ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បក្ស​កម្មុយនិស្ត​វៀតណាម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ផ្ទៃក្នុង

សំឡេង ០៧:៤៥
លោក​អគ្គលេខាធិការបក្ស​កុម្មុយនិស្ត​វៀតណាម ង្វៀន ភូទ្រុង នៅក្នុង​កិច្ច​ប្រជុំ​គណបក្ស​ក្នុង​ទីក្រុង​ហាណួយ
លោក​អគ្គលេខាធិការបក្ស​កុម្មុយនិស្ត​វៀតណាម ង្វៀន ភូទ្រុង នៅក្នុង​កិច្ច​ប្រជុំ​គណបក្ស​ក្នុង​ទីក្រុង​ហាណួយ ©VNexpress

គណបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​បិទ​បញ្ចប់​សន្និសីទ​ថ្នាក់ជាតិ​រយៈពេល បីថ្ងៃ នៅថ្ងៃពុធ ទី ២៩ កុម្ភៈនេះ ដោយ​បាន​សន្យា​ធ្វើកំណែទម្រង់​ផ្ទៃក្នុង​គណបក្ស។ គណបក្ស​សន្យា​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ជួរបក្ស និង​ដោះស្រាយ​បញ្ហា​ចម្បង​មួយចំនួន​ទាក់ទង​នឹង​អាកប្បកិរិយា​ខុសឆ្គង​របស់​សមាជិក​គណបក្ស​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

 

អំពើពុករលួយ និង​អយុត្តិធម៌​គឺ​ជា​មូលហេតុ​​ចំបង​ដែល​បាន​ទាញ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់អំណាច​ឲ្យ​បាន​ធ្លាក់ចុះ ទាំង​ក្នុង​ចំណោម​ប្រជាជន និង​សមាជិក​ជាន់ទាប​របស់​បក្ស ក្នុង​រយៈប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។

គណបក្ស​បាន​សន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​កែតម្រង់​អាកប្បកិរិយា​របស់​សមាជិក​ខ្លួនឯង​វិញ ព្រោះ តែ​គេ​បាន​សង្កេត​ឃើញ​ថា អំពើ​ពុករលួយ​ដែល​បង្ក​ដោយ​ មន្រ្តី​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​បាន​បង្ក​ឲ្យ​មានកំហឹង តវ៉ា​កាន់តែ​ច្រើន​របស់​ប្រជាជន​វៀតណាម។ មន្រ្តី​ថ្នាក់​មូលដ្ឋាន ភាគច្រើន គឺ​ជា សមាជិក​គណបក្ស​វៀតណាម ដែល​ត្រូវ​ប្រជាជន​រិះគន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​លក់ដីធ្លី​របស់​ប្រជាជន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ លើស​ពីនោះ មន្រ្តី​ប៉ូលិស​កាន់តែ​ច្រើន​ជា​មុខ​សញ្ញា​ប្រឆាំង​របស់​ប្រជាជន​ដែល​បាន​ធ្វើ​ការតវ៉ា​ចំពោះ​អំពើ​អយុត្តិធម៌ ក្នុង​សង្គម។

បច្ចុប្បន្ននេះ បក្ស​កុម្មុយនិស្ត​វៀតណាម​មាន​សមាជិក​បច្ចុប្បន្ន​ជិត ៤លាននាក់ និង​ចង់​ស្វែងរក​សមាជិក​បន្ថែមទៀត ក្នុង​ចំណោម​ប្រជាជន​ជាង ៨៦​លាន​នាក់​ ដើម្បី​ទ្រទ្រង់​និរន្តភាព​របស់​បក្សកុម្មុយនិស្ត ដែល​ជា​គណបក្ស​តែមួយ គត់ និង​គ្រប់គ្រង​អំណាច​នៅវៀតណាម។

លោក​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម ង្វៀន ភូទ្រុង​បាន​និយាយ​ប្រាប់​សមាជិក​ជាន់ខ្ពស់​បក្ស​កាលពីថ្ងៃ​បើក​សន្និសីទ ថា អំពើពុករលួយ និង​អាកប្បកិរិយា​មិនល្អ​របស់​សមាជិក​គណបក្ស គឺ​ជា​គ្រោះថ្នាក់​សម្រាប់​​អនាគត​គណបក្ស។ លោក​បាន​ចោទ​ជាសំណួរថា តើ​គណបក្ស​នឹង​ជា​របស់​អ្នកណា​ទៅ​ថ្ងៃ​មុខ ប្រសិន​បើ​មន្រ្តី​មួយចំនួន​របស់​បក្ស​កំពុង​រកស៊ី មាន​បាន យ៉ាងឆាប់ រហ័ស និង​រស់នៅ​យ៉ាងស្រួល គឺខុសឆ្ងាយ​ពេក​ពី​អ្នកធ្វើការ​ដទៃទៀត ដែល​កំពុង​រស់នៅ​ក្នុង​ជីវភាព​ទន់ខ្សោយ។

ដើម្បី​ទាក់ទាញ​ប្រជាជន អគ្គលេខាធិការ​បក្សកុម្មុយនិស្ត បាន​ប្រកាស គំាទ្រ​ឲ្យ​គេ​បង្កើត​ប្រព័ន្ធ បោះឆ្នោតទំនុកចិត្ត​មួយ​ដែល​អនុញ្ញាតឲ្យ​ប្រជាជន​អាច​បោះឆ្នោត​ប្រឆាំង​សមាជិក​គណបក្ស​ណាដែល​មិន​បាន​អនុវត្ត​មុខងារ​របស់ខ្លួន​ឲ្យ​បាន​សមរម្យ។ នេះ ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែល​ប្រជាជន​សាមញ្ញ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​រិះគន់​សមាជិក​គណបក្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI