វៀតណាម៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ពីរឿងសូកប៉ាន់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម ថ្ងៃទី២៨ធ្នូត្រូវតុលាការក្រុងហាណូយ កាត់ទោសដាក់ពន្ធនាគារអស់មួយ ជីវិតពីបទល្មើសពុករលួយសូកប៉ាន់។ បទល្មើសនេះ កើតចេញពីការណ៍ដែលអតីតរដ្ឋមន្ត្រីបានអនុញ្ញាតផ្តល់ភ្លើងខៀវឱ្យក្រុមហ៊ុនទូរគមនាគមន៍រដ្ឋទិញក្រុមហ៊ុនសោតទស្សន៍ឯកជន និងដែលបង្កការខាតបង់ប្រាក់រដ្ឋ ប្រមាណ៣០០លានដុល្លារ។ ជុំវិញរឿងនេះ ក៏មានមនុស្សជំនិតមួយចំនួនរបស់លោករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋការជាង១០នាក់ផ្សេងទៀត ក៏ត្រូវតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាការផងដែរ។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម ចន្លោះឆ្នាំ២០១១ ដល់២០១៦ លោក ង្វៀន បាក សង (Nguyễn Bắc Son) ក៏ជាសមាជិកសំខាន់និងដ៏មានឥទ្ធិពលមួយរូប ក្នុងគណៈកម្មការកណ្តាលរបស់មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោកអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីខែកុម្ភៈឆ្នាំទៅមិញ ហើយត្រូវអយ្យការរដ្ឋអាជ្ញាវៀតណាម ស្នើសុំតុលាការផ្តន្ទាទោសប្រហារជីវិតតែម្តង។ ក៏ប៉ុន្តែ ក្រោយការចរចាគ្នានិងការសម្រុះសម្រួលផ្តល់សំណងជូនរដ្ឋវិញ ក្នុងរង្វង់ទឹកប្រាក់រាប់លានដុល្លាររួចមក នៅទីបំផុត សាលាជម្រះក្តីក្រុងហាណូយ ក៏បានសម្រេចផ្តន្ទាទោសឧក្រិដ្ឋ ត្រឹមជាប់ពន្ធនាគារអស់មួយជីវិត នៅថ្ងៃទី២៨ធ្នូនេះ។
ជុំវិញសំណុំរឿងពុករលួយសូកប៉ាន់នេះ បើតាមការផ្សាយពីកាសែតក្នុងស្រុកវៀតណាម គឺក្នុងពេលកាន់អំណាចជារដ្ឋមន្ត្រី លោកបានឃុបឃិតទទួល«ប្រាក់ទឹកតែ»ពីសេដ្ឋីម្ចាស់ក្រុមហ៊ុនឯកជនមួយខាងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនរដ្ឋ MobiFone ទិញក្រុមហ៊ុនឯកជន Audio Visual Global -AVG។ រឿងនេះ ធ្វើឱ្យរដ្ឋខាតបង់ប្រាក់ ប្រមាណជា៣០០លានដុល្លារ។
សំណុំរឿងពុករលួយសូកប៉ាន់នេះ ក៏មានជាប់ពាក់ព័ន្ធនឹងមនុស្សជំនិតនិងមន្ត្រីរដ្ឋការ ដូចសម្លកំពីស។ អនុប្រធានរបស់លោកអតីតរដ្ឋមន្ត្រីព័ត៌មាន គឺលោក ជើង មិញ ទុង (Trương Minh Tuấn) ជារដ្ឋមន្ត្រីកាន់តំណែងបន្តពីលោកអតីតរដ្ឋមន្រ្តី និងជាមនុស្សខ្លឹមនៅក្នុងបក្សបក្សកុម្មុយនិស្តវៀតណាមដែរ ក៏ត្រូវតុលាការកាត់ទោសដេកពន្ធនាគារ១៤ឆ្នាំ។ មន្ត្រីរដ្ឋប្រមាណជាង១០នាក់ទៀត ត្រូវរងទោស ចាប់ពី២ឆ្នាំរហូតដល់២៣ឆ្នាំ នៅក្រោយចម្រឹងដែក។
ចំពោះអ្នកសង្កេតការណ៍នៅវៀតណាម អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាមនេះ គឺគ្រាន់តែជាមនុស្សកណ្តាលមួយតែប៉ុណ្ណោះ សំណុំរឿងសូកប៉ាន់នេះ គឺនៅមានមនុស្សធំៗមានអំណាចគ្រាក់ៗនៅពីក្រោយលោកច្រើនទៀត។
ទោះយ៉ាងណាក៏ដោយ ការកាត់ទោសនេះ គឺត្រូវគេមើលឃើញថា ស្ថិតនៅក្រោមយុទ្ធនាការបោសសម្អាតអំពើពុករលួយរបស់រដ្ឋាភិបាលវៀតណាម ដែលបានដាក់ចេញវិធានការ នៅឆ្នាំ២០១៦ ទន្ទឹមនឹងការមកដល់នៃក្បាលម៉ាស៊ីននីតិប្រតិបត្តិថ្មី។
បើតាមអង្គការតម្លាភាពអន្តរជាតិ វៀតណាមជាប្រទេសពុករលួយនៅអាស៊ីអាស៊ីអគ្នេយ៍ ដែលជាប់លំដាប់លេខ ១១៧ ក្នុងចំណោម១៨០ប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ