កម្ពុជា

សមាជិក​អ្នក​ប្រជាធិបតេយ្យ​បួងសួង​វត្ថុស័ក្តិសិទ្ធិ​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​កំពុង​បន់​ស្រន់​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​ម៉ម សូណង់ដូ
សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​កំពុង​បន់​ស្រន់​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​ម៉ម សូណង់ដូ RFI/Tharo

នៅ​ខណៈ​ដែល​លោក​ម៉ម សូណង់ដូ​ ប្រធាន​សមាគមអ្នកប្រ​ជា​ធិបតេយ្យនិង​នាយក​វិទ្យុ​សម្បុក​ឃ្មុំដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុងពន្ធនាគារ​ព្រៃ​ស​ ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​នោះ​ សមាជិក​សមាគម​​អ្នក​ប្រ​ជា​ធិបតេយ្យ​ប្រមាណជា​១០០​នាក់​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នាមក​ធ្វើ​ពិធី​​បួង​សួង​នៅ​ខាង​មុខ​ព្រះអង្គដងកើ ​ដើម្បី​បន្ទន់​ចិត្ត​រដ្ឋា​ភិបាល​អោយលើក​លែង​ការ​ចោទ​ប្រកាន់ និង​​ដោះ​លែង​លោក​ម៉ម សូណង់ដូ​ អោយ​​មាន​សេរី​ភាព​វិញ​។

ផ្សាយពាណិជ្ជកម្ម

សមាជិក​សមាគម​​អ្នក​ប្រ​ជា​ធិបតេយ្យ​ប្រមាណជា​១០០​នាក់​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នាមក​ធ្វើ​ការ​បួង​សួង​នៅ​ខាង​មុខ​ព្រះ​​អង្គដងកើ ​ដើម្បី​បន្ទន់​ចិត្ត​រដ្ឋា​ភិបាល​អោយ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ​និង​នាយក​វិទ្យុសម្បុក​ឃ្មុំ​ដែល​កំពុង​​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ពាក់​ព័ន្ធ​​ទៅ​នឹង​​​​បទ​ចោទ​ដ៏​ចម្រូង​ចម្រាស​រឿង​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ភូមិ​​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ​ខេត្ត​​ក្រចេះ ដែល​អា​ជ្ញាធរ​បាន​ចោទ​​ប្រកាន់ពីបទ​បង្កើត​តំបន់​អបគមន៍​។ ​​​

លោក​ ម៉ម សូណង់ដូ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន​ កាលពី​​​ថ្ងៃ​​ទី​​១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេសរយៈពេល​បី​ថ្ងៃ​។ ​សំណុំរឿងលោក​ម៉ម សូណង់ដូ ត្រូវ​បាន​​ផ្ទេរ​​ពី​​តុលាការ​​​ខេត្តក្រចេះ​ មក​​តុលាការ​​ក្រុង​ភ្នំពេញ​ ដោយ​សារ​​តែ​​សំណុំរឿងនោះ​​​​​ជា​​ករណី​​ពិសេស។​

សមាជិក​អ្នក​ប្រ​ជា​ធិបតេយ្យ​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នា​ឈរ​នៅ​ខាង​មុខ​ព្រះ​អង្គដង​កើ​ដោយ​ពាក់​អាវ​ពណ៌​ស ​មាន​រូប​លោក​ម៉ម​ សូណង់​ដូ ​និង​សរសេរ​ជា​អក្សរ​ខែ្មរ​និង​អង់គ្លេស​ថា “ដោះ​លែង​លោក​ម៉ម​ សូណង់​ដូ​​”។​ សមាជិក​ទាំង​អស់​ដែល​ភាគ​ច្រើន​ជា​មនុស្ស​​ចាស់​ បាន​អុជធូប​​និង​សូត្រធម៌ ដើម្បី​បួង​សួង​ដល់​​ព្រលឹង​ស័ក្តិសិទ្ធិ​​ឲ្យ​ជួយ​បន្ទន់​ចិត្ត​រដ្ឋា​ភិបាល​​ដោះ​លែង​លោក​​​ម៉ម សូណង់​ដូ​ អោយ​មាន​សេរី​ភាព​វិញ ដោយ​ពួក​គេ​ទាំង​អស់​​ពុំ​អាច​ទទួល​យក​បាន​នូវ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​។​ ពលរដ្ឋ​ទាំង​នោះ​បានលើក​ឡើងថា​​ លោក​ម៉ម សូណង់​ដូ ​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​ករណី​នៅ​ក្នុង​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ​នោះ​ទេ​ ពី​ព្រោះ នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​ពលរដ្ឋ​ដែល​ចោទ​ថា​បង្កើត​តំបន់អបគមន៍​នោះ​ គឺលោក​ប្រ​ធាន​សមាគម​កំពុង​នៅ​ក្រៅ​ប្រ​ទេស​នៅ​ឡើយ​។ ​

លោក​ស៊ា សុផុន​ ជន​ពិការមក​ពី​ខេត្ត​កំពង់​ចាម ដែល​​​អង្គុយ​នៅ​ក្នុង​រទេះ​បាន​អោយ​ដឹង​ថា​ ពលរដ្ឋ​ដែលជា​សមាជិក​របស់​សមាគម​អ្នក​ប្រ​ជា​ធិបតេយ្យ​បាន​ធ្វើ​ដំណើរ​​មក​ពី​ខេត្ត​មួយ​ចំនួន​ ដើម្បី​ធ្វើ​ការ​បួង​សួង​ដល់​ព្រលឹង​ស័ក្តិ​​សិទ្ធិ​ជួយ​អន្ទង​ចិត្ត​រដ្ឋាភិបាល​​ឲ្យ​​ដោះ​លែង​លោកម៉ម សូណង់ដូ​ ពីព្រោះ​ លោក​ថា ​ទង្វើរបស់​លោក​ប្រធាន​សមាគម គឺ​អប់រំពលរដ្ឋ​អោយ​យល់​​អំពី​នីតិរដ្ឋ ​​និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​។ លោក​ពុំ​ដែល​ញុះញង់​ពលរដ្ឋ​អោយ​ធ្វើ​អ្វី​ដែល​ខុស​នឹង​ច្បាប់​បាន​កំណត់​នោះ​ទេ​។​

ទាក់​ទិន​ទៅ​នឹងការ​ធ្វើ​ពិធី​បួង​សួងនោះ​ លោក​អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លី​កាដូ​បាន​អោយ​ដឹង​ថា​ នេះ​គឺ​ជា​ទម្លាប់​របស់​ពលរដ្ឋ​កម្ពុជា​ដែល​កាន់​​ពុទ្ធសាសនា​ នៅ​ពេល​ណា​ដែល​ពួក​គាត់​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ ឬ​ទៅលើ​ប្រព័ន្ធតុលាការ​ ពួក​គាត់​ងាក​រក​វត្ថុស័ក្តិសិទ្ធិ​ឲ្យ​ជួយ​ពួក​គាត់​។ ​ហើយ​អ្វី​ដែល​គាត់​ធ្វើ​នេះ​ គឺ​គ្រាន់​តែ​សូម​អោយ​វត្ថុស័ក្តិសិទ្ធិ​ជួយ​បន្ទន់​ចិត្ត​មន្ត្រី​របស់​រដ្ឋា​ភិបាល​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​ម៉ម​ សូណង់​ដូ​ និង​ដោះ​លែង​អោយ​គាត់​មាន​សេរីភាព​វិញ​។ ​

កាល​ពី​ថ្ងៃ​ទី​១៦ ខែកក្កដា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន លោក​ម៉ម ​សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ​​ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ​​ដែល​មានចែង​ក្នុង​មាត្រា ២៨, ៥០៤, ៤៥៧ និង​មាត្រា ៤៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោកម៉ម សូណង់ដូ ធ្លាប់​ត្រូវ​រដ្ឋាភិបាល​​​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​លើក​រួចមកហើយ​ ដោយលើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០០៣ ​ទាក់ទង​​នឹង​កុបកម្ម​ប្រឆាំង​ថៃឈាន​ដល់​ការដុត​ស្ថានទូត​ថៃ​ និងលើក​​ទី​២ នៅ​ក្នុង​ឆ្នាំ ២០០៥ ​ពាក់ព័ន្ធ​នឹង​ការ​រិះ​គន់​​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​សន្ធិសញ្ញា​ ព្រំដែន​កម្ពុជា​-​វៀតណាម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI