សហរដ្ឋអាមេរិកប្រកាសលើកទ័ណ្ឌកម្មលើការនំាផលិតផលភូមាចូលអាមេរិក
សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងពីការលើកចេញវិញនូវទ័ណ្ឌកម្មលើការនំាផលិតផលភូមាចូលក្នុងទឹកដីអាមេរិកំាង។ ការអនុញ្ញាតឲ្យមានការនំាផលិតផលភូមាចូលអាមេរិកជាថ្មីនេះ គឺជាជំហានវិជ្ជមានមួយឆ្ពោះកាន់ភាពប្រក្រតីនៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងណៃពីដ៏។ ដំណឹងល្អនេះត្រូវបានប្រជាជនភូមាគ្រប់ស្រទាប់វណ្ណៈសម្តែងការសប្បាយរីករាយយ៉ាងខ្លំាង។
ចុះផ្សាយនៅថ្ងៃ៖
ដំណឹងនេះត្រូវបានលោកស្រីប្រមុខការទូតអាមេរិក ហ៊ីលឡារី គ្លីនតុន ជម្រាបប្រាប់លោកប្រធានាធិបតីភូមា ថេន សេន នៅក្នុងជំនួបមួយ ក្រៅក្របខណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក។ « រដ្ឋបាលអាមេរិកំាងនឹងផ្តើមលើកចេញវិញនូវការហាមឃាត់ ការនំាចូលផលិតផលភូមាទៅកាន់សហរដ្ឋអាមេរិក » នេះជាការថ្លែងរបស់លោកស្រី គ្លីនតុន ដែលបានទទួលស្គាល់ពីស្ថានការណ៍វិវត្តន៍ប្រកបដោយវិជ្ជមាននៅក្នុងប្រទេសភូមានារយៈពេលចុងក្រោយនេះ។ លោកស្រីគ្លីនតុនបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានបោះមួយជំហានថែមទៀតនៅក្នុងភាពប្រក្រតីនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងរ៉ង់ហ្គូន។ ជាការឆ្លើយតបវិញ លោកប្រធានាធិបតីភូមាថេន សេនបានសម្តែងការអរគុណចំពោះសហរដ្ឋអាមេរិក និងថា ប្រជាជនភូមាមានការពេញចិត្ត និងសប្បាយរីករាយយ៉ាងខ្លំាង។
សូមជម្រាបជូនថា ដោយបានមើលឃើញពីភាពស្មោះត្រង់របស់ថ្នាក់ដឹកនំាថ្មីនៅភូមាបច្ចុប្បន្ន អាមេរិកធ្លាប់បានលើកចេញកាលពីដំណាច់ខែកក្កដាកន្លងមកនូវទ័ណ្ឌកម្មមួយចំនួនពាក់ព័ន្ធនឹងវិនិយោគរបស់អាមេរិកក្នុងប្រទេសភូមា ពិសេសវិស័យឧស្ម័ន និងប្រេងឥន្ធនៈ។ បន្ទាប់មក ឈ្មោះលោក ថេន សេនក៏ត្រូវបានលប់ចេញពីបញ្ជីខ្មៅនៃឥស្សរជនដែលទទួលទ័ណ្ឌកម្ម។ ចំណែកឯកអគ្គរដ្ឋទូតអាមេរិកថ្មីក៏ត្រូវបានបញ្ជូនទៅប្រចំាការនៅក្នុងប្រទេសភូមា ដែលនេះ ជាលើកទីមួយគិតតំាងពី ២២ឆ្នំាកន្លងមក។ គួររំលឹកជូនថា នៅមុនទណ្ឌកម្ម អាមេរិកច្រើនទិញពីភូមានូវឈើ ត្បូងធម្មជាតិមានតម្លៃ និងសំលៀកបំពាក់។ ឥឡូវនេះ និងបើយោងតាមអ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការបរទេសអាមេរិក សភាអាមេរិកនឹងផ្តើមពិនិត្យមើលលើប្រភេទផលិតផលដែលនឹងត្រូវលើកទណ្ឌកម្មចេញវិញ។
យ៉ាងណាក៏ដោយ ដំណឹងល្អនេះបានបំផុសឲ្យមានសេចក្តីសោមនស្សយ៉ាងខ្លំាងពីសំណាក់ប្រជាជនភូមាទូទៅ ក្រោយពីសេដ្ឋកិច្ចរបស់ប្រទេសបានធ្លាក់ដល់កម្រិតសូន្យនៅក្នុងការកាន់អំណាចរបស់របបសឹកអស់រយៈពេល ៥០ឆ្នំា។ « ខ្ញុំបានរង់ចំាព្រឹត្តិការណ៍នេះ តំាងពីឆ្នំា ២០០៣ មកម្ល៉េះ » នេះជាការអះអាងរបស់លោក អ៊ុង វីន អនុប្រធានសមាគមផលិតករវាយនភណ្ឌ។ ងាកទៅមើលគណបក្សប្រឆំាងរបស់លោកស្រី អ៊ុង សានស៊ូជីវិញម្តង ក្រៅពីការសាទរ បក្សប្រឆំាងបានបញ្ជាក់ថា ប្រជាជនភូមានឹងមិនអាចទទួលបានផលភ្លាមៗពីការលើកទណ្ឌកម្មនោះទេ តែវាជារឿងល្អណាស់សម្រាប់ពេលអនាគត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ