាក់​ស្មារតី​អាមេរិក​ឲ្យ​ភ្ញាក់​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ដើមបូព៌ា​តាម​វិធានការ​អនុវត្ត​ជាក់ស្តែង ពោល​មិន​មែន​និយាយ​តែ​មាត់​ទេ។

ចំពោះ​ប្រទេស​អ៊ីស្រាអែល​វិញ ក្តីបារម្ភ​របស់​អ៊ីស្រាអែល គឺ​ខ្លាច​តែ​លោក​អូបាម៉ា​ខ្វះ​សេចក្តី​ម៉ឺងម៉ាត់ និង​ដាច់ខាត​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។ អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​ជាមួយ​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ