អានតួអត្ថបទ
អាមេរិក

រដ្ឋបាល​អាមេរិក ចេញគម្រោង​ច្បាប់ថ្មី​ឲ្យ​បន្ត​សកម្មភាព​រោង​ចក្រ​ធ្យូង​ថ្ម

លោក ដូណាល់ ត្រាំ ប្រមុខ​រដ្ឋ​អាមេរិក
លោក ដូណាល់ ត្រាំ ប្រមុខ​រដ្ឋ​អាមេរិក REUTERS
ដោយ៖ ហេង ឧត្តម
១៤ នាទី

នៅ​ថ្ងៃ​អង្គារ ទី​២១សីហា​នេះ រដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេច​ចេញគម្រោងច្បាប់ថ្មីមួយ ឲ្យបន្តសកម្មភាពរោងចក្រធ្យូងថ្ម រាប់​រយ​រោង​ចក្រ។ រោង​ចក្រ​ទាំង​នោះ បាន​ត្រូវ​បិទទ្វារ​នៅក្នុង​អាណត្តិ​ការងារ​របស់​ប្រធានាធិបតី​ អូបាម៉ា ដ្បិត​លោកចង់​ឲ្យ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​​ពុល។ ក៏ប៉ុន្តែ​ ពេល​នេះ បំណង​ប្រាថ្នា​របស់​លោក អូបាម៉ា​ ត្រូវ​រលត់​រលាយ​។​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជួប​ជុំ​នយោបាយ​មួយ កាល​ពី​ថ្ងៃ​អង្គារ ទី​២១សីហា ក្នុង​រដ្ឋ​ Virginie លោក  ដូណាល់ ត្រាំ ប្រកាស​​លុប​ចោល​ច្បាប់​បរិស្ថាន​ក្នុង​អាណត្តិ​ប្រមុខ​រដ្ឋ​ចាស់ និង​ថា ច្បាប់នេះ គឺបំផ្លាញ​ការ​ងារប្រជា​ពលរដ្ឋ​អាមេរិក​​។ លោក ត្រាំ ថា យើង​ស្រឡាញ់​ការងារ​របស់​កម្មករ​ធ្យូងថ្ម។ ពួក​គេ​ជាមនុស្ស​អស្ចារ្យ។ យើង​ចូល​ចិត្ត​ធ្យូង​ថ្ម​ ដែល​ល្អ​ នៅ​រដ្ឋ​ Virginie។

សូម​រម្លឹក​ថា កាលពី​ក្នុង​អាណត្តិ​ការងារ​របស់​ប្រធានាធិបតី​ចាស់, លោក បារ៉ាក់​ អូបាម៉ា បាន​បង្កើត​គម្រោង​ថាមពល​ស្អាត ដែល​បាន​ដាក់​កំហិត​យ៉ាង​តឹង​តែង​ចំពោះ​រោង​ចក្រ​ដែល​បំពុល​បរិយាកាស ហើយ​មាន​រោង​ចក្រ​ធ្យូង​ថ្ម ជា​ច្រើន​ផង បា​នត្រូវ​បិទ​ទ្វារ។ គម្រោង​នេះ ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ឲ្យ​ផ្អាក ហើយ​ក៏​លុប​ចោល​តែម្តង នៅ​ពេល​នេះ ក្នុង​រជ្ជកាល​របស់​លោក​ ដូណាល់ ត្រាំ។

ការ​សម្រេច​របស់​រដ្ឋបាលសហព័ន្ធឲ្យ​បន្ត​សកម្មភាព​រោង​ចក្រ​ធ្យូង​ថ្ម​យ៉ាង​ដូច្នេះ គឺ​បាន​ធ្វើ​ឲ្យ​អ្នក​បរិស្ថាន​​និយម និង​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ ជា​បក្ស​ប្រឆាំង​ រិះគន់​យ៉ាង​ខ្លាំង​។  សមាជិក​ព្រឹទ្ធ​សភាបក្ស​ប្រជាធិបតេយ្យ លោក Chuck Schumer បាន​លើកឡើង​ថា “ខ្យល់​នឹង​កាន់​តែ​កខ្វក់ ហើយ​សុខភាព​ប្រជាជន​អាមេរិក​យើង​ នឹង​ធ្លាក់​ចុះដុនដាប ដោយសារតែ​លោក​ប្រធានាធិបតី ត្រាំ ដែល​ចូល​ដៃ​ជើង​គិត​គូរ​តែ​ប្រយោជន៍​របស់​​ពួក​ក្រុម​អ្នក​មាន”។

យ៉ាង​ណា​ក៏ដោយ សេចក្តី​សម្រេច​របស់​រដ្ឋបាលសហព័ន្ធ​នេះ អាច​នឹ​ងត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន។ ដូច្នេះ គេបាន​​ទុកចន្លោះ​បើក​​ផ្លូវ​ឲ្យ​រដ្ឋ​នីមួយ​ៗ អនុវត្ត​ដោយ​បត់​បែន​ ឬ​ធ្វើ​ច្បាប់​តាម​ស្ថានភាព​រដ្ឋ​នីមួយ​ៗ​នោះចុះ។

ការពី​ឆ្នាំ​មុ​ននេះ អាមេរិក​របស់​លោក ដូណាល់ ត្រាំ បា​នសម្រេច​ដក​ខ្លួនចេញ​​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីសស្តីពី​ការ​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥។ ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ​មាន​គោល​បំណង​កាត់​បន្ថយ​កម្តៅ​ទប់​កុំឲ្យ​ផែន​ដី ឡើង​​ក្តៅ​ ២អង្សារ​ថែមទៀត​។ ពេល​នេះ គោលបំណង​សម្រាប់​ផែនដី ហាក់​កំពុង​តែ​ប្រឈម​ខ្លាំងៗឡើង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ