អាមេរិក-រុស្ស៊ី-ស៊ីរី

អាមេរិក​ថា​រុស្ស៊ី​ក្រឡាស់សម្តី​ធ្វើឲ្យ​ការចរចា​លើ​សំណុំរឿង​ស៊ីរី​មិនទទួល​ជោគជ័យ

ជនស៊ីវិល​ប្រមាណ​ជា ១,៥លាន​នាក់ កំពុង​ជាប់​នៅ​ក្នុង​ទីក្រុង​អាឡិប សមរភូមិ​ដែល​មាន​ការ​វាយប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​រវាង​ទាហាន​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ឧទ្ទាម
ជនស៊ីវិល​ប្រមាណ​ជា ១,៥លាន​នាក់ កំពុង​ជាប់​នៅ​ក្នុង​ទីក្រុង​អាឡិប សមរភូមិ​ដែល​មាន​ការ​វាយប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​រវាង​ទាហាន​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ឧទ្ទាម REUTERS/Abdalrhman Ismail

កិច្ចព្រមព្រៀម​ រវាង​អាមេរិក និង​រុស្ស៊ី​ លើ​សំណុំរឿង​ស៊ីរី ដែល​គេ​ដាក់​ក្តីសង្ឃឹម​ថា​នឹង​អាច​រកឃើញ នៅ​ក្នុង​អំឡុង​ជំនួបកំពូល G20 នៅក្នុង​ប្រទេស​ចិន​នោះ នៅទីបំផុត​ទៅ មិន​អាច​ចេញ​ជារូបរាងឡើង​បាន​នោះទេ។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យដឹង​របស់​មន្រ្តី​រដ្ឋាភិបាល​អាមេរិក ដោយ​បាន​ចោទ​រុស្ស៊ី​ថា គឺ​​ជា​អ្ន​កក្រឡាស់សម្តី ដែល​ធ្វើ​ឲ្យ​ការចរចា​ត្រូវ​ជាប់គាំង។

ផ្សាយពាណិជ្ជកម្ម

គិតមកទល់​នឹង​ព្រឹកថ្ងៃ​អាទិត្យ អ្វីៗ​ហាក់​ដំណើរការ​ទៅ​ដោយ​រលូន​ប្រកប​ដោយ​ក្តី​សង្ឃឹម ដោយ​លោក​អូបាម៉ា​បាន​ប្រកាស​ឲ្យដឹង​ថា មន្រ្តី​អាមេរិក និង​រុស្ស៊ី​ចរចា​គ្នា​ដោយ​គ្មាន​ពេល​សម្រាក នៅ​ក្រៅ​ជំនួបកំពូល G20 ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ឈប់បាញ់​​នៅ​ស៊ីរី ហើយ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​វិញ​បាន​បញ្ជាក់​ថា ភាគី​ទាំងពីរ​ចរចា​ជិតត្រូវរ៉ូវគ្នា​ហើយថា កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ ដោយ​​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​លោក​ស៊ែរហ្គៃ ឡាវរ៉ូហ្វ រដ្ឋមន្រ្តី​​ការបរទេស​រុស្ស៊ី។

ក៏ប៉ុន្តែ ប៉ុន្មាន​ម៉ោងក្រោយ​មក អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ថា កិច្ចព្រមព្រៀង​លើ​សំណុំរឿង​ស៊ីរី​នេះ មិន​អាច​ចេញ​ជារូបរាងបាន​ទេ​នៅពេលនេះ ដោយ​បាន​ចោទ​ភាគី​រុស្ស៊ី​ថា​បាន​ក្រឡាស់​ពាក្យ​សម្តី ទៅលើ​ចំណុច​ដែល​បាន​ត្រូវរ៉ូវគ្នា​រួចទៅហើយ។ ទោះជាយ៉ាងណា មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យដឹង​ថា លោក​ចន ឃែរី និង​លោក​ស៊ែរហ្គៃ ឡាវរ៉ូហ្វ នឹង​បន្ត​ជួប​ជជែកគ្នា​ជាថ្មីម្តងទៀត នៅ​ថ្ងៃ​ចន្ទ​នេះ។

រហូតមកទល់​នឹងពេលនេះ គេ​នៅមិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណាមួយ ពី​ខាង​រុស្ស៊ី ទាក់ទង​នឹង​ការលើកឡើង​រ​បស់​អាមេរិក​នេះ​ទេ។

គួររំឭកឡើងវិញ​ថា រុស្ស៊ី និង​អាមេរិក ដែល​គាំទ្រ​គូបដិបក្ខ​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ស៊ីរី គឺ​​រុស្ស៊ី​ គាំទ្រ​រដ្ឋាភិបាល​ ហើយ​​​អាមេរិក​​គាំទ្រ​ក្រុម​ឧទ្ទាម ​ធ្លាប់​បាន​ចរចា​គ្នា​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់​ជាច្រើន​លើករួចមកហើយ ក៏ប៉ុន្តែ រាល់លើក បទឈប់បាញ់​នេះ​មិនត្រូវ​បាន​អនុវត្ត​ពេញលេញ​នោះទេ នៅលើ​ដីជាក់ស្តែង។

កាលពីថ្ងៃ​អាទិត្យ លោក​អូបាម៉ា​បាន​ទទួលស្គាល់​ច្បាស់ៗ​ថា បទឈប់បាញ់​ដែល​គេ​ធ្លាប់​បាន​ព្រមព្រៀងគ្នា​កាលពីមុន​​ លែងមាន​សុពលភាព​អ្វីទៀត​ហើយ​នៅលើ​ដីជាក់ស្តែង ហើយ​លោក​ក៏​ហាក់​បង្ហាញ​នូវ​មន្ទិល​សង្ស័យ​ផងដែរ​ថា កិច្ចព្រមព្រៀង​ឈប់បាញ់​ណាមួយ​ថ្មី​ទៀត​ បើទោះបីជា​គេ​អាច​ចរចា​ចេញ​រួច ក៏​មិនប្រាកដ​ថា​អាច​នឹង​ត្រូវ​គូភាគី​ជម្លោះ​អនុវត្ត​បាន​ពេញលេញ​នោះដែរ។ ក៏ប៉ុន្តែ បើទោះបីជាមាន​សង្ឃឹម​តិចតួច​យ៉ាងណា​ក៏ដោយ ការចរចា​លើ​បទឈប់បាញ់​នៅ​ស៊ីរី​នេះ​គួរតែ​ត្រូវ​បន្តធ្វើ ដើម្បី​បន្ធូរបន្ថយ​ទុក្ខវេទនា​របស់​ស្រ្តី និង​កុមារ ព្រមទាំង​ជនស៊ីវិល​ស្លូតត្រង់​ផ្សេងទៀត ដែលកំពុងរស់​នៅ​ក្នុង​តំបន់​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI