អាមេរិក

នីតិវិធី​ទម្លាក់​ប្រធានាធិបតី៖ មន្ត្រី​រដ្ឋ​ទូត​ចូល​បំភ្លឺ​សភា ខណៈ​សេដ្ឋីពីរនាក់ ត្រូវ​ចាប់ខ្លួន​

នៅ​សប្តាហ៍​នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ​ ពេ​លចុះ​ទៅឃោសនា ថា​កូនៗរបស់​លោក ចូ បាឌិន ជាមនុស្ស​ល្ងង់។
នៅ​សប្តាហ៍​នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ​ ពេ​លចុះ​ទៅឃោសនា ថា​កូនៗរបស់​លោក ចូ បាឌិន ជាមនុស្ស​ល្ងង់។ REUTERS/Kevin Lamarque

នៅថ្ងៃ​សុក្រ​ ទី​១១​ អតីត​រដ្ឋ​ទូត​អាមេរិក​នៅ​អ៊ុយក្រែន បា​នចូល​បំភ្លឺ​នៅ​សភា ជុំ​វិញ​សំណុំ​រឿង​ដែល​ចោទប្រកាន់​ប្រធានាធិបតី​អា​មេរិក​ ដូណាល់ ត្រាំ បាន​សុំពឹង​អ៊ុយក្រែន​ឱ្យ​ជួយ​ សម្រាប់​ការ​ឃោសនាបោះឆ្នោត​២០២០។ ចំណែក​ រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​សហភាព​អឺរ៉ុប ក៏​នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា សប្តាហ៍​ក្រោយ​នេះដែរ។ ​ក្នុង​សំណុំរឿងនេះដែរ មាន​អ្នក​ជំនួញ​សេដ្ឋី​ពីរ​រូប​ ត្រូវ​រដ្ឋ​អាជ្ញាក្រុង​ញីវយ៉ក​ចាប់​ខ្លួន​។ ពួក​គេ​ទាំង​ពីរ ជាមនុស្ស​ជិត​ស្និត​ទៅនឹង​មេធាវី​របស់​លោកប្រធានាធីបតី​ ដូណាល់ ត្រាំ​។ 

ផ្សាយពាណិជ្ជកម្ម

នីតី​វិធី​ទម្លាក់​ប្រធានាធិបតី​ ត្រូវ​ដឹកនាំ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្ន​កតំណាង​រាស្ត្រ​ ខា​ងគណបក្ស​​ប្រជាធិបតេយ្យ​​ កំពុងតែ​ដំណើរ​ការ​យ៉ាង​ក្តៅ​គគុក។ មនុស្ស​ពាក់ព័ន្ធ​សំណុំ​រឿង​ ជាបន្តបន្ទាប់​ បា​នត្រូវ​កោះ​ហៅ ឬ​ចាប់ខ្លួនដោយ​រដ្ឋអាជ្ញា ហើយអ្នក​​ខ្លះក៏​ត្រូវ​អញ្ជើញ​ទៅ​ឱ្យ​រដ្ឋសភា​ចោទ​សួរ​ជាប់បន្ទាប់​។

នៅសុក្រ​ក្នុង​សប្តាហ៍​នេះ គឺអតីត​​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ លោកស្រី Marie Yovanovitch បាន​ចូល​បំភ្លឺ​រដ្ឋ​សភា។​ នៅ​ក្នុង​សប្តាហ៍​ក្រោយ​ គឺ​នឹង​ត្រូវ​ដល់​វេន​របស់​លោក Gordon Sondland ក្នុង​មុខ​តំណែង ជា​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំនៅ​សហភាព​អឺរ៉ុប ដែលនឹង​​ត្រូវ​ចូល​បំភ្លឺ និង​ផ្តល់​ឯកសារ​ផ្សេងៗ​ដល់​សភាជាតិ​​ ដើម្បី​ជាធាតុ​ផ្សំ​សម្រាប់​ដំណើរ​ការ​នីតីវិធី​ស៊ើប​អង្កេត​។ ក៏​ប៉ុន្តែរដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ បា​នដាស់​តឿន​រួច​ស្រេច​ហើយទៅដល់​លោក​ទូត​រូបនេះ ថាមិន​ឱ្យ​ចូល​ទៅ​បំភ្លឺសភា​​នោះទេ ហើយ​​វិមា​នប្រធានាធិបតីបញ្ជាក់​ថាគឺមាន​តែ​ក្រសួង​ការ​បរទេស​អាមេរិកតែ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​អំណាច​អនុញ្ញាត​ឱ្យ​ទូត​ បង្ហាញ​​ខ្លួន ឬ​ផ្តល់​ឯកសារអ្វី​មួយ​​។

ក្នុង​សំណុំ​រឿង​ស៊ើប​អង្កេត​ដដែល​នេះ រដ្ឋអាជ្ញាទីក្រុង​ញីវយ៉ក​ កាលពី​ថ្ងៃ​ពុធ បាន​ចុះ​ចាប់​ខ្លួន​អ្នក​ជំនួញ​និង​សេដ្ឋី ពីរនាក់ ដែល​​ជាមនុស្ស​ស្និតស្នាល​ជាមួយ​លោក Rudy Giuliani មេធាវី​​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។ ការ​ចាប់​ខ្លួន​សេដ្ឋីទាំង​ទ្វេ ធ្វើឡើង​នៅ​ព្រលាន​យន្ត ខណៈ​ដែល​អស់​លោក​ទាំងពីរ ប្រុង​នឹង​ចាកចេញ​ពី​អាមេរិកឆ្ពោះ​ទៅ​ទីក្រុង​វីយ៉េន ប្រទេស​អូទ្រីស។ ទីនោះហើយ ដែល​លោកមេធាវី Giuliani ក៏​ត្រូវ​ធ្វើ​ដំណើរ​ទៅដែរ។ នេះ​បើ​តាម​កាសែត​អាមេរិក។

អ្នក​ជំនួញ​ទាំងពីរនោះ មាន​សញ្ជាតិអាមេរិក​ ដោយ លោក Lev Parnas ​មាន​ដើម​កំណើត​នៅ​អ៊ុយក្រែន​ ហើយលោក ​Igor Fruman កើតនៅបេឡារុស​​។ លោកទាំងពីរ​ត្រូវ​រដ្ឋ​អាជ្ញា​អាមេរិក​សង្ស័យ​ថា​បាន​ជួយ​ឧបត្ថម្ភ​ផ្តល់​លុយ​ជាច្រើន​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត មក​ពីគណ​​បក្ស​សាធារណៈ​រដ្ឋ​​។ ហើយ​បើតាម​កាសែត​ក្នុងស្រុក ​ពួក​គេ​បាន​ជួយផ្តល់លុយ ​ជាង​ ៣២៥ ០០០ ដុល្លារ​ សម្រាប់​ឃោសនា​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ​ឆ្នាំ​២០២០។​ ផ្ទុយ​ទៅវិញ លោក ដូណាល់​ ត្រាំ បដិសេធ​ថា​មិន​ស្គាល់​គេ​ទាំងពីរនោះឡើយ ក៏ប៉ុន្តែ​កាសែត​អា​មេរិក បាន​រាយកការណ៍​បញ្ជាក់ថា បុរស​ទាំងពីរ​នេះ ធ្លាប់​បាន​ចូលរួម​ស្រស់​ស្រូប​ពីសាអាហារ​ពេល​ល្ងាច​ នៅ​វិមាន​ប្រធានាធិបតីអាមេរិក កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៨។

ក្នុង​ដំណាក់​កាលនេះ ចៅក្រម​សហព័ន្ធ​ បាន​អនុញ្ញាត​ឱ្យ​ពួកគេទាំងពីរនាក់ ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នសិន​ ជា​ថ្នូរ​នឹង​ទឹកប្រាក់​១លាន​ដុល្លារ។

គួរ​បញ្ជាក់ថា នីតីវិធី​ទម្លាប់​ប្រធានាធិបតី​ ចាប់​ផ្តើម​ធ្វើឡើង​យ៉ាងក្តៅគគុក​ ក្រោយ​ពេល​ដែល​បែកធ្លាយ​សារ​ឆ្លើយ​ទូរសព្ទ​របស់​ប្រធានាធិបតី​អាមេរិ ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែន ដែលលោក ​ដូណាល់ ត្រាំ ​ពឹង​ពាក់ឬ ដាក់​សម្ពាធ​ឱ្យ​ចាត់ការ​ស៊ើប​អង្កេត​រឿង​ពុក​រលួយ​របស់​ក្រុមគ្រួសារ​របស់​លោក ចូ បាយឌិន ជាគូប្រជែង​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ឆ្នាំ​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI