សភាសង្ឃកាតូលិកស្តីពីគ្រួសារ បិទបញ្ចប់ដោយគ្មានការព្រមព្រៀងលើចំណុចលែងលះ និងអ្នកស្រលាញ់ភេទដូចគ្នា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សម័យប្រជុំសភាសង្ឃកាតូលិកវិសាមញ្ញ (ពីថ្ងៃទី ៥ - ១៩ តុលា ២០១៤) ដែលមានសម្តេច ប៉ាប ហ្វ្រង់ស័រ ជាអធិបតី និងមានប្រមុខសាសានាកាតូលិកសំខាន់ៗ តំណាងថ្នាក់ដឹកនាំវិហារកាតូលិក នៅក្នុងប្រទេស ប្រចាំតំបន់ប៉ែកខាងកើត និង ព្រមទាំងឥស្សរជនផ្សេងៗ ចំនួន២៥៣នាក់ចូលរួម ដើម្បីពិភាក្សាអំពីបញ្ហាគ្រួសារ។ អង្គសភាបានចេញរបាយការណ៍បញ្ចប់ មានឈ្មោះថា “Relatio synodo” ដែលអនុម័តដោយសម្តេចប៉ាប ប៉ុន្តែគ្មានឡើយការព្រមព្រៀងគ្នាលើចំណុចទាក់ទងនឹងការលែងលះប្តីប្រពន្ធ និងអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា។
សភាសង្ឃ តែងប្រព្រឹត្តទៅជារៀងរាល់បីឆ្នាំម្តង ក្នុងប្រធានបទប្លែកៗគ្នា ដើម្បីពិចារណា មិនមែនត្រឹមតែ អំពីបញ្ហាលទ្ធិសាសនា វិហារកាតូលិក មនោគមវិជ្ជាទេ តែក៏មានការតស៊ូមតិជុំវិញប្រធានបទដែលគ្មានលក្ខណៈសាសនា បញ្ហាសន្តិភាព ឬសង្គមផងដែរ។
សម័យប្រជុំសភាលើកនេះ គឺជាលើកទីមួយសម្រាប់សម្តេចប៉ាប ហ្វ្រង់ស័រ និងជាសម័យប្រជុំវិសាមញ្ញ ដែលមានកម្មវត្ថុត្រៀមសម្រាប់បើកសម័យប្រជុំសភាទូទៅនៅខែតុលាឆ្នាំ២០១៥។ ប្រធានបទសង្គមដ៏រសើបបំផុត ដែលត្រូវបានលើកមកពិភាក្សាគ្នានាឱកាសនេះ ដោយសង្ឃឹមនឹងអាចមានការសម្រេចលទ្ធផលនៅពេលប្រជុំធំនោះ គឺបញ្ហាគ្រួសារ និងសីលធម៌ផ្លូវភេទ។
នៅក្នុងរបាយការណ៍យប់មិញ សភាសង្ឃកាតូលិក បានរាយឈ្មោះបញ្ហាជាច្រើនទាក់ទងនឹងគ្រួសារកាតូលិក នៅក្នុងទ្វីបទាំង៥នៃភពផែនដី ក្នុងក្របខ័ណ្ឌនៃទស្សនៈបើកចំហរបស់សម្តេចប៉ាបហ្វ្រង់ស័រ។ ចំណោទជុំវិញ ការទទួលចូលក្នុងវិហារចំពោះបុគ្គលដែលរស់ជាគូដោយគ្មានឆ្លងកាត់អាពាហ៍ពិពាហ៍ ចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងចំពោះបុគ្គលដែលបានឆ្លងកាត់ការលែងលះប្តីប្រពន្ធ ជាសំណុំរឿងដ៏ស្មុគស្មាញដែលក្រុមសង្ឃកាតូលិកអភិរក្សជ្រុលនិយមមិនអាចទទួលយកបានឡើយ។
របាយការណ៍ “Ralatio synodo” មាន៦២កថាខណ្ឌ។ កថាខណ្ឌនីមួយៗ អាចអនុម័តបាន លុះណាតែមានសំឡេងគាំទ្រដាច់ខាត ២ភាគបី។ តែមានកថាខណ្ឌបី ដែលពាក់ព័ន្ធនឹងគ្រួសារលែងលះគ្នា រួចរៀបការជាថ្មី និងអ្នកស្រឡាញ់ភេទដូចគ្នា បានទទួលសំឡេងគាំទ្រដាច់ខាតលើសពី៥០%ដែរ តែមិនគ្រប់២/៣ទេ។ គេអាចបកស្រាយបានថាច្បាប់នេះ គ្មានការព្រមព្រៀងមែន តែមិនមែនជាច្រានចោលទាំងស្រុងឡើយ ! ហេតុដូច្នេះ កថាខណ្ឌមិនត្រូវបានដកចេញរបាយការណ៍ចុងក្រោយដែលសម្តេចប៉ាបបានអនុម័តនៅថ្ងៃម្សិលមិញឡើយ។
ទស្សនៈបើកទូលាយ
បើយោងតាមរបាយការណ៍ស្តីពីគ្រួសារ វិហារកាតូលិក កំពុងតែរៀបចំការប្តូរផ្លាស់យ៉ាងសំខាន់មួយ ដោយចង់បើកទូលាយ លើកចំណុចតឹងតែងខ្លះ។
ពីមុនមក បញ្ហាគ្រួសារប្តីប្រពន្ធរស់នៅជាមួយគ្នាដោយគ្មានឆ្លងកាត់អាពាហ៍ពិពាហ៍ បញ្ហាអ្នកស្រលាញ់ភេទដូចគ្នា មានកូន ឬអត់កូន ការឬអត់ការ ប្តីប្រពន្ធលែងលះ រួចការជាថ្មី ជាប្រធានបទដែលមិនអាចទទួលយកបានឡើយ សម្រាប់វិហារកាតូលិក ប៉ុន្តែពេលនេះមានការប្តូរសំនៀង អត្ថបទដែលបង្ហាញជាសាធារណៈតាំងពីថ្ងៃទី ១៣តុលា និងដែលទើបអនុម័តនៅល្ងាចមិញ បានអំពាវនាវឱ្យមានការសរសេរច្បាប់ ក្នុងជំពូកខ្លះឡើងវិញ។
វិហារកាតូលិកមិនប្តូរផ្លាស់និយមន័យគ្រួសារទេ។ តម្លៃគ្រួសារដែល ជាគំរូល្អឥតខ្ចោះ សម្រាប់វ៉ាទីកង់ ៖ ជាការរួមរស់ជាគូរវាងបុរសម្នាក់ និងស្រ្តីម្នាក់។ រៀបការមានប្តីមួយប្រពន្ធមួយ បង្កើតជាកូនពូនជាចៅ តាមបែបធម្មជាតិ ! ប៉ុន្តែគំរូនេះ កំពុងត្រូវបានអង្រួនដោយការវិវឌ្ឍន៍របស់មនុស្ស សង្គមវប្បធម៌ និងកាលៈទេសៈ។ ហេតុដូច្នេះហើយបានជា របាយការណ៍ណែនាំ ឱ្យវិហារកាតូលិក ជ្រើសរើស ការទទួលបុគ្គល ដែលមានរូបពិត ជាជាងមើលលើចំណុចខ្វះខាត ចំណុចមិនល្អរបស់បុគ្គល ឬចាំតែស្រែកថ្កោលទោស។
ចំណុចបើកទូលាយមួយទៀត ដែលមានចែងក្នុងអត្ថបទច្បាប់ គឺទាក់ទងនឹងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ ការភ្ញាក់ផ្អើលមានខ្លាំង របាយការណ៍ដែលបានសរសេរជាលក្ខណៈចោទសួរ អំពាវនាវឱ្យមានការទទួលតម្លៃរបស់មនុស្សម្នាក់ ដោយមិនបែងចែកថាបុគ្គលនេះស្រលាញ់ភេទដូចគ្នា ឬស្រលាញ់ភេទផ្ទុយគ្នាឡើយ។ ជាងនេះទៅទៀត ថ្វីបើវិហារកាតូលិក គ្មានថ្ងៃទទួលស្គាល់អាពាហ៍ពិពាហ៍រវាងអ្នកស្រលាញ់ភេទដូចគ្នា និងមិនលូកលាន់ក្នុងរឿងវិបត្តិនេះមែន តែចង់ឃើញមានការយកចិត្តទុកដាក់ជាពិសេសចំពោះកូនដែលអ្នកស្រលាញ់ភេទដូចគ្នាចិញ្ចឹម។
របាយការណ៍ដែលស្ថិតនៅក្នុងដំណាក់កាលពិចារណានេះ ក៏ចង់អនុគ្រោះដល់គូស្រកររៀបការតាមច្បាប់ស៊ីវិល ឬដោយស្រុះស្រួលគ្មានឆ្លងកាត់អាពាហ៍ពិពាហ៍ ឱ្យមានសិទ្ធិចូលប្រារព្ធពិធីផ្សេងៗក្នុងសាសនាគ្រិស្តបាន។
ប្រធានបទទាំងអស់នេះ នៅតែជាសំណុំរឿងជជែកគ្នានៅឡើយ។ អត្ថបទបានអនុម័ត ហើយ នឹងក្លាយជាមូលដ្ឋាននៃការពិភាក្សាគ្នានាឱកាសសម័យប្រជុំសភាទូទៅនៅឆ្នាំក្រោយ។ បន្ទាប់មកគឺសម្តេចប៉ាប ហ្វ្រង់ស័រ ដែលល្បីខាងទាន់សម័យ ស្និទ្ធនឹងប្រជាជន មាននិស្ស័យបើកទូលាយ ជាអ្នកសម្រេចគូសវាសផែនទីចង្អុលផ្លូវថ្មីស្តីពីគ្រួសារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ