អានតួអត្ថបទ
អេហ្ស៊ីប

ថ្ងៃសុក្រ ថ្ងៃកំហឹង ក្រុមភាតរអ៊ីស្លាមអេហ្ស៊ីបមិនព្រមចុះចាញ់

រដ្ឋាភិបាល​យោធា​អេហ្ស៊ីប​ បាន​ដាក់​ប្រទេស​ក្នុង​​ស្ថានភាព​ប្រកាស​អាសន្ន បន្ទាប់​ពី​យោធា​​បានបង្ក្រាប​បាតុករ​គាំទ្រ​លោក​មរស៊ី កាលពី​ថ្ងៃ​ពុធ​កន្លង​មក។
រដ្ឋាភិបាល​យោធា​អេហ្ស៊ីប​ បាន​ដាក់​ប្រទេស​ក្នុង​​ស្ថានភាព​ប្រកាស​អាសន្ន បន្ទាប់​ពី​យោធា​​បានបង្ក្រាប​បាតុករ​គាំទ្រ​លោក​មរស៊ី កាលពី​ថ្ងៃ​ពុធ​កន្លង​មក។ REUTERS/Amr Abdallah Dalsh
ដោយ៖ ព្រំ សឿន សូលីណា
១៧ នាទី

នៅ​ថ្ងៃ​សុក្រ​នេះ ភាព​តានតឹង​​នៅតែ​បន្ត​មាន​ នៅ​ប្រទេស​អេហ្ស៊ីប។ ក្រុមភាតរអ៊ីស្លាម​គាំទ្រ​អតីតប្រធានាធិបតី​មរស៊ី បាន​អំពាវនាវ​អោយប្រជាជន​​យក​ថ្ងៃ​សុក្រនេះ ធ្វើ​ជា​ថ្ងៃ​កំហឹង ប្រឆាំង​នឹង​ការ​បង្ក្រាប​បាតុករ​ដែល​ធ្វើឡើង​ដោយ​កងទ័ព​អេហ្ស៊ីប កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ដែល​បានបណ្តាល​អោយ​មាន​​មនុស្ស​ជាង​៦០០​នាក់​ស្លាប់ និងរង​​របួស​រាប់ពាន់​នាក់។ ការអំពាវនាវ​នេះ អាច​​នឹង​ធ្វើ​អោយ​មាន​អំពើ​ហិង្សា​សារជាថ្មី ព្រោះថា នៅពេលនេះ កងទ័ព​អេហ្ស៊ីប​បាន​ទទួលបញ្ជា​អោយ​បាញ់ប្រហារ​​​ទៅលើ​រាល់​បណ្តា​ជន ​ដែល​ហ៊ាន​បំផ្លាញ​​​សម្បត្តិ​សាធារណៈ។ ដោយឡែក នៅ​ថ្ងៃ​សុក្រ​នេះ សកម្មជន​​ម្ខាងទៀតដែល​គាំទ្រ​រដ្ឋាភិបាល​យោធាអេហ្ស៊ីប​ ក៏​មានគំរោង​​​ចុះបាតុកម្ម​​​ការពារ​រាល់សម្បត្តិ​សាធារណៈ​ក្នុង​ប្រទេសផងដែរ។

ផ្សាយពាណិជ្ជកម្ម

ក្រុមភាតរអ៊ីស្លាម​អេហ្ស៊ីប ​​មិន​ព្រម​ចុះចាញ់ឡើយ នៅ​ចំពោះ​មុខ​​​កងទ័ព​អេហ្ស៊ីប​ដែល​បាន​បង្ក្រាប​ក្បួន​បាតុករ​ក្រុមខ្លួន កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ដែល​ការ​បង្ក្រាប​បាន​សម្លាប់​​បាតុករ​ច្រើន​រាប់រយនាក់។ នៅ​​ថ្ងៃ​សុក្រនេះ​ ក្រុម​ភាតរអ៊ីស្លាម​គ្រោង​នឹង​បន្ត​ចុះបាតុកម្ម​ តាម​ដងផ្លូវ​សារជាថ្មី​ ប្រឆាំង​នឹង​ការបង្ក្រាប​​ដ៏ព្រៃផ្សៃ​របស់​កងទ័ពអេហ្ស៊ីប​នេះ។

តាមគំរោង ក្បួន​បាតុកម្ម​​នឹង​ដង្ហែ​ចាកចេញ​ពី​វិហារ​ជាង​៣០​កន្លែង​ នៅ​ក្រុងគែរ។ លើកនេះ សកម្មជន​ភាតរអ៊ីស្លាម​នឹង​មិនហែក្បួន​តាម​​ទីលាន​ រ៉ាបា អាល់អាដាវីយ៉ា​ នោះទេ។ ពួកគេ​នឹង​ហែ​ទៅ​កាន់​ទីលាន​រ៉ាំសែស នៅ​កណ្តាលទីក្រុង​​វិញ។ នៅ​ម្ខាងទៀត​នោះ សកម្មជន​នានា​​​មកពី​រណសិរ្ស​ស្វាគម​ជាតិ ដែល​​គាំទ្រ​យោធាអេហ្ស៊ីប ក៏​មា​នគំរោង​ចុះតាម​ដងផ្លូវ ធ្វើបាតុកម្ម​ផងដែរ។ ប៉ុន្តែ មូលហេតុ​បាតុកម្ម​របស់​​ក្រុម​នេះ គឺ​ដើម្បី​ការពារ​រាល់​​ទ្រព្យសម្បតិ្ត​សាធារណៈ​ អោយ​ចៀសផុត​ពី​ការ​បំផ្លាញ​របស់​សកម្មជន​ភាតរអ៊ីស្លាម។ រាល់ក្បួន​បាតុកម្ម​នៅថ្ងៃនេះ ធ្វើអោយ​មាន​ការបារម្ភ​ថា អាច​នឹង​ផ្ទុះ​អំពើ​​ហិង្សា​សារជាថ្មី ព្រោះថា​នៅពេល​នេះ យោធា​អេហ្ស៊ីប​បាន​ទទួលបញ្ជា​អោយ​​បាញ់​ប្រហារ​រាល់បណ្តា​ជន​ដែលហ៊ាន​កំទេច​សម្បត្តិ​សាធារណៈ។ ​

បន្ទាប់​ពី​មាន​ការ​បង្ក្រាប​យោធា​នៅ​ថ្ងៃ​ពុធ​មក គណបក្ស​ភាតរអ៊ីស្លាម​បាន​ប្រាប់​ថា អ្នកដឹកនាំ​គណបក្ស​ខ្លួន​ភាគច្រើន​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ខ្លះទៀត​បាន​រត់ភៀសខ្លួន។ ឯកអគ្គមគ្គុទេសក៍​អេហ្ស៊ីបនៃ​ក្រុមភាតរអ៊ីស្លាម​ ម៉ូហាមេដ បាឌី ​​សន្យា​ថា​នឹង​សងសឹក​រាល់​ជនដៃដល់​ដែល​បាន​សម្លាប់បាតុករ​ខ្លួន កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។

សហគមន៍អន្តរជាតិ​បាន​​ថ្កោលទោស​ ការ​បង្ក្រាប​បាតុកម្មធ្វើឡើង​ដោយ​កងទ័ព​អេហ្ស៊ីប កាលពី​ថ្ងៃ​ពុធ។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​អោយ​រាល់​ភាគី​អេហ្ស៊ីប ​អត់ធ្មត់​អោយបាន​កម្រិត​អតិបរមា។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏បាន​ទាមទារ​អោយមានការ​​ស៊ើបអង្កេត​​លើ​ទង្វើ​បង្ក្រាប​បាតុករ​របស់​កងទ័ព​អេហ្ស៊ីប​​ផងដែរ។ នៅ​ថ្ងៃសុក្រ​នេះ ប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់​ បានជួបពិភាក្សា​ពីបញ្ហា​អេហ្ស៊ីប ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស ដាវីដ ខាំម៉ឺរូន និង​​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ ​អេនហ្កឺឡា មែរគេល។ ប្រធានាធិបតី​អាមេរិក អូបាម៉ា ក៏បាន​ថ្កោលទោស​ការបង្ក្រាប​របស់​យោធា​អេហ្ស៊ីប​ និង​បរិហារ​រដ្ឋាភិបាល​អេហ្ស៊ីប​ដែល​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ផង​ដែរ។ អាមេរិក​បាន​លុបចោល​សមយុទ្ធ​យោធា​រួម​ជាមួយ​អេហ្ស៊ីប ប៉ុន្តែ​​មិន​បាន​កាត់ផ្តាច់ជំនួយ​​ប្រចាំឆ្នាំ​១ពាន់លាន​៥សែនដុល្លារ​ ​សំរាប់​ប្រទេស​នេះ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ