កម្ពុជា

ក្រុម​អ្នក​ភូមិ​បឹងកក់ ប្តឹង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​

ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ។
ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ។

ក្រុម​អ្នក​ភូមិ​បឹងកក់​រង​របួស ១០​នាក់ រួម​ទាំង​ជន​បរទេស​ម្នាក់ ដែល​ជា​សកម្មជន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១​តុលា​នេះ។ ជា​ពាក្យ​បណ្តឹង ដែល​ប្តឹង​ចោទ​ប្រកាន់​អភិបាលរង​ខណ្ឌ​ដូន​ពេញ លោក សុខ ពេញ​វុធ លោកស្រី ពេជ្រ សុជាតា និង​លោក សៅ ណុល អធិការ​ខណ្ឌ​ដូន​ពេញ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត និង​បង្ក​របួស​ស្នាម។ ក្រុម​អ្នក​ភូមិ​បឹងកក់ ១០​នាក់ និង​ជនបរទេស​ម្នាក់ ជា​ដើម​បណ្តឹង បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​អាជ្ញាធរ ខណ្ឌ​ដូន​ពេញ ប្រើ​អំពើ​ហិង្សា វាយ​នឹង​ដំបង និង​បាញ់​ជំពាម គ្រាប់​ខ្លី បំបែក​ការ​ជួបជុំ​របស់​អ្នក​ភូមិ​បឹងកក់ នៅ​វត្តភ្នំ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ២០១៣។

ផ្សាយពាណិជ្ជកម្ម

តាម​ពាក្យបណ្តឹង អភិបាល​រង​ខណ្ឌ និង​អធិការ​នគរបាល​ខណ្ឌ​ដូន​ពេញ ទាំង ៣ រូប​នោះ ជា​អ្នកដឹកនាំ បញ្ជា និង​ចូល​ដោយផ្ទាល់ ក្នុង​សកម្មភាព​វាយ​បំបែក​ការជួបជុំ ធ្វើ​កូដកម្ម បង្អត់អាហារ របស់​ក្រុម​អ្នកភូមិ​បឹងកក់ ដែលមាន​ជម្លោះដីធ្លី កាលពី​យប់​ថ្ងៃទី២២កញ្ញា នៅ​វត្តភ្នំ។

 
ក្នុង​ពាក្យបណ្តឹង ដែល​បានដាក់​ទៅកាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១១តុលា​នេះ អ្នកភូមិ​បឹងកក់ ១០ នាក់ និង​ជនបរទេស​ម្នាក់ ដែល​រងរបួស ក្នុង​អំពើហិង្សា វាយ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ បាន​ប្តឹង ចោទប្រកាន់​មន្ត្រី​អាជ្ញាធរ​ទាំង ៣ នាក់​នោះ ពីបទ​ប៉ុនប៉ង់​មនុស្សឃាត និង​បង្ក​របួសស្នាម ដោយ​ចេតនា។

អ្នកស្រី សុង ស្រី​លាភ អ្នកភូមិ​បឹងកក់ និង​ជា​សាក្សី នៅក្នុង​សំណុំ​រឿងក្តី​នេះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី២២កញ្ញា ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក សុខ ពេញ​វុ​ធ អ្នកស្រី ពេជ្រ សុជាតា និង​លោក​អធិការ សៅ ណុល នៅ​យប់នោះ ក្រុម​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​បាញ់​ជំ​ពាម​កៅស៊ូ គ្រាប់ឃ្លី និង​វាយ​ដោយ​ដំបង​យ៉ាង​ព្រៃផ្សៃ មកលើ​ក្រុម​អ្នកភូមិ​បឹងកក់។ ហេតុការណ៍​នោះ បានធ្វើ​ឲ្យ​អ្នកភូមិ ៦ នាក់ រងរបួស​ធ្ងន់ ដោយ​ត្រូវគេ​បាញ់​ជំ​ពាម​កៅស៊ូ​ត្រូវ​មុខ ចង្ការ ចុងដង្ហើម និង​វាយ​ដោយ​ដំបង​ជាដើម។

មិន​ទាន់​មាន​ការបំភ្លឺ​បែប​ណា ពី​អភិបាលរង និង​អធិការ​ខណ្ឌដូនពេញ ជុំវិញ​ពាក្យបណ្តឹង របស់​អ្នកភូមិ​បឹងកក់​ខាងលើ​នៅឡើយ​ទេ។

ប៉ុន្តែ​លោក ឡុង ឌី​ម៉​ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការ​ប្តឹងផ្តល់​ទៅ​តុលាការ ជា​សិទ្ធិ​របស់​អ្នក​ភូមិ ហើយ​បើសិន​ជាមាន​ដីកា​កោះហៅ​ពី​តុលាការ អាជ្ញាធរ​បាន​ត្រៀមខ្លួន ដើម្បី​ចូល​បំភ្លឺ។ សកម្មភាព​កន្លងមក​របស់​អាជ្ញាធរ ត្រូវបាន​លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា គ្រាន់តែ​ជាការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ជាការ​អនុវត្ត​តាមច្បាប់ ដោយ​អាជ្ញាធរ មិនអាច​ឲ្យ​មាន​ក្រុម​អាណាធិបតេយ្យ ដើរ​តាមផ្លូវ និង​ទីសាធារណៈ​បាន​នោះទេ។

ជា​ការ​កត់សម្គាល់ កន្លង​មក អ្នកភូមិ​បឹងកក់ បាន​ដាក់​ពាក្យបណ្តឹង​ជា​ច្រើន ទៅ​តុលាការ ប្តឹង​អាជ្ញាធរ ពាក់ព័ន្ធ​នឹង​ការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​ជា​ដើម។ ប៉ុន្តែ​បណ្តឹង​ទាំង​នោះ មិន​ត្រូវ​បាន​តុលាការ ចាត់​ការ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI