ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងទ័ព​​វ៉េណេស៊ុយអេឡា​​ចេញមុខ​​គាំទ្រ​​ប្រធានាធិបតី​​ម៉ាឌូរ៉ូ​​​ មុន​​​មហា​បាតុកម្ម​​​​ក្រុម​​ប្រឆាំង​

សំឡេង ០៥:៣៦
ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក Nicolas Maduro នៅ​ក្រុងការ៉ាកាស ជាមួយ​យោធាស៊ីវិល ថ្ងៃ១៧មេសា២០១៧
ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក Nicolas Maduro នៅ​ក្រុងការ៉ាកាស ជាមួយ​យោធាស៊ីវិល ថ្ងៃ១៧មេសា២០១៧ Reuters

ថ្ងៃចន្ទ​ម្សិលមិញ ​ប្រមុខ​ដឹកនាំ​កងទ័ព​​វ៉េណេស៊ុយអេឡា​បាន​​​សំដែង​ការគាំទ្រ​ឥត​លក្ខខណ្ឌ​ដល់​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ ​ដែល​​កំពុង​ប្រឈម​នឹង​មហាបាតុកម្ម​​ដឺកនាំ​ដោ​យក្រុម​ប្រឆាំង​ ដែល​ត្រូវធ្វើ​នៅ​ថ្ងៃពុធ​ស្អែក​។ ​​បក្ស​ប្រឆាំង​ដែល​មា​នសម្លេង​ភាគច្រើន​នៅ​សភា ទាមទារ​អោយ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ។ ​ប្រទេស​ចំនួន​១១​ នៅតំបន់​​អាមេរិក​ឡាទីន​បាន​អំពាវនាវ​អោយ​វ៉េណេស៊ុយអេឡា​​​ការពារ​សិទ្ធិ​ក្នុង​ការ​ធ្វើបាតុកម្ម។

ផ្សាយពាណិជ្ជកម្ម

យោធា​​​ចេញមុខ​​គាំទ្រ​ប្រធានាធីបតី​ម៉ាឌូរ៉ូ ​ដោយឥត​លក្ខខណ្ឌ ​លោក​ម៉ាឌូរ៉ូ​បាន​ប្រកាស​ពង្រាយ​ទាហាន​ទូទាំង​ប្រទេស​

គេ​បារម្ភ​ថា ​ពេល​​មាន​មហា​បាតុកម្មថ្ងៃពុធ​​ស្អែក​​ កងទ័ពវ៉េណេស៊ុយអេឡា​​អាច​នឹង​ប្រើ​​កម្លាំង​បាយ​បង្ក្រាប​ក្រុម​បាតុករ​បាន។ ​​ប្រទេស​ចំនួន​១១ នៅ​តំបន់​អាមេរិក​ឡាទីនបាន​​សុំអោយ​​វ៉េណេស៊ុយអេឡា​ធានាសិទ្ធិ ដល់​បាតុករ​ អោយ​ពួកគេ​អាច​ដង្ហែ​ក្បួន តវ៉ា​ តាម​បែប​សន្តិភាព។

តែ​មិនដឹងថា តើ​គេ​អាច​ចៀស​ការ​ប៉ះទង្គិច​ជា​យថាហេតុ​ណាមួយ​ដែរទេ ​បើ​បាតុកម្ម​ថ្ងៃពុធ​ស្អែកនេះ ធ្វើ​ទៅ​​មែន ព្រោះ​តាំង​ពី​ដើម​ខែ​មេសា​មក​ ក្នុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​វ៉េណេស៊ុយអេឡា គេ​ច្រើន​ឃើញ​មា​នការ​ប៉ះ​ទង្គិច​រវាង​ប៉ូលិស និង​ក្រុ​មបាតុករ។ ហិង្សា​ប៉ះទង្គិច​បាន​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​៥នាក់ និង​របួស​រាប់រយ​នាក់។ បើ​មាន​ការប៉ះទង្គិច កងទ័ព​អាច​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ​បាន នោះ​ស្ថានភាព​​នឹង​ធ្ងន់ធ្ងរ។ កន្លងមក ប្រធានាធិបតី​ម៉ាឌូរ៉ូ​ក៏ធ្លាប់​គំរាម​ប្រើ​កម្លាំង​ទ័ព​បង្ក្រាប​បាតុករ​ដែរ។ ​

​បក្ស​ប្រឆាំង​ធ្លាប់​អំពាវនាវ​អោយ​​មានកងទ័ព​តវ៉ា​ប្រឆាំង​លោក​ម៉ាឌូរ៉ូ​ដែរ ​តែកាលពី​ថ្ងៃចន្ទ ​​ប្រមុខ​ដឺកនាំ​កងទ័ព និង​រដ្ឋមន្ត្រី​ការពារជាតិ​បាន​នាំគ្នា​ចេញមុខ​សំដែង​ការគាំទ្រ​ដោយ​ឥតលក្ខខណ្ឌ​ដល់​លោក​ម៉ាឌូរ៉ូ។ ការគាំទ្រ​នេះ​ជា​រឿងធម្មតា​ទេ ព្រោះ​តាំង​ពី​ណាពី​ណីមក ​​កងទ័ព​​តែងតែ​​គាំទ្រ​លោក​ម៉ាឌូរ៉ូ​ទៅហើយ។ កងកម្លាំង​ស៊ីវិល​យោធា​​​វ៉េណេស៊ុយអេឡា​ មាន​សមាជិ​ក​រាប់សែននាក់។ ពួកគេ​គោរព​ស្រលាញ់​លោក​ម៉ាឌូរ៉ូ ដោយសារ​តែ​លោក​ម៉ាឌូរ៉ូ​បន្ត​ប្រកាន់ខ្ជាប់​​នយោបាយ​របស់​អតីត​ប្រធានាធីបតី អ៊ុយហ្គោ ស្ហាវេស​ ​ដែល​​ទទួល​មរណភាព ​កាលពី​ឆ្នាំ​២០១៣។ ​

ស្ថានភាព​ពេលនេះ​តានតឹង​ណាស់។ កាលពី​ពេល​​​​តុលាការ​កំពូល​​សម្រេច​រឹប​អូស​អំណាច​សភា​មក​គ្រប់គ្រង នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​ ​ក្រុមប្រឆាំង​បាន​​ចោទថា ជា​ការធ្វើរដ្ឋប្រហារ។ តែ​ខាង​​កងទ័ព​វិញ​​បាន​​​ចោទ​ក្រុមប្រឆាំង​ថា ផ្អែក​តាម​គោលការណ៍​ពួក​ស្តាំ​និយម​ជ្រុល ដើម្បី​បង្កអំពើ​​ឧក្រិដ្ឋ​ ការ​បះបោរ លួចប្លន់ កងទ័ព​ចោទ​រហូត​ប្រើពាក្យ​ថា ទង្វើភេរវកម្ម​ទៀតផង។ ក្រុម​​​ប្រឆាំង​វិញ បន្ត​​​ចោទ​ថា​កងទ័ព​​ការពារ​អំណាចរដ្ឋាភិបាល។ ​  ​

ការទាមទារ​អោយ​មាន​ការបោះឆ្នោត​មុនអាណត្តិ​​ដែល​ក្រុមប្រឆាំង​ចង់​បាន ​ប្រហែល​ពិបាក​នឹង​សម្រេចបាន​​ណាស់។ ​អ្វី​ដែល​គួរ​បារម្ភ​លើសពីនេះ ​គឺថា​ថ្ងៃពុធ​ស្អែក​ ជាថ្ងៃ​ខួប​បដិវត្តន៍​ឆ្នាំ​១៨១០ ដែល​​បាន​នាំ​​ឯករាជ្យ​​អោយ​វ៉េណេស៊ុយអេឡា។ ​​រដ្ឋអំណាច​​ក៏បាន​អំពាវនាវ​អោយ​មាន​​ការ​ដើរ​ដង្ហែរ​ក្បួន​ទន្ទឹម​នឹង​ក្បួន​របស់​ក្រុម​ប្រឆាំង​​ដែរ។ គួររំលឹក​ថា មាន​មនុស្ស​៤៣នាក់​បានស្លាប់ ក្នុង​មហា​​​​បាតុកម្ម​ កាលពី​​ឆ្នាំ២០១៤៕

វិបត្តិនយោបាយ​​និង​សេដ្ឋកិច្ច​បន្ត​​រ៉ាំរ៉ៃ​​នៅ​​វ៉េណេស៊ុយអេឡា​
វិបត្តិ​​គួរកត់ស​ម្គាល់ ​ គឺ​​​ចាប់ពីឆ្នាំ​២០១៥​មក ​គឺ​តាំងពី​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ចូល​កាន់កាប់​​​​​សភា គឺ​ជាស្ថានភាព​នយោបាយ​ថ្មី​ ​​​ព្រោះ​តាំងពី​ដើមរៀងមក ​សភា​ធ្លាប់តែ​​​​ស្ថិត​ក្រោម​ការ​​​គ្រប់គ្រង​របស់​​​​បក្ស​កាន់អំណាច​។ ​​​ប្រធានា​ធិបតី​​ម៉ាឌូរ៉ូ​​​ ​ប្រាក​ដ​ជា​មិនសប្បាយចិត្ត​ទេ ព្រោះ​លោកធ្លាប់​​​មាន​អំណា​ច​គ្រប់បែបយ៉ាង​​។

ប៉ុន្មាន​សប្តាហ៍​មុននេះ​ ​តុលាការ​កំពូលដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​ម៉ាឌូរ៉ូ ​​បាន​ដក​អភ័យ​ឯកសិទ្ធិ​​ពី​សមាជិក​សភា និង​សម្រេច​ចិត្ត​​​រឹបអូស​អំណាច​និតិ​បញ្ញត្តិពីសភា​មក​គ្រប់គ្រង ​ធ្វើអោយ​សហគមន៍​អន្តរជាតិ​រិះគន់ខ្លាំង។​ សូម្បីមន្ត្រី​មកពី​បក្ស​លោក​ម៉ាឌូរ៉ូ​​ក៏​មិនពេញចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូ​លដែរ។ ដោយសាររឿងនេះ ​តុលាការ​កំពូល​បាន​​ថយ​ក្រោយ​មួយជំហាន​មកវិញ ទាក់ទង​នឹង​ការសម្រេច​ដកអំណាច​សភា។ ​

គួររំលឹក​ថា ទន្ទឹម​នឹង​វិបត្តិ​នយោបាយ​ ​វ៉េណេស៊ុយអេឡា​ ​កំពុង​ជួប​​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ផងដែរ។ អតិផរណា​ឆ្នាំ២០១៥ កើនដល់​១៨០ភាគរយ។ ​​សេដ្ឋកិច្ច​ជាតិ​ពឹង​លើប្រេង ដែល​ជា​​ប្រភព​ចំណូល​តែ​មួយគត់។ ប៉ុន្មាន​ឆ្នាំ​នេះ ប្រេង​បាន​ធ្លាក់ថ្លៃ​​​១ជា​៣ ធ្វើអោយ​រដ្ឋ​ខាតចំណូល​ធ្ងន់។ ​របប​ដឹកនាំ​​គឺ​តាម​បែប​សង្គមនិយម ​រដ្ឋ​​ជា​អ្នក​ចែកចាយស្បៀង​អាហារ ​សម្ភារ​ប្រើប្រាស់ អោយ​ប្រជាជន។ របប​ដឹកនាំ​ដែល​រដ្ឋជាអ្នក​គ្រប់គ្រង​សព្វបែប​យ៉ាង​នេះ ជា​ប្រភពនៃ​អំពើ​ពុករលួយ ​ព្រោះ​មាន​ជន​មួយចំនួន​បាន​ឆ្លៀត​លួចលុយ​រដ្ឋ​ដាក់​ហោប៉ៅ។ ​​​​ប្រេង​ធ្លាក់ថ្លៃ រដ្ឋ​ខាត​ចំណូល​ ប្រជាជន​ក៏កំពុង​​​ខ្វះ​ចំណីអាហារ និង​ថ្នាំពេទ្យស្ទើរតែ​ទាំងស្រុង។ ​​​​ដោយសារ​បញ្ហា​អស់នេះ ហិង្សា​លួចប្លន់​បានកើតឡើង​ក្នុងស្រុក។

អញ្ចឹងហើយទើប​ប្រជាជន​មិនពេញចិត្ត​នឹង​របប​ដឹកនាំ​របស់​លោក​ម៉ាឌូរ៉ូ​ទេ។ កន្លងមក ​បក្ស​ប្រឆាំង​ធ្លាប់​ប្រមូល​បាន​ចំនួន​ស្នាមមេដៃ​ប្រជាជន​ គ្រប់គ្រាន់​ដើម្បី​ធ្វើប្រជាមតិ​ទំលាក់​ប្រធានាធិបតី​ ដើម្បី​អាច​រៀបចំ​ការបោះឆ្នោត​មុនអាណត្តិ។ តែ​ក្រុមប្រឹក្សា​បោះឆ្នោត​​​​ជាតិ​បាន​សម្រេច​ព្យួរ​ការរៀបចំ​ប្រជា​មតិ ម្ល៉ោះហើយ ទើប​បានជា​វិបត្តិ​នយោបាយ​កាន់តែ​ផុងជ្រៅ​ទៅ ជ្រៅទៅ​ដូចសព្វថ្ងៃ​នេះ។ ​ ​

ថ្ងៃពុធ​ស្អែក ​បើ​ក្រុមបាតុករ​ប្រឆាំង​​​ហ៊ាន​ធ្វើខ្លាំង ​កងទ័ព​អាច​នឹង​បង្ក្រាប​​ក្រុមបាតុករ​បាន។ អំណាច​ស្ថិត​លើ​ប្រធានាធិបតី រដ្ឋអំណាច​ ​និង​កងទ័ព។ កងទ័ព​វ៉េណេស៊ុយអេឡា​​កាន់កាប់​ស្ទើរ​តែ​គ្រប់​វិស័យ​ក្នុងស្រុក បែបយ៉ាង​​ផ្នែក​ផលិត​និង​ចែកចាយ​ចំណីអាហារ​ ​ក្រុមហ៊ុន​ប្រេង ធនាគារ ​ទូរទស្សន៍ ​សហគ្រាស​ខ្ចៅខ្យង​រថយន្តជាដើម។ និយាយ​រួមទៅ កងទ័ព​មា​ន​អំណាច​ស្ទើរតែ​​​ពេញដៃ កងទ័ព​គាំទ្រ​​ប្រធានាធិបតី​​ម៉ាឌូរ៉ូ។ បើ​លោក​ម៉ាឌូរ៉ូ​ខឹង ក្រុមបាតុករ​​ប្រាកដ​ជា​ពិបាក​ហើយ។ លោក​ម៉ាឌូរ៉ូ​បាន​ព្រមានដោយ​ប្រើពាក្យថា “​យើងនៅជាមួយ​ជាតិ រឺ​ក៏យើង​​ប្រឆាំង​ជាតិ”។ នេះ​ជា​ការដាក់​ជម្រើស​ដល់​ក្រុម​បាតុករច្បាស់ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI