អានតួអត្ថបទ
វៀតណាម

វៀតណាម​ប្រាព្ធ​ខួប​៤០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​បញ្ចប់​សង្រ្គាម​ជាមួយ​អាមេរិក

​ប្រធានាធិបតី​វៀតណាម ជឿង តាន់ សាង
​ប្រធានាធិបតី​វៀតណាម ជឿង តាន់ សាង REUTERS/Kham
ដោយ៖ សេង ឌីណា
១៦ នាទី

មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម រួមជាមួយ​នឹង​មនុស្ស​រាប់​ពាន់នាក់ ​បាន​ជួបជុំគ្នា នៅថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​រដ្ឋធានី​ហាណូយ ដើម្បី​ប្រារព្ធ​ខួប​៤០ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ចុះ​កាល​ពីឆ្នាំ​១៩៧៣។ កិច្ចព្រមព្រៀង​ ដែល​ធ្វើ​ឡើង ក្នុងគោលដៅ​​​​បិទបញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ​របស់​​អាមេរិក​នៅ​វៀតណាម។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​គណៈប្រតិភូ​បក្ស​កុម្មុយនិស្តវៀតណាម​ នៅថ្ងៃ​សុក្រ​នេះ លោកជឿង តាន់ សាង (Truong Tan Sang) ប្រធានាធិបតី​វៀតណាម​ បាន​ថ្លែងថា ការចរចា​​រហូត​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ នៅ​ក្រុងប៉ារីស កាល​ពី​ថ្ងៃ​ទី២៧ មករា ​ឆ្នាំ​១៩៧៣​នេះ គឺ​ជាការ​ចរចា​ដ៏វែង និង​ដ៏សែនពិបាក​មួយ ក្នុង​វិស័យការទូត​វៀតណាម។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ គឺ​ជា​ជោគជ័យ​ផ្នែកការទូត​ដ៏​ធំធេង​មួយ​របស់​វៀតណាម ទល់នឹង​មហាអំណាច​អាមេរិក។

គួររំឭកឡើងវិញ​ថា ការចរចា​បញ្ចប់​សង្រ្គាម​អាមេរិក-វៀតណាម បាន​ចាប់ផ្តើម​បើកធ្វើ នៅ​ក្រុងប៉ារីស កាល​ពី​ខែ​ឧសភា ឆ្នាំ​១៩៦៨ ដោយ​អាមេរិក​រំពឹង​ថា​នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​បាន​ឆាប់ៗ។ ក៏ប៉ុន្តែ ការចរចានេះ​ត្រូវ​បាន​អូសបន្លាយ​ពេល​រហូតដល់​ទៅ ៥ឆ្នាំ ដោយ​នៅ​ក្នុង​អំឡុង​ពេលនេះ សង្រ្គាម​វៀតណាម​នៅតែ​បន្ត​រាលដាល​កាន់តែ​ខ្លាំង ដោយ​ភាគី​ទាំង​ពីរ គឺ​ម្ខាង​វៀតណាម​ខាងជើង និង​ម្ខាងទៀត​អាមេរិក និង​វៀតណាម​ខាង​ត្បូង ​ដាក់ចេញនូវ​យុទ្ធសាស្រ្ត “វ៉ៃផង ចរចាផង” ដើម្បី​យក​កម្លាំង​នៅលើ​សមរភូមិ​មក​ធ្វើ​ជា​សម្ពាធ​លើ​តុចរចា។

ប៉ុន្តែ ការ​អូសបន្លាយ​ពេល​ចរចា​នេះ បាន​ជា​ប្រយោជន៍​ដល់​វៀតណាម​ខាងជើង ​ជាង​អាមេរិក ដែល​ចលនា​ប្រជាជន​អាមេរិក​បាន​ងើបឡើង​ប្រឆាំង​នឹង​សង្រ្គាម​នៅវៀតណាម​កាន់តែ​ខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ចំនួនទ័ព​​នៅ​វៀតណាម។

នៅក្នុងកិច្ចព្រមព្រៀង​ក្រុងប៉ារីស ភាគីទាំងបី គឺ​វៀតណាម​ខាងជើង វៀតណាម​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិកបាន​ព្រមព្រៀង​គ្នា​លើ​បទឈប់បាញ់​ ដោយ​អាមេរិក​សន្យា​ដក​កងទ័ព​ចេញ​ពីវៀតណាម ក្នុងរយៈពេល ៦០ថ្ងៃ ហើយ​វៀតណាម​ខាង​ជើង​សន្យា​ដោះលែង​ឈ្លើយសឹក​អាមេរិក​ទាំងអស់។ វៀតណាម​ខាងជើង និង​វៀតណាម​ខាង​ត្បូង​ក៏​បានព្រមព្រៀង​គ្នា​ដែរ​ថា នឹង​ជជែកគ្នា​រកវិធី​បង្រួបបង្រួមគ្នា​វិញ ដោយ​សន្តិវិធី។

នៅ​ឆ្នាំ​១៩៧៣​នោះ លោក​ Henry Kissinger រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​លោក​ឡេ ឌឹក ថូ (Le Duc Tho) សមាជិក​គណៈអចិន្រ្តៃយ៍​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​ជា​តួអង្គ​សំខាន់​ ក្នុង​ការ​ចរចា​ក្រុងប៉ារីស ត្រូវ​បាន​គេ​សម្រេច​ប្រគល់​​​រង្វាន់​ណូបែល​សន្តិភាព។ ក៏ប៉ុន្តែ លោក​ឡេ​ ឌឹក ថូ បាន​បដិសេធ​មិន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​នេះ ដោយ​អះអាង​ថា ប្រទេស​របស់​លោក​មិន​ទាន់​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅឡើយ។

ក្រោយ​មក វៀតណាម​ខាងជើង​​ក៏​បាន​រំលោភលើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ហើយ​បើក​ការវាយលុក​ទៅលើ​វៀតណាម​ខាង​ត្បូង រហូត​ដណ្តើម​កាន់កាប់​បាន​​ក្រុង​សៃហ្កន (ព្រៃនគរ) នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។

គិតជាសរុប សង្រ្គាម​វៀតណាម (ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧៥) បាន​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ស្លាប់​​ជិត ៦ម៉ឺននាក់​។ ចំណែក​វៀតណាមវិញ សង្រ្គាម​ ២០ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៣លាន​នាក់ ទាំង​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ