ពលរដ្ឋវៀតណាមបោះឆ្នោតរើសតំណាងរាស្រ្តថ្មីចេញពីគណបក្សកុម្មុយនិស្តតែមួយ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអាទិត្យនេះ ពលរដ្ឋវៀតណាមជាង ៦០លាននាក់ ត្រូវចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភា សម្រាប់អាណត្តិថ្មី។ អាជ្ញាធរវៀតណាមបានហៅការបោះឆ្នោតនេះថា ជាព្រឹត្តិការណ៍នយោបាយដ៏អស្ចារ្យមួយ ក៏ប៉ុន្តែ ពលរដ្ឋវៀតណាមហាក់ដូចជាគ្មានជម្រើសអ្វីប៉ុន្មានទេ ពីព្រោះបេក្ខជនដែលឈរឈ្មោះក្នុងការបោះឆ្នោតនេះ ចេញពីគណបក្សតែមួយគត់ គឺគណបក្សកុម្មុយនិស្តវៀតណាម។
រដ្ឋសភាវៀតណាមមានសមាជិកសរុប ចំនួន ៥០០រូប ដែលពលរដ្ឋវៀតណាមត្រូវបោះឆ្នោតជ្រើសរើស សម្រាប់អាណត្តិថ្មី នៅថ្ងៃអាទិត្យនេះ។ បេក្ខជនឈរឈ្មោះជាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតថ្ងៃនេះ មានចំនួន ៨២៧រូប។
ថ្វីដ្បិតតែ មេដឹកនាំវៀតណាមតែងតែបដិសេធមិនលុបចោលប្រព័ន្ធដឹកនាំបែបឯកបក្ស ក៏ប៉ុន្តែ បានអនុញ្ញាតឲ្យមានសមាជិកសភាចំនួន ១០% ជាអ្នកមកពីក្រៅគណបក្សកុម្មុយនិស្ត។ ទោះជាយ៉ាងណា ដើម្បីបានឈរឈ្មោះ បេក្ខជនដែលមិនមែនជាសមាជិកគណបក្សកុម្មុយនិស្តចាំបាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណបក្សកុម្មុយនិស្ត។
ការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកទ្វារ កាលពីម៉ោង ៧ព្រឹក ម៉ោងនៅក្នុងប្រទេសវៀតណាម។ យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) គ្រាន់តែការិយាល័យបោះឆ្នោតបើកទ្វារភ្លាម ពលរដ្ឋវៀតណាមក៏បានចាប់ផ្តើមនាំគ្នាចូលទៅបោះឆ្នោតភ្លាមៗដែរ។ ក៏ប៉ុន្តែ ក្នុងចំណោមអ្នកបោះឆ្នោតទាំងនោះ មានអ្នកខ្លះនិយាយថា គេចេញមកបោះឆ្នោត គឺដោយសារតែជាកាតព្វកិច្ចតម្រូវប៉ុណ្ណោះ។
លទ្ធផលបោះឆ្នោតអាចនឹងត្រូវគេប្រកាសឲ្យដឹងនៅក្នុងរយៈពេល ៧ ឬ១០ថ្ងៃខាងមុខ។ សមាជិកសភាថ្មី ដែលមានអាណត្តិ ៥ឆ្នាំ គ្រោងនឹងបើកកិច្ចប្រជុំជាលើកដំបូង នៅថ្ងៃទី២១ កក្កដា ខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើរដ្ឋាភិបាល។
ទោះជាយ៉ាងណា ការបោះឆ្នោតនេះគ្រាន់តែជានីតិវិធី ដើម្បីបង្រ្គប់កិច្ចប៉ុណ្ណោះ។ អ្វីៗត្រូវបានបក្សកំណត់រួចជាស្រេចទៅហើយ។ នៅវៀតណាម អំណាចពិតប្រាកដ គឺស្ថិតក្នុងដៃគណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការមជ្ឈិមបក្ស ដែលមានសមាជិក ២០០នាក់ កើតចេញពីសមាជបក្ស កាលពីខែមករា កន្លងទៅថ្មីៗនេះ។ គណៈអចិន្រ្តៃយ៍បក្សបានកំណត់ជ្រើសរើសមេដឹកនាំធំៗរួចជាស្រេចទៅហើយ។ គេរំពឹងថា លោកង្វៀន ថាន់ ស៊ុង នឹងនៅបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីតទៅទៀត។ គូប្រជែងរបស់លោកង្វៀន ថាន់ ស៊ុង គឺលោក ទ្រឿង ថាន់ សាង ទំនងជានឹងត្រូវទទួលតំណែងជាប្រធានាធិបតី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ