អានតួអត្ថបទ
វៀតណាម-ចិន

ស្លាប់​៧នាក់​ ក្នុង​ការ​បាញ់ប្រហារ​រវាង​ឆ្មាំ​ព្រំដែន​វៀតណាម​ និង​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចិន​

ប្រជាជន​នៅ​​ខេត្ត ​Quang Ninh វៀតណាម
ប្រជាជន​នៅ​​ខេត្ត ​Quang Ninh វៀតណាម REUTERS/Kham
ដោយ៖ ព្រំ សឿន សូលីណា
១៤ នាទី

យោងតាម​អាជ្ញាធរ​វៀតណាម​​ ​​​ នៅថ្ងៃ​សុក្រ​ម្សិលមិញ​ថា ​នៅ​ព្រំដែន​ចិន​ ជាប់​ខេត្ត Quang Ninh វៀតណាម​​ ភាគឥសាន​​​ ​មាន​មនុស្ស​៧នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ​ក្នុង​ការ​បាញ់​ប្រហារ​​ ​រវាង​ឆ្មាំ​ព្រំដែន​វៀតណាម​​ និង​​ជនជាតិចិន​ដែល​ឆ្លងដែន​ខុសច្បាប់​​​ ព្យាយាម​ចូល​ក្នុង​ទឹកដី​វៀតណាម។ ​យោងតាម​សារព័ត៌មាន​ផ្លូវការ​វៀតណាម ជនអន្តោប្រវេសន៍​​​ខុសច្បាប់ចិន​ទាំងនោះ ​​ធ្វើដំណើរ​មកពី​ខេត្ត​ស៊ីនជាំង​ ​ប្រទេស​ចិន ជា​ខេត្ត​​សំបូរ​អ្នកកាន់​សាសនា​អ៊ីស្លាម​រស់​នៅ។ ប៉ុន្តែ អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ថា តើ​ពួកគេ​ពិត​ជា​​មកពី​ខេត្តស៊ីនជាំង​មែន ​​រឺក៏​យ៉ាងណា​នោះទេ។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍បាញ់ប្រហារ​សម្លាប់​មនុស្ស ​រវាង​ឆ្មាំ​ព្រំដែន​វៀតណាម និងជនជាតិចិន​ដែល​ព្យាយាម​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ទឹកដី​វៀតណាម​នេះ បាន​កើតឡើង​​នៅព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​​​ច្រក​ដាច់ស្រយាល​មួយ ​នៅ​រវាង​ព្រំដែន​ចិន​ ជាប់​ខេត្ត Quang Ninh វៀតណាម ក្នុង​ភាគឥសាន​វៀតណាម។ ម្សិលមិញ​នេះ អាជ្ញាធរ​វៀតណាម​បាន​​ចាប់​ជនជាតិ​ចិន​១៦នាក់ ក្នុង​នោះ​មាន​ស្ត្រី​៤នាក់ និង​ក្មេង​២នាក់ ក្រោយពេល​ពួកគេ​បានព្យាយាម​ចូល​មក​វៀតណាម។ ​

នៅពេល​អាជ្ញាធរ​វៀតណាម​ត្រៀម​បញ្ជូន​ពួកគេ​ត្រលប់​ទៅ​ចិន​វិញ ​បុរស​ចិន​​ច្រើនរូប​បាន​ទាញ​យក​កាំភ្លើង​ពី​ឆ្មាំ​ព្រំដែន​វៀតណាម ​ហើយ​បាន​បាញ់ទៅលើ​ឆ្មាំ​ព្រំដែន​វៀតណាម​ ​ធ្វើអោយ​ឆ្មាំ​ព្រំដែន​​​ម្នាក់​ស្លាប់។ ​​អាជ្ញាធរ​វៀតណាម​និង​អាជ្ញាធរ​ចិន បាន​នាំគ្នា​អន្តរាគមន៍​​បញ្ចៀស​ហិង្សា​ ប៉ុន្តែ​ជន​អន្តោប្រវេសន៍​ទាំងនោះ​​បដិសេធ​មិន​ដាក់អាវុធ​​​ចុះ ដូច្នេះ ការបាញ់​ប្រហារ​បាន​ផ្ទុះឡើង។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំងនោះ មាន​ជន​អន្តោ​ប្រវេសន៍​​ចិន​​៥នាក់ តែ​មិនដឹង​ថា តើ​ស្ត្រី​និង​កុមារ​​ចិន ​បាន​ស្លាប់​ក្នុងហេតុការណ៍​នោះ​ដែរ​រឺ​ទេ។ ​សារព័ត៌មាន​ផ្លូវការ​វៀតណាម​ប្រាប់ថា ជនជាតិ​ចិន​ទាំងនោះ​មកពីខេត្ត​ស៊ីនជាំង​ប្រទេស​ចិន ជា​ខេត្ត​សំបូរ​អ្នកកាន់​សាសនា​អ៊ីស្លាម​រស់នៅ។

ខេត្ត Quang Ninh វៀតណាម ដែល​មាន​កើតហេតុការណ៍​​​បាញ់​ប្រហារ​នេះ ស្ថិត​នៅ​ភាគ​ឥសាន​វៀតណាម​​ ជាប់​ព្រំដែន​ចិន ជាប់​ខេត្ត​ចិន ឈ្មោះ​ថា ​Guangxi។ ​ខេត្ត​នេះ​​ក្រីក្រ សំបូរ​ជនជាតិ​ភាគតិច​រស់​នៅ។ ​ក្នុង​អតីតកាល ​ក្នុង​តំបន់​ព្រំដែន​ចិន-វៀតណាម​​នេះ មាន​សកម្មភាពជួញដូរ​មនុស្ស​ច្រើន បែបយ៉ាង​​​ ស្រ្តី​វៀតណាម​ត្រូវបានគេ​បង្ខំ​អោយ​រៀបការ​ជាមួយ​អ្នកមាន​ចិន រឺ​ក៏​ក្មេងប្រុស​​ច្រើននាក់​​ត្រូវបាន​គេចាប់​យក​ទៅ​លក់អោយ​គ្រួសារ​ចិន​ដែល​គ្មាន​កូនចៅ​នឹងគេ។  ​

​​ចិន​និង​វៀតណាម​មាន​ព្រំដែនជាប់​គ្នា​ ​លាតសន្ធឹង​លើ​ផ្ទៃដី​​​​ប្រមាណ​ជាង​១៣០០​គីឡូម៉ែត្រ។ ​គ្មាន​​តួលេខ​ច្បាស់​លាស់​ណាមួយ បង្ហាញ​ពី​​​​អន្តោប្រវេសន៍​សេដ្ឋកិច្ច​​រវាង​ប្រទេស​កុម្មុយនិស្ត​ទាំង​ពីរ​​នេះទេ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ