អាមេរិក និងក្រុមឧទ្ទាមតាលីបង់គ្រោងអង្គុយជជែកគ្នាដើម្បីស្វែងរកសន្តិភាពឲ្យប្រទេសអាហ្វហ្កានីស្ថាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារ ទី១៨ មិថុនា ក្រុមឧទ្ទាមតាលីបង់អាហ្វហ្កានីស្ថានទើបមានការិយាល័យផ្លូវការមួយរបស់ខ្លួនប្រចំានៅក្នុងទីក្រុងដូហា ប្រទេសកាតារ។ ការបើកឲ្យមានការិយល័យមួយរបស់ក្រុមឧទ្ទាមតាលីបង់ពេលនេះបានធ្វើឡើង ចំថ្ងៃដែលរដ្ឋាភិបាលអាហ្វហ្កានីស្ថានទើបបានទទួលតួនាទីជាអ្នកគ្រប់គ្រងសន្តិសុខនៅទូទំាងប្រទេសពីអង្គការណាតូ។ តាមរយៈការិយាល័យនេះ អាមេរិក និងពួកតាលីបង់គ្រោងនឹងអង្គុយចរចាគ្នានៅថ្ងៃខាងមុខដើម្បីស្វែងរកសន្តិភាព និងសន្តិសុខឲ្យប្រទេសអាហ្វហ្កានីស្ថាន។ តែនៅមានបញ្ហាប្រឈមជាច្រើនដែលអាមេរិក និងពួកឧទ្ទាមត្រូវដោះស្រាយ។
ចាប់ពីពេលនេះតទៅ គ្រប់ភាគីជម្លោះនៅក្នុងប្រទេសអាហ្វហ្កានីស្ថានទំាងអស់អាចណាត់ជួបចរចាជាមួយពួកឧទ្ទាមតាលីបង់នៅក្នុងទីក្រុងដូហា ប្រទេសកាតារ។ ភាគីជម្លោះ រួមមានរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្រុមឧទ្ទាមតាលីបង់ និងសហគមន៍អន្តរជាតិដែលមានសហរដ្ឋអាមេរិក ជាមេក្លោង។ គោលដៅនៃការជួបចរចារវាងភាគីពាក់ព័ន្ធ គឺដើម្បីស្វែងរកសន្តិភាព និងសន្តិសុខឲ្យប្រទេសអាហ្វហ្កានីស្ថាន។ អាហ្វហ្កានីស្ថានដែលស្ថានភាពក្នុងរយៈពេលជាង ១០ឆ្នំាចុងក្រោយនេះ បានបង្កប់ដោយអំពើហឹង្សាគ្មានរលួសថ្ងៃដែលបង្កឡើងដោយពួកតាលីបង់។
ទោះបីជាមានវត្តមានរបស់កម្លំាងណាតូរហូតដល់ទៅជាង ១០ម៉ឺននាក់ក៏ដោយ ក៏ចលនាឧទ្ទាមមួយនេះហាក់ដូចជាមានឥទ្ធិពលកាន់តែខ្លំាងទៅៗ។ ពួកគេមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំអំពើភេរវកម្មបង្ហូរឈាមនៅពេលណាក៏បាន និងនៅទីកន្លែងណាក៏បាន រហូតដល់ចំកណ្តាលបេះដូងទីក្រុងកាប៊ូល។ ឥទ្ធិពលកាន់តែខ្លំាងឡើងៗរបស់ពួកតាលីបង់ដែលបានធ្វើឲ្យអាមេរិកមិនបដិសេធពីគំនិតផ្តួចផ្តើមឲ្យមានការចរចាផ្ទាល់ជាមួយពួកឧទ្ទាមទេ។ មួយវិញទៀត វត្តមានការិយាល័យរបស់ឧទ្ទាមតាលីបង់ក្នុងប្រទេសកាតាពេលនេះ ក៏ជាលទ្ធផលបានមកពីការព្រមព្រៀងគ្នារវាងទីក្រុងវ៉ាស៊ីនតាន និងពួកឧទ្ទាមដែរ។
អាមេរិក និងពួកតាលីបង់មានឧបសគ្គជាច្រើនដែលត្រូវដោះស្រាយ
អាមេរិក និងពួកឧទ្ទាមតាលីបង់គ្រោងនឹងអង្គុយជជែកទល់មុខគ្នាជាលើកទីមួយនៅពេលខាងមុខក្នុងទីក្រុងដូហា ប្រទេសកាតារ។ គេពិបាកនឹងទទួលបានព័ត៌មានលំអិតបន្ថែមជុំវិញជំនួបរវាងតាលីបង់ និងអាមេរិកនៅថ្ងៃខាងមុខ។ តែប្រហែលជាគ្មានអ្វី ក្រៅពីការស្វែងរកសន្តិភាព និងសន្តិសុខឲ្យប្រទេសអាហ្វហ្កានីស្ថានឡើយ។ ជាង ១០ឆ្នំាក្រោយការដួលរលំរបបតាលីបង់មក ចលនាឧទ្ទាមមួយនេះនៅបន្តជាតួអង្គមួយយ៉ាងសំខាន់ និងចំាបាច់នៅក្នុងដំណើរស្វែងរកសន្តិភាព និងសន្តិសុខឲ្យប្រទេសអាហ្វហ្កានីស្ថាន។ ប៉ុន្តែ មុននឹងអាចនិយាយដល់រឿងសន្តិភាព និងសន្តិសុខបាន អាមេរិក និងពួកឧទ្ទាមមានចំណុចមិនចុះសម្រុងគ្នាមួយចំនួនដែលត្រូវជជែកដោះស្រាយ រួមមាន អនាគតរបបនយោបាយថ្មីរបស់ប្រទេសអាហ្វហ្កានីស្ថាន ឬមួយក៏វត្តមានទាហានអាមេរិកំាងក្នុងទឹកដីអាហ្វហ្កានីស្ថានជាដើម។
ត្រង់ចំណុចនេះ ទីក្រុងវ៉ាស៊ីតោនធ្លាប់បានបញ្ជាក់ថា ខ្លួននឹងមិនព្រមដកទ័ពចេញពីអាហ្វហ្កានីស្ថានទេ ដរាបណាអាហ្វហ្កានីស្ថាននៅតែជាប្រទេសគំរាមកំហែងដល់សន្តិសុខរបស់អាមេរិក។ ចំណែកក្រុមតាលីបង់ធ្លាប់បានប្រកាសថា ពួកគេនឹងមិនយល់ព្រមឲ្យអង្គការ ឬចលនាណាមួយប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានដើម្បីគំរាមកំហែងប្រទេសណាមួយទេ។ តែពួកនេះមិនបាននិយាយចំឈ្មោះអង្គការអាល់កៃដាដែលជាសត្រូវរបស់អាមេរិកឡើយ។ ទន្ទឹមគ្នានេះ ពួកឧទ្ទាមក៏ធ្លាប់បានស្នើអាមេរិកឲ្យដោះលែងអ្នកទោសរបស់គេទំាងអស់ដែលអាមេរិកបានចាប់ឃុំនៅពន្ធធនាគារ Guantanamo ក្នុងប្រទេសគុយបា។
ដូច្នេះឃើញថា ផ្លូវដែលអាមេរិក និងពួកឧទ្ទាមត្រូវដើរ នៅវែងឆ្ងាយ និងលំបាក មុននឹងឈានទៅនិយាយពីសន្តិភាព និងសន្តិសុខសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន។
សហគមន៍អន្តរជាតិអស់លទ្ធភាពក្នុងការបង្រ្កាបពួកតាលីបង់ឲ្យដល់ឫសគល់
ការដែលគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាមេរិកប្តូរយុទ្ធសាស្រ្តងាកមកចង់ចរចាជាមួយក្រុមឧទ្ទាមទៅវិញ មកពីការប្រើកម្លំាងបាយ មិនបានហុចលទ្ធផលអ្វីទំាងអស់។ របបតាលីបង់បានរលំ ពួកតាលីបង់បានបែកខ្ញែក រត់ខ្ចាត់ខ្ចាយ ក៏ប៉ុន្តែ រចនាសម្ព័ន្ធរបស់ចលនាឧទ្ទាមមួយនេះនៅតែមាន។ ពួកគេបានក្លាយខ្លួនជាទ័ពព្រៃ និងចង់បើកការវាយឆ្មក់ទៅលើកម្លំាងអន្តរជាតិ និងកម្លំាងរដ្ឋាភិបាលអាហ្វហ្កានីស្ថានពេលណាក៏បាន និងនៅកន្លែងណាក៏បាន។
ឥទ្ធិពលរបស់ពួកឧទ្ទាមដែលហាក់ដូចជាគ្មានកម្លំាងណាអាចទប់ទល់បានទៀតឡើយ ទំាងកម្លំាងអូតង់ ក៏ដូចជាកម្លំាងរបស់លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន Hamid Karzaï។ កុំថាឡើយតែកម្លំាងបរទេសដែលពិបាកនឹងស្គាល់ថា នរណាជាទាហានអាហ្វហ្កានីស្ថាន និងនរណាជាពួកតាលីបង់ សូម្បីតែទាហានអាហ្វហ្កានីស្ថានខ្លួនឯង ក៏ពិបាកនឹងបែងចែកដែរ ព្រោះមុខមាត់ និងរាងរៅរបស់ពួកតាលីបង់ក៏ដូចខ្លួន ខ្លួនក៏ដូចពួកតាលីបង់ដែរ។ ម្យ៉ាងវិញទៀត ការធ្វើសង្រ្គាមប្រឆំាងនឹងទ័ពព្រៃ ក៏មិនមែនជារឿងងាយស្រួលដែរ ពិសេសកម្លំាងបរទេសដែលមិនធ្លាប់ស្គាល់ទីតំាងនៃការលាក់ខ្លួនរបស់ពួកឧទ្ទាម ដូចនៅប្រទេសអាហ្វហ្កានីស្ថានដែលសំបូរទៅដោយព្រៃ ភ្នំ។
ដូច្នេះ ឃើញថា ជម្រើសដែលល្អ ក្នុងការបិទបញ្ចប់សង្រ្គាមរំារ៉ៃនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺការចរចាជាមួយពួកឧទ្ទាម។ ត្រង់ចំណុចនេះ អាមេរិក និងរដ្ឋាភិបាលរបស់លោក Hamid Karzai សុទ្ធតែបានយល់ឃើញដូចគ្នា។ តែសួរថា តើការចរចាហ្នឹងត្រូវប្រើពេលប៉ុន្មាន និងទទួលបានលទ្ធផលយ៉ាងណានោះ, វាជារឿងមួយដែលគេត្រូវរង់ចំាមើលនៅពេលខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ