អាមេរិក និងកូរ៉េខាងត្បូងពង្រឹងផែនការវាយបកនឹងការគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៩
នៅថ្ងៃពុធ ទី២ តុលានេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអនុម័តលើផែនការមួយសម្រាប់វាយបកទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក Chuck Hagel ក្នុងទីក្រុងសេអ៊ូល។ ទន្ទឹមគ្នានេះ អាមេរិក និងកូរ៉េខាងត្បូងក៏បានឯកភាពក្នុងការបន្តជជែកគ្នាជុំវិញការផ្ទេរ ឬពន្យារពេលនូវបញ្ជាការកម្លំាងទ័ពកូរ៉េខាងត្បូងទៅឲ្យទាហានកូរ៉េខាងត្បូងក្នុងករណីមានផ្ទុះសង្រ្គាម។
សូមជម្រាបជូនថា ផែនការមួយនេះត្រូវបានអនុម័តនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក Chuck Hagel ក្នុងទីក្រុងសេអ៊ូល មុននឹងលោកបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងទឹកដីកូរ៉េខាងត្បូង លោក Chuck Hagel បានបញ្ជាក់ជាថ្មីម្តងទៀត អំពីជំហររបស់ទីក្រុងវាស៊ីនតោនក្នុងការបន្តជួយរក្សាសន្តិសុខសម្ព័ន្ធមិត្តសេអ៊ូលនៅចំពោះមុខការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គឺដើម្បីប្រឈមទប់នឹងការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងដែលអាមេរិក និងកូរ៉េខាងត្បូងបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងលើផែនការមួយដែលគេឲ្យឈ្មោះថា ផែនការវាយបក។ នៅក្នុងសេចក្តីជូនដំណឹងរួមគ្នាមួយ ភាគីទំាងពីរមិនបានលំអិតឲ្យបានច្បាស់អំពីវិធានការដែលមានចែងនៅក្នុងផែនការនោះទេ តែបានបញ្ជាក់ថា ផែនការនោះត្រូវបានធ្វើឡើង នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃសម្ព័ន្ធមិត្តទំាងពីរដើម្បីប្រឈមទប់នឹងសេណារីយ៉ូគំរាមកំហែងតាមគ្រប់រូបភាពពីសំណាក់កូរ៉េខាងជើងទំាងនៅក្នុងពេលសន្តិភាព ក៏ដូចជាពេលផ្ទុះសង្រ្គាម។
ថ្លែងនៅក្នុងសន្និសីតកាសែតជាមួយសមភាគីកូរ៉េខាងត្បូង លោក Kim Kwan-jin នៅព្រឹកមិញ លោក Chuck Hagel បានបញ្ជាក់ថា ផែនការវាយបកដែលទើបបានឯកភាពគ្នា មិនមែនទាក់ទងតែនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមួយគត់ទេ តែក៏មានទាក់ទងនឹងការគំរាមដោយប្រើអាវុធប្រល័យលោកគ្រប់ប្រភេទ ព្រមទំាងអាវុធគីមីរបស់កូរ៉េខាងជើងផងដែរ។ អាវុធគីមីដែលកូរ៉េខាងជើងមានប្រមាណជា ៥ ០០០តោន ពោលគឺមានច្រើនជាងប្រទេសស៊ីរីដល់ទៅ ៥ដង នេះបើតាមការអះអាងរបស់អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងត្បូង។ ត្រង់ចំណុចនេះ លោកប្រមុខការពារជាតិអាមេរិកបានព្រមានរួចជាស្រេចថា ការប្រើអាវុធគីមីពីសំណាក់កូរ៉េខាងជើង គឺជារឿងមួយដែលមិនអាចអត់ឱនឲ្យបានទេ ទោះបីជានៅក្រោមរូបភាព និងកាលៈទេសៈណាក៏ដោយ។
អាមេរិកបន្តរក្សាចំនួនទ័ពរបស់ខ្លួនចំនួន ២៨ ៥០០នាក់នៅកូរ៉េខាងត្បូង
បច្ចុប្បន្ននេះ មានទាហានអាមេរិកំាងចំនួន ២៨ ៥០០នាក់ដែលកំពុងឈរជើងក្នុងទឹកដីកូរ៉េខាងត្បូង។ លោកប្រមុខការពារជាតិអាមេរិក Chuck Hagel បានបញ្ជាក់ថា អាមេរិកនឹងបន្តរក្សាចំនួននេះនៅដដែល ដោយមិនបង្កើនបន្ថែម ហើយក៏មិនបន្ថយដែរ។ ជាមួយគ្នានេះ លោក Chuck Hagel k ក៏បានរម្លឹកជាថ្មីថា អាមេរិកនឹងបន្តជួយការពារកូរ៉េខាងត្បូងតាមគ្រប់មធ្យោបាយទំាងអស់ មានទំាងការប្រើអាវុធនុយក្លេអ៊ែរទៀតផង បើចំាបាច់។ ក្រៅពីវត្តមានទាហានអាមេរិកំាងចំនួន ២៨ ៥០០នាក់ កូរ៉េខាងត្បូងក៏មានទាហានរបស់ខ្លួនចំនួន ៦៤០ ០០០នាក់ដែរ។
តំាងពីក្រោយសង្រ្គាមកូរ៉េបានបិទបញ្ចប់ក្នុងឆ្នំា ១៩៥៣ អាមេរិកជាអ្នកកាន់បញ្ជាការទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូងទំាងនៅក្នុងពេលគ្មានសង្រ្គាម ក៏ដូចជាពេលផ្ទុះសង្រ្គាម។ តែចាប់តំាងពីឆ្នំា ១៩៩៤ មក និងក្នុងពេលគ្មានផ្ទុះសង្រ្គាម ពោលគឺដូចសព្វថ្ងៃ តួនាទីបញ្ជាការទ័ពកូរ៉េខាងត្បូង គឺជាភារៈកិច្ចរបស់រដ្ឋអំណាចកូរ៉េខាងត្បូង។ តែនៅក្នុងករណីណាដែលមានផ្ទុះសង្រ្គាម អាមេរិកជាអ្នកកាន់បញ្ជាការ ទំាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូង។ តាមកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល តួនាទីបញ្ជាការទ័ពកូរ៉េខាងត្បូងនៅពេលផ្ទុះសង្រ្គាមនឹងត្រូវផ្ទេរទៅឲ្យរដ្ឋអំណាចក្រុងសេអ៊ូលវិញនៅឆ្នំា ២០១៥ ខាងមុខ។ តែពេលនេះ របបក្រុងសេអ៊ូលបានស្នើឲ្យអាមេរិកពន្យារពេលបន្ថែមទៀត។
គួរបញ្ចាក់ជូនថា កូរ៉េខាងត្បូងធ្លាប់បានសុំពន្យារពេលម្តងហើយកាលពីឆ្នំា ២០១០ បន្ទាប់ពីនាវាមុជទឹករបស់ខ្លួនបានទទួលរងការបាញ់ពន្លិចពីនាវាមុជទឹកកូរ៉េខាងជើង។ ឥឡូវនេះទៀត កូរ៉េខាងត្បូងបានសុំពន្យារពេលបន្ថែម ដោយសំអាងលើការគំរាមថ្មីៗរបស់កូរ៉េខាងជើង ពិសេសការសាកល្បងនុយក្លេអ៊ែរលើកទី៣ កាលពីខែកុម្ភៈកន្លងទៅ។
កន្លងមក លោកប្រធានាធិបតីអាមេរិកអូបាម៉ាបានអំពាវនាវឲ្យមានការគោរពតាមកាលវិភាគដែលបានព្រមព្រៀងគ្នា មានន័យថា កូរ៉េខាងត្បូងត្រូវតែទទួលតួនាទីបញ្ជាការទ័ពរបស់ខ្លួននៅឆ្នំា ២០១៥ ទោះបីជាក្នុងករណីគ្មាន ឬក៏មានសង្រ្គាមក៏ដោយ។ តែលោករដ្ឋមន្រ្តីការពារជាតិអាមេរិក Chuck Hagel បានទទួលស្គាល់ថា លោកបានយល់ពីក្តីបារម្ភរបស់កូរ៉េខាងត្បូង និងថា ការផ្ទេរ ឬមិនផ្ទេរត្រូវតែផ្អែកលើស្ថានការណ៍ជាក់ស្តែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ