អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​វៀតណាម​សុខចិត្ត​ដោះលែង​អ្នកប្រឆំាងខ្លួន រួច​ចាប់​បញ្ជូន​ទៅ​សហរដ្ឋអាមេរិក?

សំឡេង ០៥:១១
លោកង្វៀន វ៉ាន់ហាយ
លោកង្វៀន វ៉ាន់ហាយ DR
២៧ នាទី

រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​ទើប​បាន​ដោះលែង​លោក​ដ្យឺ កៃ​ឲ្យ​រួច​ខ្លួន និង​បាន​ចាប់​ដាក់​យន្តហោះ​បញ្ជូន​ទៅ​សហរដ្ឋអាមេរិក​ដោយ​ផ្ទាល់​តែ​ម្តង។ លោក​ដ្យឺ កៃ គឺ​ជា​អ្នកប្រឆំាង​របបក្រុង​ហាណូយ​ល្បីឈ្មោះ​ម្នាក់​តាម​ការ​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​វៀតណាម​លើ​ទំព័រ​អ៊ីនធឺណែត។ គឺ​នៅ​អធ្រាត្រ​យប់​ថ្ងៃ​អង្គារ ទី២១ តុលា​ដែល​លោក​ដ្យឺ កៃ​បាន​ទៅ​ដល់​ទីក្រុង​ឡូស អន់ហ្យឺលេស​ដោយ​មាន​ការ​ទទួល​ពី​សកម្មជន​អ្នកគំាទ្រ​លោក​ជា​ច្រើន​នាក់។ នៅ​ពេល​ជាន់ទឹកដី​អាមេរិកំាង​ភ្លាម លោក​ដ្យឺ កៃ​បាន​ថ្លែង​ចាត់​ទុក​ការ​ដោះលែង​រូប​លោក​ថា ជា​ជោគជ័យ​នៃ​តម្លៃ​ប្រជាធិបតេយ្យ និង​ថា លោក​នឹង​​បន្ត​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ក៏​ដូច​ជា​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​ផ្សេង​ទៀត​នៅ​វៀតណាម។

ផ្សាយពាណិជ្ជកម្ម

លោក​ដ្យឺ កៃ មាន​ឈ្មោះ​ពិត​ថា ង្វៀន វ៉ាន់ហាយ។ ភាព​ល្បី​ឈ្មោះ​បោះ​សម្លេង​របស់​លោក​ង្វៀន វ៉ាន់ហាយ​មក​ពី​លោក​ហ៊ាន​ចេញ​មុខ​ប្រឆំាង​នឹង​របប​កុម្មុយនិស្ត​ក្រុង​ហាណូយ​តាម​រយៈ​ការ​សរសេរ​អត្ថបទ​រិះគន់ ទិតៀន​នៅ​ក្នុង​ប្លុក​អ៊ីធឺណែត​របស់​លោក។ គឺ​តាម​រយៈ​ទង្វើ​នេះ​ហើយ​ដែល​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ហាណូយ​កាត់ទោស​ញាត់​គុក​ចំនួន ១២ឆ្នំា​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១២។ ក្រៅ​ពី​រូប​លោក​ង្វៀន វ៉ាន់ហាយ ក៏​នៅ​មាន​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​បាន​ទទួល​ទោស​ក្នុង​ពេល​ដំណាល​គ្នា និង​ក្នុង​ហេតុផល​ដូច​គ្នា ដោយ​ម្នាក់​ទទួល​ទោស​ជាប់​គុក​ចំនួន ១០ឆ្នំា និង​ម្នាក់​ទៀត​ចំនួន ៤ឆ្នំា។ តែ​អ្នក​ទំាង​ពីរ​នេះ​កំពុង​បន្ត​ជាប់​ឃុំ​ដោយ​គ្មាន​សំណាង​ទទួល​បាន​ការ​ដោះលែង​ដូច​លោក​ង្វៀន វ៉ាន់ហាយ​នៅ​ពេល​នេះ​ទេ។ ពេល​ស្នាក់​នៅ​ក្នុង​គុក លោក​ង្វៀន វ៉ាន់ហាយ​បាន​ធ្វើ​កូដកម្ម​អត់អាហារ​យ៉ាង​តិច​ចំនួន ២ដង ដើម្បី​ប្រឆំាង​នឹង​សាលក្រម​ផ្តន្ទាទោស​លោក។

សូម​ជម្រាប​ជូន​ថា មុន​នឹង​ត្រូវ​តុលាការ​ក្រុង​ហាណូយ​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន ១២ឆ្នំា​ក្នុង​ខែ​កញ្ញា ឆ្នំា ២០១២ ពី​បទ​ឃោសនា​ប្រឆំាង​រដ្ឋាភិបាល លោក​ង្វៀន វ៉ាន់ហាយ​ក៏​បាន​ទទួល​ទោស​ជាប់​គុក​ចំនួន ២ឆ្នំា​កន្លះ​កាល​ពី​ឆ្នំា ២០០៨ ពី​បទ​លួចពន្ធ គឺ​មិនមែន​រឿង​សរសេរ​អត្ថបទ​រិះគន់ ទិតៀន​រដ្ឋាភិបាល​ទេ។ តែ​អ្វី​ដែល​អាច​ចាត់​ទុក​ជា​រឿង​ចៃដន្យ​នោះ​គឺ​ថា ការ​ចាប់​ខ្លួន​លោក​ង្វៀន វ៉ាន់ហាយ​ក្នុង​ឆ្នំា ២០០៨ បាន​ធ្វើ​ឡើង ស្រប​គ្នា​នឹង​យុទ្ធនាការ​បង្រ្កាប​លើ​អ្នកកាសែត​ពី​រដ្ឋអំណាច​ក្រុង​ហាណូយ។ កំណត់​សម្គាល់​មួយ​ទៀត ការ​ដោះលែង​លោក​ង្វៀន វ៉ាន់ហាយ​ពី​សំណាក់​រដ្ឋអំណាច​វៀតណាម​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​អំពាវនាវ​កាល​ពី​ខែ​ឧសភា ឆ្នំា ២០១២ ឲ្យ​សហគមន៍​អន្តរជាតិ​កុំភ្លេច​ក្រុម​អ្នកកាសែត ក្នុង​នោះ លោក​អូបាម៉ា​ក៏​បាន​និយាយ​ឈ្មោះ​លោក​ង្វៀន វ៉ាន់ហាយ​​ដែរ។

វៀតណាម​កំពុង​បំពេញ​ចិត្ត​អាមេរិក​ដើម្បី​ជួយ​ខ្លួន​ប្រឈម​ទប់​នឹង​ចិន​នៅ​ក្នុង​ជម្លោះ​ដែនដី

បើ​ទង្វើ​ដោះលែង​លោក​ង្វៀន វ៉ាន់ហាយ​ពេល​នេះ ពិត​ជា​ឆន្ទៈល្អ​របស់​ក្រុង​ហាណូយ​មែន ចុះ​ហេតុអ្វី​ក៏​វៀតណាម​មិន​ដោះលែង​អ្នកទោស​ផ្សេង​ទៀត​ផង ពិសេស​អ្នកទោស​ពីរ​នាក់​ទៀត​ដែល​បាន​កាត់ទោស​ដំណាលគ្នា ក្នុង​ហេតុផល​ដូច​គ្នា​នឹង​លោក​ង្វៀន វ៉ាន់ហាយ និង​ដែល​កំពុង​បន្ត​ជាប់​ឃុំ​មក​ដល់​ម៉ោង​នេះ។ ចម្ងល់​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​នៅ​ពេល​នេះ​គឺ​ថា តើ​វា​ចំាបាច់​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​និយាយ​ឈ្មោះ​អ្នកទោស​វៀតណាម​ណា​ម្នាក់ ទើប​រដ្ឋអំណាច​វៀតណាម​សម្រេច​ដោះលែង​អ្នកទោស​រូប​នោះ ឬ​យ៉ាង​ណា?។

មែនទែន​ទៅ មាន​ហេតុផល​សំខាន់​ចំនួន​ពីរ​ដែល​បាន​បាន​ជម្រុញ​ឲ្យ​វៀតណាម​ដោះលែង​លោក​ង្វៀន វ៉ាន់ហាយ​នៅ​ពេល​នេះ ទី១ ចំ​ពេល​ដែល​អាមេរិក​ទើប​បាន​យល់ព្រម​លក់​អាវុធ​ទៅ​វៀតណាម​ជា​ថ្មី បន្ទាប់​ពី​បាន​ព្យួរចោល​អស់​រយៈពេល ៤០ឆ្នំា​កន្លង​មក ពោល​តំាង​ពី​ការ​បិទបញ្ចប់​សង្រ្គាម​វៀតណាម​ក្នុង​ឆ្នំា ១៩៧៥ និង​ហេតុផល​ទី២ ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ត្រៀម​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ និយាយ​ពី​រឿង​អាមេរិក​សុខចិត្ត​លក់​អាវុធ​ឲ្យ​វៀតណាម គឺ​មាន​តែ​ប្រភេទ​អាវុធ​សម្រាប់​ការពារ​សន្តិសុខ​នៅ​តាម​ដែនសមុទ្រ​ប៉ុណ្ណោះ។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា អាមេរិក​កំពុង​ជួយ​វៀតណាម​ដើម្បី​ប្រឆំាង​ចិន​នៅ​ក្នុង​សំណុំរឿង​ដណ្តើម​ប្រជុំកោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ត្រង់​ចំណុច​នេះ ទីក្រុង​ហាណូយ​ពិត​ជា​គិត​មិន​ច្រឡំ​ទេ​ថា មាន​តែ​ការ​ចាប់​ដៃ​ជាមួយ​អាមេរិក​ទេ​ទើប​ខ្លួន​អាច​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​ចិន​បាន នោះ​បើ​ទោះ​បី​ជា​ត្រូវ​ដោះដូរ​ជាមួយ​នឹង​ការ​ដោះលែង​អ្នកទោស​ប៉ុន្មាន​នាក់​ទៀត​ក៏​ដោយ។

គួរ​បញ្ជាក់​ថា ការ​ដោះលែង​លោក​ង្វៀន វ៉ាន់ហាយ​ឲ្យ​រួច​ខ្លួន​ពេល​នេះ ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ដែល​គ្មាន​នរណា​ម្នាក់​បាន​ទន្ទឹង​រង់ចំា​បន្តិច​សោះ​ឡើយ សូម្បី​តែ​ភរិយា​របស់​លោក​ង្វៀន វ៉ាន់ហាយ​ក៏​មិន​បាន​គេ​ជូន​ដំណឹង​ឲ្យ​បាន​ដឹង​មុន​ដែរ។ នៅ​ពេល​ដោះលែង​ទៀត លោក​ង្វៀន វ៉ាន់ហាយ​ក៏​ត្រូវ​បាន​គេ​ដឹកចេញ​ពី​ពន្ធនាគារ​ទៅ​កាន់​អាកាសយានដ្ឋាន​ភ្លាមៗ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​បាន​ជួប​មុខ​ប្រពន្ធ កូន ឬ​មួយ​ក៏​ក្រុមគ្រួសារ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ