អង់គ្លេស-ចិន

ទស្សនកិច្ច​ផ្លូវការ​លើកទីមួយ​របស់​លោក David Cameron ក្នុង​ប្រទេស​ចិន

លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao (រូបខាងឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron
លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao (រូបខាងឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron ©Reuters

នៅ​ថ្ងៃ​អង្គារ ទី៩ វិច្ឆិកា​​នេះ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​លើក​ទីមួយ​នៅ​ក្នុង​ប្រទេស​ចិន។ គោលដៅ​នៃ​ទស្សនកិច្ច​គឺ​​ផ្តោត​ជា​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទំាង​ពីរ។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ទីក្រុង​ឡុងដ្រិ៍​​សង្ឃឹម​នឹង​ទទួល​បាន​កិច្ចសន្យា​ជា​ច្រើន​ពី​សំណាក់​ដៃគូ ​ចិន។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ គួច គន្ធារ៉ា

គឺ​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ត្រូវ​បាន​លោក​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ខ្លួន​ឯង​វាយតម្លៃ​ថា ជា​បេសកកម្ម​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​អង់គ្លេស។ សំខាន់​ពីព្រោះ​ថា លោក David Cameron បាន​នំា​ទៅ​ជា​មួយ​លោក​នូវ​រដ្ឋមន្រ្តី​សំខាន់ៗ​​ចំនួន ៤រូប និង​ប្រធាន​រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​អង់គ្លេស​ប្រមាណ​ជា ៥០​នាក់​ផ្សេង​ទៀត។

នៅ​ក្នុង​គម្រោង​ជំនួប​ជា​មួយ​លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao និង​លោក​ប្រធានាធិបតី​ចិន Hu Jintao លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​នឹង​យក​សំណុំរឿង​ចំនួន​៤ ទៅ​ជជែក ពិភាក្សា​គ្នា គឺ​ពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ និង​ថាមពល។

ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​របស់​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ប្រទេស​អឺរ៉ុប​មួយ​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន ក្រោយ​ពី​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​កន្លង​មក។ ចិន​ដែល​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី២​ក្នុង​លោក ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា ១០%។

អ្វី​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​រង់ចំា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នេះ គឺ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ជា​ច្រើន​ដែល​មាន​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ។ កម្មវត្ថុ​របស់​លោក David Cameron គឺ​ទទួល​បាន​កិច្ចព្រមព្រៀង​ជាង ៤០ លើ​គ្រប់​វិស័យ​នៅ​ក្នុង​ទំនាក់ទំនង​ជា​ឧភតោភាគី តំាង​ពី​ពាណិជ្ជកម្ម រហូត​ដល់​ការ​អភិវឌ្ឍន៍​យូរ​អង្វែង និង​ពី​វិស័យ​វប្បធម៌ រហូត​ដល់​វិស័យ​អប់រំ។

តែ​ទន្ទឹម​គ្នា​នេះ លោក David Cameron ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន គឺ​ជា​រឿង​មួយ​ដែល​លោក​នឹង​លើក​ឡើង​ដោយ​ចៀស​មិន​ផុត។ ការ​អះអាង​របៀប​នេះ ដោយ​លោក Cameron យល់​ឃើញ​ថា ទំនាក់ទំនង​ដ៏​ល្អ​រវាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​ឡុង​ពេល​នេះ វា​គ្រប់​គ្រាន់​ដើម្បី​អាច​ឲ្យ​យើង​លើក​យក​មក​ជជែក ពិភាក្សា ទំាង​សំណុំរឿង​ដែល​យើង​ចុះ​សម្រុង​គ្នា និង​ទំាង​សំណុំរឿង​ដែល​យើង​មិន​ចុះ​សម្រុង​គ្នា។

សូម​ជម្រាប​ជូន​ថា ទំនាក់ទំនង​រវាង​ចិន និង​អង់គ្លេស​បាន​ស្គាល់​ការ​តានតឹង​យ៉ាង​ខ្លំាង​កាល​ពី ១ឆ្នំា​មុន ពោល​គឺ​ក្រោយ​ពី​បរាជ័យ​នៃ​ជំនួប​កំពូល​នៅ​​ទីក្រុង Copenhaque ស្តីពី​អាកាសធាតុ ដែល​ប្រទេស​អង់គ្លេស​បាន​ទម្លាក់​កំហុស​ទៅ​លើ​ប្រទេស​ចិន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI