ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​បង្ខំ​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​កាត់បន្ថយ​ភាព​មិនចុះសម្រុងគ្នា​ដើម្បី​រស់ក្បែរគ្នា​ដោយ​សន្តិភាព

សំឡេង ០៥:០៤
លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន Mahmud Abas
លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន Mahmud Abas ©Reuters.

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Abbas ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ទទួល​ជួប​នៅ​ក្នុង​សេតវិមាន។ ប្រធានបទ​នៃ​ជំនួប​បាន​ផ្តោត​សំខាន់​លើ​ដំណើរ​ស្វែង​រក​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ក្រោម​គំនិត​ផ្តើមផ្តើម និង​រៀបចំ​ដោយ​សហរដ្ឋអាមេរិក។ តាម​គម្រោង ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី២៩ មេសា​ខាង​មុខ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ជា​គោលការណ៍​​មួយ មុន​នឹង​បន្ត​កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ស្ថាពរ។ តែ​រហូត​មក​សព្វថ្ងៃ គេ​នៅ​មិន​ឃើញ​មាន​ភាព​ចម្រើន​អ្វី​បន្តិច​សោះ​នា​ជំនួប​ចរចា​កន្លង​មក។ តើ​នេះ មក​ពី​មូលហេតុ​អ្វី​ទៅ?

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu កាល​ពី ២សប្តាហ៍​មុន ឥឡូវ​នេះ​ដល់​វេន​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas វិញ​ម្តង​ដែល​បាន​ទៅ​ចូល​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​របស់​ថ្នាក់ដឹកនំាជាន់ខ្ពស់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បន្ត​កន្ទុយ​គ្នា​ពេល​នេះ​មិនមែន​ជា​រឿង​មួយ​ចៃដន្យ​ឡើយ។ មិន​ចៃដន្យ ព្រោះ​វា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ក្រោយ​ពី​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​រយៈពេល ៣ឆ្នំា​មក អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​យល់ព្រម​ចូល​តុចរចា​ជា​ថ្មី​ចំនួន ២លើក ក្រោម​អន្តរការី​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី។ ជំនួប​លើកទី១ បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី២៩ និង ៣០ កក្កដា ឆ្នំា ២០១៣ ក្នុង​ទីក្រុង​វ៉ាស៊ីតោន និង​លើកទី២ រៀបចំ​កាល​ពី​ថ្ងៃទី១៨ សីហា ឆ្នំា ២០១៣ ដដែល​ក្នុង​ទីក្រុង Jérusalem។

តំាង​តែ​ពី​នៅ​ក្នុង​កិច្ចចរចា​លើកទី១ មក​ម្ល៉េះ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ប្តេជ្ញាចិត្ត​រួច​ជា​ស្រេច​ថា លោក​ត្រូវ​ការ​ពេលវេលា​​តែ ៩ខែ​ប៉ុណ្ណោះ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ គឺ​ជា​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​មួយ​ដែល​នឹង​កំណត់​ពី​ខ្សែបន្ទាត់​នយោបាយ​សំខាន់ៗ​សម្រាប់​ធ្វើ​ជា​គ្រឹះ​ក្នុង​ការ​អនុម័ត​ចេញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ស្ថាពរ​នៅ​ពេល​ខាង​មុខ។ ដូច្នេះ​បើ​គេ​គិត​មក​ដល់​ថ្ងៃ​នេះ នៅ​បំាង​តែ​ជាង ១ខែ​ទៀត​ប៉ុណ្ណោះ ពោល​នៅ​ថ្ងៃទី២៩ មេសា​ខាងមុខ ដែល​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​នោះ។

តែ​បញ្ហា​នៅ​ត្រង់​ថា ពេលវេលា​ជិត ៨ខែ​បាន​កន្លង​ផុត​ទៅ​ហើយ គេ​នៅ​តែ​មិន​ទាន់​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​បាន​លេចចេញ​ពី​ភាគី​ជម្លោះ​ទំាង​ពីរ​នោះ​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ រយៈពេល​ជិត ៨ខែ​កន្លង​ទៅ​នេះ ភាព​ចម្រូងចម្រាស ឬ​មួយ​ក៏​ថា ការ​ខ្វែងគំនិត​គ្នា​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល និង​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត​ផង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ និង​ដើម្បី​ជា​ការ​ព្រមាន​ដោយ​ប្រយោល អាមេរិក​បាន​កោះ​អញ្ជើញ​ភាគី​ជម្លោះ​ទំាង​ពីរ​ឲ្យ​ចូល​ជួប​ម្តង​ម្នាក់ៗ ដាច់​ដោយ​ឡែក​ពី​គ្នា។ បន្ទាប់​ពី​បាន​ស្តាប់​ការ​ទាមទារ ចង់​បាន​របស់​ភាគី​នីមួយៗ​មក លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ត្រឹមតែ​អំពាវនាវ​ឲ្យ​ម្នាក់ៗ​ខិតខំ ប្រឹងប្រែង​កាត់​បន្ថយ​នូវ​បញ្ហា​មិន​ចុះសម្រុង​គ្នា ពិសេស​ឲ្យ​ហ៊ាន​លះបង់​ខ្ពស់​ដើម្បី​ផលប្រយោជន៍​រួម។

រហូត​មក​ដល់​ពេល​នេះ ប្រធានបទ​ស៊ីជម្រៅ និង​ប្រកប​ដោយ​ចម្រូងចម្រាស​ខ្លំាង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រួម​មាន ការ​គូសវៀស​ខ្សែបន្ទាត់​ព្រំដែន ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​លើ​ដែនដី​ប៉ាឡេស្ទីន​ពី​សំណាក់​អ៊ីស្រាអែល និង​ការ​កំណត់​លក្ខន្តិ្កក​ទីក្រុង Jérusalem ជា​ដើម។ កន្លង​មក លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ផ្អាក​ការ​សាងសង់​លំនៅដ្ឋាន​ក្នុង​ទឹកដី​ប៉ាឡេស្ទីន និង​ត្រូវ​ទទួល​យក​ខ្សែបន្ទាត់​ព្រំដែន​នៅ​មុនឆ្នាំ​១៩៦៧ មក​ធ្វើ​ជា​គោល ក្នុង​ការ​ចរចា​ជាមួយ​ប៉ាឡេស្ទីន។ តែ​អ៊ីស្រាអែល​មិន​ព្រម។ ឥឡូវ​នេះ អ៊ីស្រាអែល​ថែម​ទំាង​បាន​ដាក់​បញ្ចូល​នូវ​លក្ខខណ្ឌ​ថ្មី​មួយ​ទៀត​ដោយ​បាន​ទាមទារ​ឲ្យ​ភាគី​ប៉ាឡេស្ទីន​ប្រកាស​ទទួល​អ៊ីស្រាអែល ជា​រដ្ឋ​របស់​ប្រជាជន Juif។ នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ពី​ប៉ាឡេស្ទីន​ទេ តែ​អាមេរិក​បាន​ចេញ​មុខ​ទិតៀន​អ៊ីស្រាអែល​ដោយ​ចាត់​ទុក​លក្ខខណ្ឌ​មួយ​នេះ​ថា ជា​កំហុស​ប្រវត្តិសាស្រ្ត​មួយ​ដែល​អ៊ីស្រាអែល​មិន​គួរ​លើក​យក​មក​និយាយ​ជា​ថ្មី​ទេ ព្រោះ​វា​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​អស់​ហើយ​កាល​ពី​ឆ្នំា ១៩៤៧ តាម​រយៈ​សេចក្តី​សម្រេចចិត្ត​លេខ ១៨១ របស់​អង្គការសហប្រជាជាតិ។

តើ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃទី២៩ មេសា​ខាង​មុខ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​អាច​នឹង​សម្រេច​បាន​នូវ​កម្មវត្ថុ​របស់​លោក​ដែរ ឬ​ទេ?។ ប្រហែល​ជា​ពិបាក​បន្តិច នេះ​ជា​ការ​ប្រកាស​ទទួល​ស្គាល់​ដោយ​លោក​ចន ឃែរី​ខ្លួន​ឯង។ តែ​ទន្ទឹម​គ្នា​នេះ លោក​ចន ឃែរី​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ក៏​នឹង​មិន​បោះបង់​សំណុំរឿង​នេះ​ចោល​នៅ​ពាក់កណ្តាលទី​ដែរ និង​ថា បើ​គ្មាន​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​ណា​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នៅ​មុន​ថ្ងៃទី២៩ មេសា​ទេ លោក​នឹង​ពន្យារ​​ពេល​ចរចា​ចំនួន ៩ខែ​បន្ថែម​ទៀត។ នេះ​ពិត​ជា​ជម្រើស​មួយ​ដែល​អាមេរិក​ត្រូវ​តែ​យក​ឲ្យ​ខាន​តែ​បាន ព្រោះ​សំណុំរឿង​ដើមបូព៌ា​មួយ​នេះ​ជា​ប្រធានរឿង​អាទិភាព​មួយ​របស់​លោក​អូបាម៉ា ក្រោយ​ពេល​ដែល​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។

ក្រោម​ភ្នែក ច្រមុះ​របស់​ពិភពលោក កាយវិការ​របស់​អាមេរិក​ពេល​នេះ​ពិត​ជា​កាយវិការ​មួយ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រជាជន​អ្នក​ជិតខាង​ទំាង​ពីរ។ តែ​អ្វី​ដែល​អាមេរិក​បាន និង​កំពុង​ប្រឈម​មុខ​ពេល​នេះ គឺ​ការ​ដែល​ភាគី​ទំាង​ពីរ​ឯណោះ​ទៅ​វិញ​ទេ​ដែល​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា ឬ​មួយ​ក៏​ថា ចង់​ដោះស្រាយ​ដែរ តែ​នៅ​និយាយ​មិន​ទាន់​ចុះ​សម្រុង​គ្នា។ តែ​ណ្ហើយ​ចុះ វា​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​និយាយ​ទុក​ជា​មុន​ថា ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ជា​ជម្លោះ​គ្មាន​ទីបញ្ចប់​នោះ។ តែ​អាមេរិក​ខ្លួន​ឯង​អាច​និយាយ​ទុក​ជា​មុន​ថា ខ្លួន​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​អស់​ហើយ ដូច្នេះ ជោគជ័យ ឬ​បរាជ័យ វា​អាស្រ័យ​ទំាង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​នីមួយៗ​ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI