អានតួអត្ថបទ
កម្ពុជា

ប្រជានេសាទ​ស្វែងរក​អន្តរាគមន៍​បង្ក្រាប​បទល្មើស​នេសាទ​ពី​នាយក​រដ្ឋមន្ត្រី

©
ដោយ៖ លាង ដឺលុច
១៣ នាទី

នៅ​ថ្ងៃ​សុក្រ​ទី​២៧​មេសា​នេះ សហគមន៍​នេសាទ និង​សម្ព័ន្ធ​ប្រជានេសាទ​បាន​ធ្វើ​ញ្ញត្តិ​ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ គឺ​ជា​ញ្ញត្តិ​ស្វែងរក​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដាក់​វិធានការ​បន្ថែម ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​ទឹកសាប។ បទល្មើស​នេសាទ​កំពុង​បន្ត​កើត​មាន​ដដែល បើ​ទោះ​ជា​រដ្ឋាភិបាល​ចេញ​វិធានការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​កន្លងទៅ​ថ្មីៗ​ក៏​ដោយ។

ផ្សាយពាណិជ្ជកម្ម

 

សហគមន៍​ប្រជានេសាទ​មក​ពី​តំបន់​ឆ្នេរ ទន្លេមេគង្គ​កម្ពុជា និង​តំបន់​ទន្លេសាប​បាន​សរសេរ​ញ្ញត្តិ​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ស្វែងរក​ជំនួយ និង​វិធានការ​បន្ថែម​ពី​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ។

ការជួបជុំ​គ្នា​រវាង​ក្រុម​បណ្តាញ​អ្នកនេសាទ​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​លុប​ឡូត៍​នេសាទ​ទាំងអស់ និង​ក្រោយ​ពី​រដ្ឋាភិបាល​បញ្ជា​អោយ​មាន​ការបង្ក្រាប​បទល្មើស​នេសាទ​ថ្នាក់​ជាតិ។ យោងតាម​ខ្លឹមសារ​នៅក្នុង​​ញ្ញត្តិ សហគមន៍​នេសាទ និង​សម្ព័ន្ធ​ប្រជានេសាទ​បាន​រកឃើញ​បទល្មើស​នេសាទ​ជាច្រើន​ករណី ដែល​នៅ​តែ​កើត​មាន ហើយ​ក្រុម​ជនល្មើស​បាន​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ជាច្រើន នៅ​ក្នុង​តំបន់​ទាំង​បី ដែល​មាន​ទាំង​តំបន់​អភិរក្ស​ផង​ដែរ។ យោងតាម​បណ្តាញ​ប្រជា​នេសាទ​ដដែល បទល្មើស​នេសាទ​មាន​រាប់​បញ្ចូល​ទាំង​ការបូម​ព្រែក​ផង។

ញ្ញត្តិ​នោះ​ក៏​បាន​លើក​ឡើង​ផងដែរ ពី​​បញ្ហា​មួយ​ចំនួន​ដែល​ជា​ចលករ​នាំ​អោយ​មាន​បទ​ល្មើស។ មូលហេតុ​ទាំង​នោះ​រួម​មាន ការ​ខ្វះ ការ​យល់​ដឹង អំពី​សារៈសំខាន់​នៃ​ធនធាន​ជលផល អំពី​ច្បាប់​ស្តី​ពី​ជលផល ការយល់​ច្រឡំ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការប្រកាស​ដោះលែង​ជនល្មើស​នេសាទ​កន្លងមក​ជាដើម។ ការសរសេរ​ញ្ញត្តិ​ជូន​ដំណឹង​អំពី​បទល្មើស​នេសាទ​ទៅ​ប្រមុខ​រដ្ឋាភិបាល គឺ​ដោយសារ​តែ​ក្រុម​បណ្តាញ​ប្រជានេសាទ​ទាំង​នេះ អះអាង​ថា ពួកខ្លួន​មិន​មាន​លទ្ធភាព​ជួយ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ជា​បន្ត​បន្ទាប់ បូករួម​ទាំង​ការរំលាយ​ឡូត៍​នេសាទ​ទាំង​អស់​ផង​ដែរ ក្នុង​គោលដៅ​ថែរក្សា និង​បង្កើន​ទិន្នផល​ធនធាន​ទឹកសាប​ឡើងវិញ។ ក៏​ប៉ុន្តែ ក្រុម​ជន​ល្មើស​នេសាទ​ហាក់​មិន​បាន​ខ្លាច​រអា​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ឡើយ។ ផ្ទុយទៅវិញ សារព័ត៌មាន​នៅ​តែ​មាន​ចុះ​ផ្សាយ​អំពី​ការ​ចាប់​បាន​បទល្មើស​នេសាទ ស្ទើរ​រៀងរាល់​ថ្ងៃ រហូត​ដល់​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ