កម្ពុជា-អាមេរិក

អាមេរិក​គ្រោង​ផ្តល់​៥លានដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម

លោក Stephen Rapp ឯកអគ្គរដ្ឋទូត​គោចរ​របស់​អាមេរិក​
លោក Stephen Rapp ឯកអគ្គរដ្ឋទូត​គោចរ​របស់​អាមេរិក​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​គ្រោង​ ផ្តល់​ថវិកា​៥​លាន​ដុល្លារ​ទៀត​ដល់​សាលាក្តី​ខ្មែរក្រហម​​ដើម្បី​គាំទ្រ​ដល់​ភាគី​អន្តរជាតិ។ ​នៅ​ឯ​សាលាក្តី​ខ្មែរ​ឯណោះ សាលាដំបូង​បាន​សម្រេច​ដោះលែង​លោក​ស្រី​អៀង ធីរិទ្ធ​​ហើយ​បន្ទាប់​ពី​បាន​រក​ឃើញ​ថា អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​រូប​នេះ​ពិត​ជា​មិន​មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សវនាការ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គ្រោង​ផ្តល់​ថវិកា​៥លាន​ដុល្លារ​ទៀត​ដល់​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម។ ប៉ុន្តែ​ថា នេះ​គឺ​ជា​សំណើ​ថវិកា​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ផ្ញើ​ទៅ​សភា​អាមេរិក​ហើយ។ ​សភា​អាមេរិក​នឹង​ត្រូវ​ពិនិត្យ​សម្រេច​លើ​សំណើ​នេះ​ក្នុង​រយៈ​ពេល​២ ឬ​៣​សប្តាហ៍​ទៀត។ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​​ Stephen Rapp​ ​ដែល​ជា ឯកអគ្គរដ្ឋទូត​គោចរ​របស់​អាមេរិក​ទទួល​បន្ទុក​ឧក្រិដ្ឋកម្មសង្គ្រាម​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​លើក​ទី​៧​នៅ​​កម្ពុជា។

ក្រៅ​ពី​ការ​ប្រកាស​អំពី​ការ​ផ្តល់​ជំនួយ​នេះ លោក Stephen Rapp ក៏​បាន​ប្រាប់​​អោយ​ដឹង​ផង​ដែរ​ថា សហ​ចៅក្រម​ស៊ើបអង្កេត​ដែល​ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម​បាន​សម្រេច​តែងតាំង​ហើយ​នោះ នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​កញ្ញា​នេះ។
សម្រាប់​លោក Stephen Rapp សំណុំរឿង ​០០២ ​សព្វ​ថ្ងៃ​នេះ​មាន​សារៈសំខាន់​ណាស់ ហើយ​លោក​បាន​អំពាវនាវ​ដល់​​ប្រទេស​​ផ្សេង​ទៀត​ឲ្យ​​ជួយ​ផ្តល់​ថវិកា​គាំទ្រ​ដល់​សាលាក្តី​ខ្មែរក្រហម​ដែល​កំពុង​តែ​ជួប​បញ្ហា​ថវិកា។

គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ ​សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន ​១២​ លាន​ដុល្លារ​​រួច​ហើយ​ ដើម្បី​គាំទ្រ​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម។
នៅ​ឯ​សាលាក្តី​ខ្មែរក្រហម​ឯណោះ សាលាដំបូង​បាន​ប្រកាស​ដោះលែង​លោកស្រី​អៀង ធីរិទ្ធ​ បន្ទាប់​ពី​បាន​សន្និដ្ឋាន​ជា​លើក​ទី​២​ថា អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ក្នុង​របប​ខ្មែរ​ក្រហម និង​ជា​ភរិយា​របស់​ជនជាប់ចោទ​​អៀង សារី​ ពិត​ជា​មិន​មាន​សម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ក្នុង​សវនាការ​នោះ។ ទាក់ទង​នឹង​សេចក្តីសម្រេច​លើ​លោក​ស្រី​អៀង ធីរិទ្ធ​នេះ ឯកអគ្គរដ្ឋទូត​គោចរ​​អាមេរិក​អត្ថាធិប្បាយ​ថា លោក​គោរព​សេចក្តី​សម្រេច​របស់​តុលាការ។

លោក Stephen Rapp ឯកអគ្គរដ្ឋទូត​គោចរ​របស់​អាមេរិក​ទទួល​បន្ទុក​ឧក្រិដ្ឋកម្មសង្គ្រាម​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​កញ្ញា​នេះ។ ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក​ឯក​អគ្គរដ្ឋទូត Rapp បាន​ជួប​ជាមួយ​មន្ត្រី​សាលាក្តី​ខ្មែក្រហម និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ពិភាក្សា​ពី​ការ​គាំទ្រ​ចាំបាច់​សម្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដើម្បី​ឲ្យ​តុលាការ​នេះ​បំពេញ​ការងារ​ក្នុង​អាណត្តិ​របស់​ខ្លួន​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI