អាមេរិក-ភូមា

លោកស្រី អ៊ុង សានស៊ូជី​ស្នើ​ឲ្យ​អាមេរិក​លើក​ទ័ណ្ឌកម្ម​ចេញ​ពី​ប្រទេស​ភូមា

នៅ​ថ្ងៃអង្គារ ទី១៨ កញ្ញា​ម្សិលមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣សប្តាហ៍​នៅ​សហរដ្ឋអាមេរិក លោកស្រី​ប្រមុខគណបក្សប្រឆំាង​នៅ​ភូមា អ៊ុង សានស៊ូជី​បាន​ស្នើ​ឲ្យ​រដ្ឋបាល​អាមេរិកំាង​លើក​ចេញ​វិញ​នូវ​ទ័ណ្ឌកម្ម​អាមេរិក​ចុងក្រោយ​ដែល​ដាក់​លើ​ភូមា។ ទន្ទឹម​គ្នា​នេះ លោកស្រី អ៊ុង សានស៊ូជី​ក៏​បាន​និយាយ​ធានា​​ប្រទេស​ជិតខាងភូមា ព្រម​ទំាង​សម្ព័ន្ធមិត្ត​ដែល​កំពុង​សម្តែង​ក្តីបារម្ភ​អំពី​ទំនាក់ទំនង​ល្អ​រវាង​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​ណៃពីដ៏។

ជំនួប​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​លោកស្រី ហ៊ីលឡារី គ្លីនតុន​នៅ​សហរដ្ឋអាមេរិក
ជំនួប​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​លោកស្រី ហ៊ីលឡារី គ្លីនតុន​នៅ​សហរដ្ឋអាមេរិក
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ តំាង​ពី​ជាង ២០ឆ្នំា​កន្លង​ទៅ ដែល​លោកស្រី​អ៊ុង សានស៊ូជី​បាន​ដាក់​ជើង​ជាន់​ទឹកដី​អាមេរិកំាង។ នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន លោកស្រី អ៊ុង សានស៊ូជី​បាន​សុំ​ឲ្យ​អាមេរិក​លើក​ចេញ​វិញ​នូវ​គ្រប់​ទ័ណ្ឌកម្ម​ទំាង​អស់​ដែល​រដ្ឋបាល​អាមេរិក​បាន​ដាក់​លើ​ភូមា​ក្នុង​រយៈពេល ២ទសវត្ស​ចុងក្រោយ​នេះ។ គឺ​ជា​ទ័ណ្ឌកម្ម​ដែល​រូប​លោកស្រី អ៊ុង សានស៊ូជី​ផ្ទាល់​ធ្លាប់​បាន​គំាទ្រ​ដើម្បី​ជា​ការ​ដាក់​គំនាប​លើ​របបសឹក​កាន់អំណាច​ក្នុង​ជំនាន់​នោះ។

« ខ្ញុំ​មិន​គិត​ថា យើង​ត្រូវ​ការ​ទ័ណ្ឌកម្ម​នោះ​ដើម្បី​បន្ត​ដាក់​ច្រវ៉ាក់​ជើង​ខ្លួន​ឯង​ទៀត​ឡើយ។ យើង​ត្រូវ​ការ ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ដោយ​ខ្លួន​ឯង និង​យើង​ចង់​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ទទួល​ស្គាល់​ថា ប្រជាជន​យើង គឺ​ជា​អ្នក​ទទួល​ខុសត្រូវ និង​កំណត់​ពី​ជោគវាសនា​របស់​ខ្លួន » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី អ៊ុង សានស៊ូជី​នៅ​ឯ​វិទ្យាស្ថាន​អាមេរិកំាង​ដើម្បី​សន្តិភាព និង​សង្គម​នៅ​អាស៊ី។

ជា​ការ​ឆ្លើយ​តប​វិញ លោកស្រី ហ៊ីលឡារី គ្លីនតុន​បាន​បញ្ជាក់​ដោយ​បង្ការ​ទុក​ជា​មុន​ថា ពិត​មែន​តែ​ស្ថានការណ៍​នៅ​ភូមា​កំពុង​បោះ​ជំហាន​ទៅ​មុខ​គួរ​កត់សម្គាល់​មែន តែ​អ្វីៗ​អាច​នឹង​វិល​ទៅ​រក​ស្ថានភាព​ដូច​អតីតកាល​វិញ។ សម្រាប់​លោកស្រី គ្លីនតុន នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ពិសេស​រដ្ឋាភិបាល និង​គណបក្សប្រឆំាង​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​ដើម្បី​ឯកភាព​ប្រទេស។ អ្វី​ដែល​ប្រមុខ​ការទូត​អាមេរិក​សម្តែង​ក្តីបារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា និង​សហគមន៍​អ្នកកាន់សាសនាព្រះពុទ្ធ​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ព្រម​ទំាង​ទំនាក់ទំនង​ប្រកប​គ្រោះថ្នាក់​រវាង​ភូមា និង​កូរ៉េខាងជើង។

អ្វី​ជា​ការ​កត់សម្គាល់ ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ម្នាក់​របស់​ភូមា​កំពុង​តាម​ដាន​ដោយ​ក្តីព្រួយបារម្ភ អំពី​រាត្រី​ទឹកឃ្មុំ​រវាង​រវាង​អាមេរិក និង​ភូមា​នា​ពេល​នេះ។ អ្វី​ដែល​ទីក្រុង​ប៉េកំាង​កំពុង​ចោទ​សួរ​នោះ​គឺ​ថា តើ​ទំនាក់ទំនង​ល្អូកល្អឺន​រវាង​ទីក្រុង​វ៉ាស៊ីតោន និង​ណៃពីដ៏​ពេល​នេះ មិន​មែន​សំដៅ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន​ទេ ឬ ?។ « មិនមែន​ដូច្នេះ​ទេ » នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់ៗ​របស់​លោកស្រី អ៊ុង សានស៊ូជី។

ក្រៅ​ពី​ជំនួប​ជាមួយ​លោកស្រី ហ៊ីលឡារី គ្លីនតុន គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នឹង​អាច​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី អូបាម៉ា ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង លោកស្រី អ៊ុង សានស៊ូជី​ត្រូវ​ទៅ​ទទួល​មេដាយមាស​ពី​សមាជ​អាមេរិក​ក្នុង​ថ្ងៃ​ពុធ​នេះ។ មេដាយមាស​ដែល​សមាជ​អាមេរិក​បាន​ប្រគល់​ជូន​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នំា ២០០៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI