ពុករលួយ​-វៀតណាម

​វៀតណាម៖ នាយកខុទ្ទកាល័យបក្ស​កុម្មុយនិស្ត​ ប្រចាំក្រុង​ហាណូយ ត្រូវ​ប៉ូលីសចាប់​ខ្លួន​ ពីបទពុករលួយ

កិច្ចប្រជុំ​របស់​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នាពេល​កន្លងទៅ នៅក្រុង​ហាណូយ។​
កិច្ចប្រជុំ​របស់​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នាពេល​កន្លងទៅ នៅក្រុង​ហាណូយ។​ REUTERS/Kham

នាយកខុទ្ទកាល័យបក្សកុម្មុយនិស្ត ប្រចាំក្រុងហាណូយ លោក ង្វៀន វ៉ាន់ ទូ (Nguyễn Văn Tú)​ ត្រូវប៉ូលីស​វៀតណាម​ចាប់ខ្លួន ក្នុង​សំណុំ​រឿង​ពុ​ករលួយ នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​​។ នេះបើតាមការ​បញ្ជាក់​​របស់​អ្នកសារព័ត៌មានវៀតណាម​ប្រចាំក្រុងហាណូយ។​ ការ​ចាប់​ខ្លួន​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​បក្ស​កុម្មុយនីស្ត គឺ​ស្រប​ពេលថ្ងៃតែមួយ ​ដែល​តុលាការ​ក្រុង​ហាណូយ បាន​ប្រកាស​ដាក់​ទោស​ជាប់​​ពន្ធនាគារ​អស់​មួយជីវិត ទៅលើ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​វៀតណាម ពី​បទ​ល្មើស​ពុករលួយ​សូកប៉ាន់។

ផ្សាយពាណិជ្ជកម្ម

សូម​រម្លឹក​ជូនថា លោក ង្វៀន បាក សង (Nguyễn Bắc Son) ជា​អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម ចន្លោះ​ឆ្នាំ​២០១១ ដល់​២០១៦ ជាមនុស្ស​ឥទ្ធិពលមួយរូបក្នុងគណៈកម្មការកណ្តាលរបស់មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម ត្រូវ​សមត្ថកិច្ចចាប់​ឃុំ​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០១៨​។ ការ​សម្រេច​កាត់​ទោស​ថ្ងៃសៅរ៍​ទី​២៨ធ្នូ​កន្លងទៅនេះ ក៏​មាន​ដែរ​ ទោស​ឧក្រិដ្ឋ​ជាប់​ពន្ធនាគារ​ ចំនួន​១៤ឆ្នាំ ទៅលើអនុប្រធាន​របស់​លោកអតីត​រដ្ឋមន្ត្រីព័ត៌មាន​ គឺលោក ជើង មិញ ទួន (Trương Minh Tuấn)​  ដែល​បា​នឡើងកាន់​តំណែង​ជា​រដ្ឋមន្ត្រីព័ត៌មាន​ រហូត​ដល់ថ្ងៃ​ចាប់​ខ្លួន នៅ​ខែ​កក្កដា​២០១៩​ មនុស្សពាក់ព័ន្ធ និង​មន្ត្រីរដ្ឋ​ការ ដែល​ឃុតឃិត​ក្នុង​រឿង​សូកប៉ាន់ ​ប្រមាណ​ជាង​១០នាក់ទៀត​ ត្រូវ​ទទួល​ទោស​ ចាប់ពី​២ឆ្នាំរហូត​ដល់​២៣ឆ្នាំ​។ សំណុំ​រឿង​ពុក​រលួយ​ដូច​សម្លកំពីស​នេះ គឺទាក់ទង​នឹង​ការ​ទិញ​ក្រុមហ៊ុន​សោតទស្សន៍ឯកជន ដែលបានបណ្តាលនាំឱ្យ​ខាតបង់​ថវិកា​​រដ្ឋ​ ប្រមាណ​ជាង​៣០០លាន​ដុល្លារ។​

នេះគឺជា​យុទ្ធនាការ​ប្រឆាំង​នឹងអំពើពុករលួយនៅ​ជួរ​បក្ស​និង​ជួរ​រដ្ឋាភិបាល។ ក៏ប៉ុន្តែ ​អ្នក​សង្កេតការណ៍​ក្នុងស្រុក និង​អ្នក​វិភាគមួយ​​ចំនួន បាន​បញ្ជាក់ថា «មិនត្រឹមតែបោស​សម្អាត​អំពើ​ពុករលួយ​ប៉ុណ្ណោះទេ តែ​ក៏​ជាការ​ប្រកួត​ប្រជែង​អំណាច​គ្នា​ នៅផ្ទៃ​ក្នុង​បក្សកុម្មុយនិស្តវៀតណាមផងដែរ»

ខាងក្រោម​នេះ ជាការ​វិភាគ​របស់​អ្នកកាសែត​​វៀតណាមលោក វូ វ៉ាន់ តាវ (Vo Van Tao)។

«នាយកខុទ្ទកាល័យបក្សកុម្មុយនិស្ត ប្រចាំរដ្ឋធានី​ហាណូយ លោក ង្វៀន វ៉ាន់ ទូ (Nguyễn Văn Tú)​គឺធ្លាប់ធ្វើជាប្រធានការិយាល័យវិនិយោគក្រុងហាណូយ។ ការចាប់ខ្លួនគាត់ គឺស្ថិតក្នុងក្របខណ្ឌវិធានកម្ចាត់អំពើពុករលួយដែលបានចាប់ផ្តើមធ្វើឡើងជាច្រើនខែមកហើយ។

ចំពោះសំណុំរឿងពុករលួយទិញក្រុមហ៊ុនខាងប្រព័ន្ធផ្សព្វផ្សាយ គឺយើងបានដឹងថាមានជាប់ពាក់ព័ន្ធនឹងមនុស្សជាច្រើនដែលដណ្តើមគ្នាចង់បានតំ​ណែងជា​ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​ ក្នុងចំណោម​អ្នកប្រជែងគ្នានេះ ក៏មាន អភិបាលក្រុងហាណូយម្នាក់ផង​ដែរ។ ហើយ​ដើម្បី​សម្រេច​បំណង​នេះ គឺ​ពួក​គេខ្លះ បាន​ទម្លាយ​ឯកសារ​ និង​រឿង​សម្ងាត់​របស់គូបដិបក្ខ​​ ​នៅតាម​ទំព័រ​កាសែត​។​

រឿងនេះ យើង​ច្រើន​និយាយ​ជាញឹកញយថាជា «​សង្គ្រាមផ្ទៃក្នុង​បក្ស​»។ តាម​គំនិត​ផ្ទាល់ខ្លួន ខ្ញុំ​យល់ថា ​ប្រធានាធិបតី​វៀតណា​ម​ ង្វៀន ហ៊្វូជុំ ជា​អគ្គលេខា​បក្ស​​ ក៏​បាន​ពិចារណា​ច្បាស់លាស់ដែរ ថា​អំពើ​ពុករលួយស៊ីរូង​ គឺនឹង​ធ្វើ​​ឱ្យ​គណបក្ស​​រំលំរលាយ​។ ដូច្នេះ ចំពោះ​លោកប្រធានាធិបតី បើ​សិន​ជាមានករណី​​អំពើ​ពុករលួយ គឺត្រូវ​តែ​កម្ចាត់ ត្រូវតែ​ផ្តន្ទាទោស​ចំពោះ​ជនជាប់​ចោទ គឺ​ដូចករណីជាក់ស្តែង ដូច​សំណុំរឿង​​លោកអតីត​រដ្ឋមន្ត្រី​ឃោសនា​ការ​អ៊ីចឹង។

ក៏ប៉ុន្តែ រឿង​ប្រជែង​​អំណាច​នៅក្នុង​បក្ស​ដ៏​ស្មុកស្មាញ​បែបនេះ ពេល​ខ្លះ​ ប្រមុខ​រដ្ឋ​ក៏​មិនបាន​ជ្រាប​ដឹង​អស់​ដែរ។

ទោះ​ជាយ៉ាងណាក៏ដោយ ចំពោះ​ករណី​បទល្មើស​ពុករលួយ សម្រាប់​ពលរដ្ឋ​វៀតណាម​ភាគ​ច្រើន គឺ​គេ​សង្ឃឹម​ថា ប្រព័ន្ធ​យុត្តិធម៌​នឹង​ស្រាវជ្រាវ​វែក​មុខ​ជន​ល្មើស​ រហូត​ដល់​ទីបំផុត​ បើ​ទើបជា​ត្រូវ​​ចាប់ខ្លួន ​និង​ផ្តន្ទាទោស​ចំពោះ​ថ្នាក់​ដឹកនាំ​កំពូលៗ​ទាំង​បួន​នាក់​របស់​រដ្ឋក៏ដោយ​ ក៏​គួរតែ​ធ្វើ​ដែរ ប្រសិន​បើ​ពួក​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ពុក​រលួយ​មែននោះ​»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI