កូរ៉េខាងជើងរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូងយ៉ាងចាស់ដៃ
នៅថ្ងៃសុក្រម្សិលមិញនេះ កាសែតបារាំងAFP បានចុះផ្សាយព័ត៌មានប្រាប់ថា ផ្នែកបញ្ជាការយោធាជាន់ខ្ពស់កូរ៉េខាងជើង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង យ៉ាងចាស់ដៃ ហើយថែមទាំងបានសន្យាទៀតផង ថាក្រុងព្យុងយ៉ាងនឹងបន្តកម្មវិធីអាវុធនុយក្លេអ៊ែរខ្លួនតទៅទៀត។ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទំនាក់ទំនងរវាងបងប្អូនទាំងពីរ ហាក់បានចាប់ផ្តើមកក់ក្តៅបន្តិចឡើងវិញ ការរិះគន់ប្រើពាក្យពេចន៍វាយប្រហារ លោកស្រី ប៉ាក់ គុនហេ នេះ បានធ្វើអោយស្ថានភាពចាប់ផ្តើមតានតឹងសាជាថ្មី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក់ គុនហេ ធ្វើឡើងដោយផ្នែកបញ្ជាការយោធាជាន់ខ្ពស់កូរ៉េខាងជើង គឺជាការឆ្លើយតបរបស់ក្រុងព្យុងយ៉ាងទៅនឹងសន្ទរកថា លោកស្រី ប៉ាក់ គុនហេ កាលពីថ្ងៃអង្គារ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកទឹកចិត្តជំរុញអោយកូរ៉េខាងជើង បោះបង់ចោលនូវមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។ លោកស្រី ប៉ាក់ គុនហេ ថែមទាំងលើកឡើង ពីសមត្ថភាពយោធា ដែលអាចធ្វើអោយនុយក្លេអ៊ែរក្រុងព្យុងយ៉ាង លែងមានអត្ថប្រយោជន៍ទៀតផង។
អ្នកនាំពាក្យគណៈកម្មការការពារជាតិកូរ៉េខាងជើង បានឆ្លើយបញ្ច្រាសស្រកីទៅវិញថា លោកស្រី ប៉ាក់ គុនហេ បាននាំឧបទ្វីបកូរ៉េចូលទៅក្នុងស្ថានភាពប្រឈមមុខ។ ផ្នែកយោធាក្រុងព្យុងយ៉ាង បានប្រើពាក្យពេចន៍គំរាមថា ប្រសិនបើប្រធានាធិបតីកូរ៉េខាងត្បូង រួមគំនិតធ្វើអំពើអាក្រក់ជាមួយពួកបរទេស យកលេសថា ចង់អោយមានការផ្លាស់ប្តូរនៅកូរ៉េខាងជើង ហើយបង្ខំអោយកូរ៉េខាងជើងកំទេចនុយក្លេអ៊ែរខ្លួនចោលនោះ គឺថាពួកគេទាំងអស់នោះកំពុងជីករណ្តៅកប់សាកសពខ្លួនឯងហើយ។
ពាក្យថាជនបរទេស ដែលផ្នែកបញ្ជាការយោធាកូរ៉េខាងជើងប្រើនេះ គឺចង់សំដៅទៅសហរដ្ឋអាមេរិក ព្រោះថាប្រមុខការពារជាតិអាមេរិក ទើបតែបានទស្សនកិច្ចកូរ៉េខាងត្បូង នៅដើមសប្តាហ៍នេះ ហើយអាមេរិក និងកូរ៉េខាងត្បូងក៏ទើបតែបានចុះហត្ថលេខាលើផែនការវាយបកទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងផងដែរ។
ពាក្យពេចន៍រិះគន់របស់ផ្នែកបញ្ជាការជាន់ខ្ពស់យោធាកូរ៉េខាងជើងនេះ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងការគំរាមរបស់ក្រុងព្យុងយ៉ាង កាលពីដើមឆ្នាំកន្លងមក នៅពេលដែលសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មលើការសាកល្បងនុយក្លេអ៊ែរជាលើកទីបីរបស់កូរ៉េខាងជើង។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េ ទទួលបន្ទុកទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានចាត់ទុកការរិះគន់របស់ផ្នែកបញ្ជាការយោធាកូរ៉េខាងជើង ថាផ្ទុយពីវិចារណញ្ញាណ ហើយវាជាការសងសឹកផ្ទាល់ខ្លួនប្រឆាំងនឹងប្រធានាធិបតីកូរ៉េខាងត្បូងប៉ុណ្ណោះ។
ដោយឡែក កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ រូបភាពសាតឺលីតនានា បានធ្វើអោយគេសង្ស័យថាក្រុងព្យុងយ៉ាងប្រហែលជាជិតសំរេចការដាក់ដំណើរការឡើងវិញ នូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែរមួយគ្រឿង នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ យ៉ុងប៊្យុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ