វៀតណាមគំរាមប្តឹងចិនតាមផ្លូវច្បាប់ ទាក់ទងសកម្មភាពខួងរកប្រេងចិនក្នុងតំបន់ជម្លោះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅល្ងាចថ្ងៃពុធ ម្សិលមិញ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់ជុង បានផ្ញើលិខិតមួយទៅសារព័ត៌មានរ៉យតឺ ប្រាប់ថា វៀតណាមអាចនឹងដាក់ពាក្យប្តឹងតុលាការ ប្រឆាំងចិន តាមផ្លូវច្បាប់ ដោយសារតែចិនបានធ្វើសកម្មភាពខួងរកប្រេងក្រោមបាតសមុទ្រ ក្នុងដែនទឹកជាប់ជម្លោះជាមួយវៀតណាម។ នៅថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្ត្រីវៀតណាមបានបំពេញទស្សនកិច្ចនៅហ្វីលីពីន ជួបប្រធានាធិបតីអាគីណូ។ នាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសថា ហ្វីលីពីននិងវៀតណាម ព្រមព្រៀងគ្នាចាត់ទុក សកម្មភាពខួងរកប្រេងចិន ថាខុសច្បាប់។
វៀតណាមគម្រាមចិនថា អាចនឹងប្តឹងតុលាការប្រឆាំងចិន ទាក់ទងនឹងសកម្មភាពខួងរកប្រេងចិន នៅបាតសមុទ្រជាប់ជម្លោះរវាងប្រទេសទាំង២ ក្បែរប្រជុំកោះប៉ារ៉ាសែល នៅសមុទ្រចិនខាងត្បូង។ ក្នុងលិខិត សរសេរផ្ញើអោយសារព័ត៌មានរ៉យតឺ ម្សិលមិញ នាយក រដ្ឋមន្ត្រី វៀតណាម ង្វៀន តាន់ជុង បានលើកឡើងថា វៀតណាមកំពុងគិតពីជម្រើសផ្នែកការពារជាច្រើន ពិសេសគិតពីសកម្មភាពផ្លូវច្បាប់ សមស្របតាមច្បាប់អន្តរជាតិ។ លោកង្វៀន តាន់ជុង មិនបានប្រាប់ថា តើជម្រើសផ្នែកការពារដែលវៀតណាមកំពុងគិតនោះ មានលក្ខណៈដូចម្តេចទេ។
វៀតណាមបញ្ជាក់ថា សកម្មភាពខួងរកប្រេងរបស់ចិន ធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ ចិនបានតបវិញថា សកម្មភាពបូមប្រេងនេះស្ថិតក្នុងដែនទឹកជាកម្មសិទ្ធិរបស់ចិន។ គួររំលឹកថា សកម្មភាពខួងបូមប្រេងចិននេះ បានបង្កអោយមានបាតុកម្មហិង្សាប្រឆាំងចិន នៅវៀតណាម ធ្វើអោយជនជាតិចិន៤នាក់ស្លាប់ និងមនុស្សជាង១រយនាក់រងរបួស។ ចិនបានជម្លៀសប្រជាជនខ្លួនរាប់ពាន់នាក់ចេញពីវៀតណាម និងប្រកាសព្យួរផែនការពាណិជ្ជកម្មទ្វេភាគីមួយចំនួន ជាមួយវៀតណាម។
ម្សិលមិញ នាយករដ្ឋមន្ត្រីវៀតណាមបានចុះទៅហ្វីលីពីន ជួបប្រធានាធិបតីបេនីញ៉ូ អាគីណូ និងបានចេញមុខប្រកាសថា វៀតណាមនិងហ្វីលីពីនចាត់ទុកសកម្មភាពខួងបូមប្រេងរបស់ចិន ថាជាទង្វើខុសច្បាប់ ក្នុងចំណោមសកម្មភាពដទៃទៀតរបស់ចិន ក្នុងតំបន់ជម្លោះ នៅសមុទ្រចិន។ ដោយសារវៀតណាមនិងហ្វីលីពីនមានជម្លោះបូរណភាពដែនទឹកជាមួយចិនដូចគ្នា ទំនាក់ទំនងរវាងវៀតណាមនិងហ្វីលីពីនបានឈានទៅរកភាពជិតដិតនឹងគ្នា។ លោកតាន់ជុង និងលោកអាគីណូ ប្រាប់ថា ប្រទេសទាំងពីរចាប់ផ្តើមធ្វើការជាមួយគ្នា ដើម្បីរៀបចំឡើងនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយ។
កាលពីខែមិនា ហ្វីលីពីនធ្លាប់បានប្តឹងផ្តល់ចិនតាមផ្លូវច្បាប់រួចហើយ ទាក់ទងនឹងជម្លោះបូរណភាព នៅសមុទ្រចិន។ ហ្វីលីពីនបានដាក់ពាក្យប្តឹងទៅតុលាការអាជ្ញាកណ្តាលនៃអង្គការសហប្រជាជាតិនៅក្រុងឡាអេ។ ហ្វីលីពីនសុំអោយតុលាការនេះគូសបញ្ជាក់ថា ពីសិទ្ធិទាញយកប្រយោជន៍ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំងដែលទាមទារបូរណភាពដែនទឹករហូត៩០ភាគរយ នៅសមុទ្រចិននេះ បានបដិសេធមិនចូលខ្លួនក្នុងរឿងប្តឹងផ្តល់របស់ហ្វីលីពីន។ ក្រុងប៉េកាំងព្រមានថា បណ្តឹងរបស់ក្រុងម៉ានីលនេះ នឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំង២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ