អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីតនាយករដ្ឋមន្រ្តី​បារាំង ដូមីនិក ដឺវីឡឺប៉ាំង ផ្តាច់ខ្លួន​ទៅ​បង្កើត​គណបក្ស​ថ្មី

សំឡេង ០៦:១០
លោក​ដូមីនិក ដឺវីឡឺប៉ាំង (Dominique de Villepin) អតីត​នាយករដ្ឋមន្រ្តី​បារាំង
លោក​ដូមីនិក ដឺវីឡឺប៉ាំង (Dominique de Villepin) អតីត​នាយករដ្ឋមន្រ្តី​បារាំង ©Reuters
ដោយ៖ សេង ឌីណា
២៦ នាទី

នៅថ្ងៃ​សៅរ៍ ទី១៩ មិថុនា ២០១០​នេះ លោក​ដូមីនិក ដឺវីឡឺប៉ាំង (Dominique de Villepin) អតីត​នាយករដ្ឋមន្រ្តី​​បារាំង មក​ពី​គណបក្ស​ស្តាំនិយម UMP ប្រកាស​បង្កើត​គណបក្ស​ ថ្មី​មួយ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតី​មក​ពី​គណបក្ស​ជាមួយ​គ្នា។

ផ្សាយពាណិជ្ជកម្ម

ជម្លោះ​រវាង​ដូមីនិក ដឺវីឡឺប៉ាំង និង​នីកូឡា សាកូហ្ស៊ី នៅ​តែ​បន្ត​កើត​មាន​ដូច​កុនភាគ។ ចប់​ពី​រឿងមួយ​ ចូល​ដល់​រឿងមួយទៀត។

ឥស្សរជន​នយោបាយ​ស្តាំ​និយម​ទាំងពីរ​រូបនេះ ចេញ​មក​ពី​គណបក្ស​ជាមួយ​គ្នា (គណបក្ស​ UMP) ហើយ​​ធ្លាប់​ជា​រដ្ឋមន្រ្តី​ក្នុង​រដ្ឋាភិបាល​​​ជាមួយ​គ្នា នៅ​ពេល​ដែល​លោក​ហ្សាក់​ ស៊្ហីរ៉ាក់ (Jacques Chirac) ធ្វើ​ជា​ប្រធានាធិបតី។ បន្ទាប់​មក​ លោក​វីឡឺប៉ាំង​បាន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី ហើយ​លោក​សាកូហ្ស៊ី​ នៅជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ ពេល​លោក​ស៊្ហីរ៉ាក់​ផុត​អាណត្តិ ហើយ​គណបក្ស UMP ត្រូវ​រក​បេក្ខជន​ប្រធានាធិបតី​ថ្មី ជម្លោះ​វីឡឺប៉ាំង-សាកូហ្ស៊ី បាន​លេច​ចេញ​រូបរាង​កាន់តែ​ច្បាស់ឡើង។

ទីបំផុត នៅ​ឆ្នាំ​២០០៧ គឺ​លោក​សាកូហ្ស៊ី ដែល​ឈរឈ្មោះ​​ជា​បេក្ខជន​គណបក្ស UMP ។ ចំណែក​លោក​វីឡឺប៉ាំងវិញ មិនត្រឹមតែ​មិន​​ជួយ​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស UMP នោះទេ ប៉ុន្តែ ថែម​ទាំង​បាន​រិះគន់​លោក​សាកូហ្ស៊ី នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ទៀតផង។

ក្រោយ​ពេល​លោកសាកូហ្ស៊ី​ឈ្នះឆ្នោត​ឡើង​ធ្វើ​ជា​ប្រធានាធិបតី ហើយ​លោក​វីឡឺប៉ាំង​បញ្ចប់​តំណែង​ជានាយករដ្ឋមន្រ្តី ជម្លោះ​រវាង​អ្នក​នយោបាយ​ទាំងពីរ​រូបនេះ បាន​​រាលដាល​ទៅ​ជា​​ក្តីក្តាំ​នៅ​ក្នុង​តុលាការ​វិញ​ម្តង ក្នុង​សំណុំរឿង Clearstream។ ក្នុង​សំណុំរឿងនេះ លោក​វីឡឺប៉ាំង​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​ព្យាយាម​បង្ខូច​ឈ្មោះ​លោក​ សាកូហ្ស៊ី ក្នុង​គោលដៅ​រារាំង​មិន​ឲ្យ​លោក​ឈរឈ្មោះ​ជា​ប្រធានាធិបតី។ ទីបំផុត តុលាការ​បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​លោក​វីឡឺប៉ាំង។ សំណុំរឿងនេះ​នឹង​ត្រូវ​បន្ត​ទៅ​សាលាឧទ្ធរណ៍​ទៀត ក៏ប៉ុន្តែ សេចក្តី​សម្រេច​របស់​សាលា​ដំបូង គឺ​ជា​​ជោគជ័យ​ដ៏ធំធេង​មួយ​របស់​លោក​វីឡឺប៉ាំង​។ ប្រជាប្រិយភាព​របស់​លោក​​វីឡឺប៉ាំង​បាន​បន្ត​​កើន​ឡើង រហូតឡើង​​​ខ្ពស់​ជាង​លោក​សាកូហ្ស៊ី​យ៉ាង​ឆ្ងាយ (វីឡឺប៉ាំង ៥៧% សាកូហ្ស៊ី ៣៣%)។

ជម្លោះរ៉ាំរ៉ៃ​រវាង​វីឡឺប៉ាំង និង​សាកូហ្ស៊ី​អាច​នឹង​រាលដាល​ទៅ​ដល់​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ​២០១២
ជម្លោះរ៉ាំរ៉ៃ​រវាង​វីឡឺប៉ាំង និង​សាកូហ្ស៊ី​អាច​នឹង​រាលដាល​ទៅ​ដល់​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ​២០១២ ©Reuters

នៅ ​ថ្ងៃ​ទី១៩ មិថុនា ២០១០​នេះ ជម្លោះ​​វីឡឺប៉ាំង-សាកូហ្ស៊ី បាន​ឈាន​ដល់​វគ្គថ្មី​មួយទៀត គឺ​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​ នៅឆ្នាំ​២០១២​ខាងមុខ។ លោក​វីឡឺប៉ាំង​នៅ​មិន​ទាន់​​បាន​ប្រកាស​ថា​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​​នៅ ​ឆ្នាំ​២០១២​នេះ​នៅឡើយទេ ក៏ប៉ុន្តែ លោក​បាន​ប្រកាស​យ៉ាង​ច្បាស់ថា គណបក្ស​ថ្មី​ដែល​លោក​បង្កើត​ឡើង នៅថ្ងៃនេះ គឺ​បង្កើត​ដើម្បី​​ប្រកួតប្រជែង​ជាមួយ​លោក​សាកូហ្ស៊ី។ សមាជិក​គណបក្ស UMP មួយចំនួន ដែល​រួម​មាន​ទាំង​មន្រ្តី​រដ្ឋាភិបាល និង​អ្នក​តំណាងរាស្រ្ត​ផង បាន​ប្រកាស​ថា​នឹង​ចូល​រួម​ក្នុង​គណបក្ស​ដែល​លោក​វីឡឺប៉ាំង​បង្កើត​ថ្មីនេះ។ ក៏ប៉ុន្តែ ចំនួន​​អ្នក​បំបែក​ខ្លួន​នេះ មាន​មិន​ច្រើន ដែល​​អាច​ធ្វើ​ឲ្យ​គណបក្ស UMP ត្រូវ​​បែក​ជាពីរនោះទេ។

អ្នកវិភាគជាច្រើន​យល់ថា បើទោះជា​លោក​វីឡឺប៉ាំង​​​ជា​ឥស្សរជន ដែល​កំពុង​មាន​ប្រជាប្រិយភាព​ ប៉ុន្តែ បើ​សិន​ជាគាត់​​ឈរឈ្មោះ គាត់​មិនប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ នៅ​ឆ្នាំ​២០១២​នេះ​ទេ។ ក្នុង​ការ​ស្ទាបស្ទង់​មតិ​កន្លងមក មាន​មនុស្ស​ជាច្រើន​ដែល​ឆ្លើយ​ថា ស្រឡាញ់​ចូលចិត្ត​លោក​វីឡឺប៉ាំង តែ​មិន​ចង់​ឲ្យ​​គាត់​ធ្វើ​ជា​ប្រធានាធិបតី​បារាំង។ ជម្លោះ​ផ្ទាល់​ខ្លួន​រ៉ាំរ៉ៃ​រវាង​លោក​វីឡឺប៉ាំង និង​លោក​សាកូហ្ស៊ី អាច​នឹង​ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា ​ប្រសិន​បើ​លោក​វីឡឺប៉ាំង​ឈរឈ្មោះ​ជា​ប្រធានាធិបតី គឺ​ឈរឈ្មោះ​ក្នុង​គោលដៅ​​​ឆាឆៅ​លោក​សាកូហ្ស៊ី ដើម្បី​សងសឹក​ ក្នុង​គំនុំ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ មិនមែន​ធ្វើ​ដើម្បី​ប្រយោជន៍​​ជាតិនោះទេ។

សម្រាប់​​គណបក្ស​ UMP ​និង​ក្រុម​អ្នក​គាំទ្រ​លោក​សាកូហ្ស៊ី គេ​មិន​ខ្លាច​ចាញ់​​លោក​វីឡឺប៉ាំង ក្នុង​ការ​បោះឆ្នោត​ នៅ​ឆ្នាំ​២០១២​នេះ​ទេ។ អ្វី​ដែល​គេ​ខ្លាច គឺ​ខ្លាច​លោក​វីឡឺប៉ាំង និង​គណបក្ស​ថ្មី​របស់​គាត់​ មក​បំបែក​សំឡេង​គណបក្ស​​ UMP ហើយ​លទ្ធផល​ចុងក្រោយ គណបក្ស​ទាំងពីរ​នឹង​ធ្លាក់​ទឹកទាំងអស់​គ្នា។ ឯ​អ្នក​ទទួល​ផល​​ចំណេញ គឺ​គណបក្ស​ប្រឆាំង​ឯណោះ!!!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ