កម្ពុជា-វៀតណាម

មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម​​​បំពេញ​ទស្សនកិច្ច​​នៅ​កម្ពុជា​នៅ​ថ្ងៃ​អង្គា​រ​ខាង​មុខ​​

អគ្គ​លេខាធិការបក្ស​កុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង
អគ្គ​លេខាធិការបក្ស​កុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង Reuters

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​ លោក​ង្វៀនភូចុង​( Nguyen Phu​ Trong) ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ក្រោយ​នេះ។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​កម្ពុជា ​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​នឹង​ចូល​ថ្វាយ​បង្គំគាល់​ព្រះមហា​ក្សត្រ​ អតីត​ព្រះមហាក្សត្រ​ និង​មេដឹកនាំ​កំពូល​ស្ថាប័ន​ជាតិ​ទាំង​បី។ ​វត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​ទីក្រុង​ហាណូយ​នៅ​កម្ពុជា​នា​ពេល​នេះ ​បាន​កើត​ឡើង ​បន្ទាប់​ពី​សន្និសីទ​កំពូល​រណសិរ្ស​៣​ប្រទេស​កម្ពុជា ​វៀតណាម ​ឡាវ ​ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ដើម​សប្តាហ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​ របស់​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ កុម្មុយនិស្ដ​វៀតណាម​ លោក​ ង្វៀន​ ភូចុង នៅ​​ពេល​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ព្រះបរមនាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា។ ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​ពន្យល់​ថា​ ជា​ទស្សនកិច្ច​មិត្តភាព ​និង​ផ្លូវ​រដ្ឋ ​រយៈពេល ​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​៦ ​ដល់​ថ្ងៃទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១១។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ លោក​ ង្វៀន​ ភូចុង​ នឹង​ចូល​បង្គំគាល់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី ​និង​អតីត​ព្រះមហាក្សត្រ ​សម្តេចឪ ​នរោត្តម ​សីហនុ ​ព្រមទាំង​មេដឹកនាំ​កំពូល​នៃ​ស្ថាប័ន​ជាតិ​ទាំង​បី​គឺ​លោក ​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធសភា,​ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា ​និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​ក្រៅពី​នោះ​ ឥស្សរជន​វៀតណាម​រូប​នេះ​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ និង​ទស្សនកិច្ច​ក្នុង​ខេត្ត​សៀមរាប​ផងដែរ។

លោក​ ង្វៀន ភូចុង ​គឺ​ជា​ឥស្សរជន​កំពូល​ម្នាក់​ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​វៀតណាម ​កាលពី​ដើម​ឆ្នាំ​២០១១។​ មុន​នឹង​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ឲ្យ​ឡើង​​កាន់​តំណែង​អគ្គលេខា​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ដ​វៀតណាម ​ដោយ​មហា​សន្និបាត​​បក្សកុម្មុយនិស្ដ​លើក​ទី​១១ ​កាលពី​ខែ​មករា​ ឆ្នាំ២០១១​ លោក​ភូចុង​គឺ​ជា​ប្រធាន​សភា​ជាតិ​វៀតណាម។​ នៅ​មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ណាមួយ​ដែល​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​ជំនួប​ទាំង​នោះ​នៅ​ឡើយ​ទេ។ ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នឹង​ត្រូវ​គេ​ចេញ​ផ្សាយ​នៅ​ចុង​បញ្ចប់​នៃ​ទស្សនកិច្ច​​នេះ។

គួរកត់​សម្គាល់​ថា ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ពេល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សន្និសីទ​ថ្នាក់​កំពូល​នៃ​រណសិរ្ស​៣​ប្រទេស​កម្ពុជា ​វៀតណាម​ ឡាវ​ ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ដើម​សប្តាហ៍​នេះ​នៅ​កម្ពុជា​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​កសាង​ព្រំដែន​សន្តិភាព ​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងបី។ ទស្សនកិច្ច​នេះ​ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​កម្ពុជា​បាន​ប្រារព្ធ​ទិវា​កំណើត​រណសិរ្ស​២​ធ្នូ​ ឆ្នាំ​១៩៧៨​ ដើម្បី​រំដោះ​ប្រទេស​ចេញ​ពី​របប​ខ្មែរក្រហម។ «រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា»​ដែល​គាំទ្រ​ដោយ​ប្រទេស​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI