អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល​និង​​ប៉ាឡេស្ទីន៖​វប្បធម៌​​នៃ​​ការ​​សងសឹក​គ្នា​​កំពុង​​បន្ត​មាន​​យ៉ាង​​គគ្រឹក​គគ្រេង​

សំឡេង ០៥:០៥
ការ​ប្រឈម​មុខ​ដាក់គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​ប៉ាឡេស្ទីន និង​ក្រុម​ប៉ូលិស​អ៊ីស្រាអែល
ការ​ប្រឈម​មុខ​ដាក់គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​ប៉ាឡេស្ទីន និង​ក្រុម​ប៉ូលិស​អ៊ីស្រាអែល REUTERS/Ammar Awad

ជា​ថ្មី​ម្តង​ទៀត ពំនូកភ្លើង​នៅ​ក្នុង​តំបន់​ដើមបូព៌ា​បាន​ចាប់​ផ្តើម​បញ្ចេញ​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ។ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​ដែល​ក្រុម​យុវវ័យ​ប៉ាឡេស្ទីន និង​ក្រុម​ប៉ូលិស​អ៊ីស្រាអែល​បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​នៅ​ហ្សេរុយសាឡិម​ប៉ែកខាងកើត។ ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ដែល​កំពុង​កាន់កាប់​តំបន់​ហ្កាហ្សា​បាន​បាញ់​គ្រាប់​រ៉ូកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល រីឯ​ទ័ព​អ៊ីស្រាអែល​ក៏​មិន​ញញើត​នឹង​តប ត វិញ​ជាមួយ​នឹង​ការ​ទម្លាក់​គ្រាប់បែក​លើ​ដែនដី​ហ្កាហ្សា​ដែរ។ ឧប្បត្តិហេតុ​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លំាង​ដល់​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​ផ្តួចផ្តើម​ដោយ​សហរដ្ឋអាមេរិក។

ផ្សាយពាណិជ្ជកម្ម

រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន វា​មិន​ខុស​អ្វី​រវាង​ទឹក និង​ប្រេង​ដែល​មិន​អាច​រលាយ​ចូល​គ្នា​នោះ​ទេ។ ការ​ផ្ទុះ​អំពើហិង្សា​រវាង​អ្នក​ទំាង​ពីរ​ដែល​កំពុង​រស់នៅ​ក្បែរ​គ្នា​សព្វថ្ងៃ​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ តែ​ជា​ដំណើរ​វិលចុះ វិលឡើង​របស់​កង់ប្រវត្តិសាស្រ្ត​នៅ​ក្នុង​តំបន់​ដើមបូព៌ា។ អំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​កើត​មាន​ជា​ថ្មី នៅ​ក្រោយ​ការ​ស្លាប់​សិស្ស​សាលា​ជនជាតិ​ជ្វីហ្វ​ចំនួន ៣នាក់​កាល​ពី​ជាង ៣សប្តាហ៍​កន្លង​ទៅ។ កាល​ពី​ជាង ៣សប្តាហ៍​កន្លង​ទៅ សិស្ស​សាលា​ជនជាតិ​ជ្វីហ្វ​ទំាង ៣នាក់​ដែល​មាន​អាយុ ១៦ និង ១៩ឆ្នំា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មំាង រួច​ក៏​អារ ក សម្លាប់​ចោល​តែ​ម្តង​ទៅ។ នេះ​ហើយ​ជា​ផ្កាភ្លើង​ដែល​បាន​ចូល​ទៅ​អុជ​ពំនូក​ភ្លើង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​កំពុង​ក្តៅងំ​ស្រាប់។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​នៅ​ត្រង់​ថា រាល់​ទង្វើ​ដែល​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​អ៊ីស្រាអែល រហូត​ដល់​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ជនជាតិ​ជ្វីហ្វ​នោះ រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​ដែល​បាន​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត តាម​រក​ជន​ដៃដល់​នោះ​ទេ តែ​បែរ​ជា​បាន​ទម្លាក់​កំហុស​ភ្លាមៗ​ដាក់​ប្រជាជន​អារ៉ាប់​ទូទៅ ពិសេស​ប្រជាជន​ប៉ាឡេស្ទីន​តែ​ម្តង។ សម្រាប់​អ៊ីស្រាអែល​គឺ​ច្បាស់​ណាស់ ប្រជាជន​ប៉ាឡេស្ទីន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទំាង​ស្រុង​នៃ​ការ​ស្លាប់​សិស្ស​សាលា​ជនជាតិ​ជ្វីហ្វ​ទំាង ៣នាក់​កាល​ពី ៣សប្តាហ៍​កន្លង​ទៅ។ តែ​បញ្ហា​នៅ​ត្រង់​ថា រហូត​មក​ដល់​ម៉ោង​នេះ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​បាន​ថ្កោលទោស​លើ​ទង្វើ​សម្លាប់​សិស្ស​សាលា​ជនជាតិ​ជ្វីហ្វ វា​លើកលែង​តែ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ចេញ​ដែល​បាន​ត្រេកត្រអាល​ចំពោះ​រឿង​នោះ តែ​បាន​បដិសេធ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។

វា​ពិត​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​ត្រូវ​បញ្ចេញ​ប្រតិកម្ម​ប្រឆំាង​នឹង​ទង្វើ​សម្លាប់​ប្រជាជន​ខ្លួន តែ​អ្វី​ដែល​អ៊ីស្រាអែល​ហាក់​ដូច​ជា​មិន​បាន​គិត​ដល់​នោះ​នៅ​ត្រង់​ថា ខ្លួន​បាន និង​កំពុង​ដាក់​ទ័ណ្ឌកម្ម​លើ​ប្រជាជន​ប៉ាឡេស្ទីន​គ្រប់​រូប​ដោយ​មិន​រើស​មុខ។ ចំណែក​ប្រជាជន​អ៊ីស្រាអែល​វិញ​ក៏​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ប្រជាជន​អារ៉ាប់​ទូទៅ​ដែរ ពិសេស​ប្រជាជន​ប៉ាឡេស្ទីន​តែ​ម្តង។ បាតុករ​អ៊ីស្រាអែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សងសឹក​សម្លាប់​ពួក​អារ៉ាប់​ដោយ​មិន​រើស​មុខ។ ការ​អំពាវនាវ​របៀប​នេះ​ក៏​គេ​ឃើញ​មាន​នៅ​ក្នុង​បណ្តាញ​សង្គម​ដែរ។ ជា​រៀងរាល់​ថ្ងៃ​មក​ទល់​ថ្ងៃ​នេះ អំពើហិង្សា​កំពុង​បន្ត​មាន​ជា​ប្រចំា​រវាង​ក្រុម​យុវវ័យ​ប៉ាឡេស្ទីន និង​កម្លំាង​ប៉ូលិស​អ៊ីស្រាអែល​នៅ​ហ្សេរុយសាឡិម​ខាង​លិច។ បន្តិច​ម្តងៗ រូបភាព​នៃ​ការ​សងសឹក​គ្នា​បាន និង​កំពុង​លេច​ឡើង​កាន់​តែ​ច្បាស់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ថ្មីៗ​នេះ ក្មេង​ប្រុស​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​ដោយ​អារ ក​ដូច​ករណី​ការ​ស្លាប់​របស់​សិស្ស​សាលា​ជនជាតិ​ជ្វីហ្វ ៣នាក់​ដែរ។

តើ​រូបភាព​ទំាង​អស់​នេះ មិនមែន​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ប្រកាស​សង្រ្គាម​ចោល​ដុំ​ថ្ម Intifada ជា​លើកទី៣​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ទេ ឬ​យ៉ាង​ណា?

ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការ​បិទ​ច្រក​ចេញ ចូល​ស្រុក​ហេប្រុង​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ស៊ីហ្ស៊កដានី ព្រម​ទំាង​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​លំនៅដ្ឋាន​ប្រជាជន​ប៉ាឡេស្ទីន និង​ចូល​ឆែកឆេរ​តាម​រក​ជន​ដៃដល់​ដែល​សម្លាប់​សិស្ស​សាលា​ជនជាតិ​ជ្វីហ្វ។ មាន​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជា​ច្រើន​នាក់ និង​មាន​ជន​សង្ស័យ​បាឡេស្ទីន​ជាង ៤០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​បាន​ផ្តើម​ពង្រឹង​កម្លំាង​ទ័ព​របស់​ខ្លួន​នៅ​ប៉ែក​ខាង​ត្បូង​ជាប់​នឹង​តំបន់​ប៉ាឡេស្ទីន​ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ចលនា​ហាម៉ាស់។ ចលនា​ដែល​អ៊ីស្រាអែល​ចាត់​ទុក​ជា​ចលនា​ភេរវនិយម និង​ដែល​ក្រុម​គណបក្សប្រឆំាង​នៅ​អ៊ីស្រាអែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​ប្រើ​កម្លំាង​ទ័ព​វាយ​កំចាត់​ឲ្យ​ដល់​ឫសគល់។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ស្ថានការណ៍​ថ្មី​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នឹង​វិវត្តន៍​ទៅ​យ៉ាង​ណា​នោះ។ អ្វី​ដែល​គេ​ដឹង​គឺ​ថា ឧប្បត្តិហេតុ​ថ្មី​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កំពុង​បន្ត​ជាប់​គំាង ពិសេស​កិច្ចចរចា​រយៈពេល ៩ខែ​ចុង​ក្រោយ​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​សហរដ្ឋអាមេរិក។ ក្នុង​រយៈពេល ៩ខែ​កន្លង​ទៅ​នេះ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃ៊ែរី​បាន​ធ្វើ​ដំណើរ ចេញ ចូល​តំបន់​ដើមបូព៌ា ពី​ទឹកដី​អ៊ីស្រាអែល​ឆ្លង​ចូល​ទឹកដី​ប៉ាឡេស្ទីន និង​ពី​ប៉ាឡេស្ទីន​ឆ្លង​ចូល​អ៊ីស្រាអែល​ជា​ច្រើន​ដង។ កម្មវត្ថុ​របស់​លោក​ចន ឃ៊ែរី គឺ​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ជិតខាងទំាង​ពីរ​រស់នៅ​ដោយ​សុខសាន្ត​រវាង​គ្នា។

តើ​ព្រឹត្តិការណ៍​ថ្មី​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ​នឹង​អាច​ចូល​ទៅ​រំលាយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ដែរ ឬ​ទេ?។ ពិបាក​នឹង​ផ្តល់​ចម្លើយ​ជាក់​ច្បាស់​ចំពោះ​សំណួរ​នេះ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា នៅ​មិន​ទាន់​មាន​ប្រទេស​មហាអំណាច​ណា​មួយ​ចេញ​មុខ​ឈឺ​ឆ្អាល​ដើម្បី​ចូល​ខ្លួន​ជួយ​ដោះស្រាយ​ទេ។ ចំណែក​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ទៀត​សោត​ក៏​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​រួច​ហើយ​ថា លោក​នឹង​ឈប់​រវល់​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ទៀត​ទេ ប្រសិន​បើ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​កាន់​តែ​ស្មុគស្មាញ​ខ្លំាង​នោះ។ សម្រាប់​លោក​ចន ឃ៊ែរី មាន ឬ​គ្មាន​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន វា​មិន​អាស្រ័យ​លើ​អាមេរិក​ទេ តែ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​សមីខ្លួន​ម្នាក់​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ