ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក François Hollande ចង់​បាន « ដៃគូពាណិជ្ជកម្មពិសេស » ជាមួយ​ជប៉ុន

សំឡេង ០៥:៣២
លោក​ប្រធានាធិបតី​បារំាង François Hollande ចុះ​ពី​យន្តហោះ​នៅ​អាកាសដ្ឋាន​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃ​ទី៦ មិថុនា ឆ្នំា ២០១៣
លោក​ប្រធានាធិបតី​បារំាង François Hollande ចុះ​ពី​យន្តហោះ​នៅ​អាកាសដ្ឋាន​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃ​ទី៦ មិថុនា ឆ្នំា ២០១៣

លោក​ប្រធានាធិបតី​បារំាង François Hollande បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន ៣​ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៨ មិថុនា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ លោក​ប្រមុខរដ្ឋ​បារំាង​ត្រូវ​ទទួល​ជួប​ដោយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ShinzoAbé និង​ព្រះចៅអធិរាជ​ជប៉ុន Akihito។ គោលដៅ​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក François Hollande នៅ​ប្រទេស​ជប៉ុន គឺ​វិស័យ​សេដ្ឋកិច្ច។

ផ្សាយពាណិជ្ជកម្ម

គួរ​ជម្រាប​ជូន​ថា តំាង​ពី ១៧ឆ្នំា​មក ពោល​គឺ​តំាង​ពី​ឆ្នំា ១៩៩៦ មក​ម្ល៉េះ ដែល​គ្មាន​ប្រធានាធិបតី​បារំាង​ណា​ម្នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ប្រទេស​ជប៉ុន​ទេ។ រូប​ប្រធានាធិបតី​បារំាង​ដែល​បាន​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​ចុង​ក្រោយ​នៅ​ជប៉ុន​កាល​ពី ១៧ឆ្នំា​មុន គឺ​លោក Jacques Chirac។ ដូច្នេះ​ឃើញ​ថា ទស្សនកិច្ច​របស់​លោក François Hollande ក្នុង​ប្រទេស​ជប៉ុន​ថ្ងៃ​នេះ ពិត​ជា​បង្កប់​ដោយ​និមិត្តរូប​សំខាន់​ណាស់​នៅ​ក្នុង​ទំនាក់ទំនង​បារំាង ជប៉ុន។ ម្យ៉ាង​ទៀត នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ ព្រោះ​ថា ក្នុង​ឆ្នំា ២០១៣ នេះ ជប៉ុន​យល់ព្រម​ទទួល​ទស្សនកិច្ច​ផ្លូវរដ្ឋ ដោយ​មាន​ការ​រៀបចំ​តាម​ពិធីសា​ខ្ពង់ខ្ពស់​តែ​ប្រធានាធិបតី​ចំនួន​ពីរ​រូប​គត់ គឺ​លោក​ប្រធានាធិបតី​បារំាង François Hollande ពេល​នេះ និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​នៅ​ពេល​ខាង​មុខ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Hollande ត្រូវ​ទទួល​ជួប​ដោយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abé និង ព្រះចៅអធិរាជ​ជប៉ុន Akihito។

ទស្សនកិច្ច​ផ្តោតសំខាន់​លើ​វិស័យ​សេដ្ឋកិច្ច

ក្រៅ​ពី​រដ្ឋមន្រ្តី ៦រូប​ដែល​បាន​អមដំណើរ​លោក​ប្រធានាធិបតី​បារំាង គេ​ក៏​សង្កេត​ឃើញ​មាន​ប្រធាន​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុនបារំាង​ធំៗ ប្រមាណ​ជា ៤០នាក់​ផ្សេង​ទៀត។ វិមាន​ប្រធានាធិបតី​បារំាង​បាន​បញ្ជាក់​ថា គោលដៅ​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក Hollande គឺ​ផ្តល់សន្ទុះ​ឡើងវិញ​នូវ​ទំនាក់ទនង​រវាង​ទីក្រុង​ប៉ារីស និង​តូក្យូ ព្រម​ទំាង​ធ្វើ​ជា​ដៃគូ​រវាង​គ្នា​ឲ្យ​កាន់​តែ​មាន​ទម្ងន់ និង​រឹងមំា ពោល​ធ្វើ​ជា​ដៃគូ​មួយ​ពិសេស។ និយាយ​ឲ្យ​ស្រួល​យល់ ទីក្រុង​ប៉ារីស​ចង់​ឲ្យ​រោងចក្រ សហគ្រាស​បារំាង​មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​លើ​ទីផ្សារ​ក្នុង​ទឹកដី​ជប៉ុន​ដែល​បារំាង​ពិបាក​នឹង​ដណ្តើម​បាន។ មាន​វិស័យ​មួយ​ចំនួន​ដែល​បារំាង​ពិបាក​ដណ្តើម​យក​ទីផ្សារ​ក្នុង​ប្រទេស​ជប៉ុន រួម​មាន វិស័យកសិស្បៀងអាហារ វិស័យ​អយស្ម័យយាន និង​វិស័យ​ការពារ។ វិស័យ​ការពារ​ដែល​ជប៉ុន​បាន​រកស៊ី​ជាមួយ​អាមេរិក​តែ​ម្នាក់​គត់។

កិច្ចសហប្រតិបត្តិការ​រវាង​ប៉ារីស និង​តូក្យូ​លើ​វិស័យ​នុយក្លេអ៊ែរ

បច្ចេកវិទ្យាថ្មី និង​ថាលពល​នុយក្លេអ៊ែរ គឺ​ជា​វិស័យ​អាទិភាព​ដែល​បារំាង​អាច​រកស៊ី​ជាមួយ​ជប៉ុន​បាន។ ថ្មីៗ​នេះ ក្រុមហ៊ុន​ជប៉ុន Mitsubishi និង​ក្រុមហ៊ុន​បារំាង GDF Suez បាន​សន្យា​រួម​សហការណ៍​គ្នា​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទី២ ឲ្យ​ប្រទេស​តួកគី​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​កសាង​នៅ​ដើម​ឆ្នំា ២០១៧។ នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​នាយករដ្ឋមន្ត្រី Shinzo Abé បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន​ទំាង​អស់ ដែល​បាន​ផ្អាកដំណើរការ ក្រោយ​ពី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ Fukushima ក្នុង​ឆ្នំា ២០១១។ ក្នុង​ករណី​នេះ ជប៉ុន​ពិត​ជា​ត្រូវ​ការ​បច្ចេកវិទ្យា​របស់​បារំាង ដោយ​ខាន​មិន​បាន ដើម្បី​ចៀសវាង​កុំ​ឲ្យ​គ្រោះមហន្តរាយ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត។ ម្យ៉ាង​ទៀត នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​រដ្ឋបារំាង​នោះ​ដែរ កិច្ចព្រមព្រៀង​ជា​ដៃគូ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​ថាមពល​បរមាណូ​បារំាង (CEA) និង​ទីភ្នាក់ងារ​សុវត្ថិភាព​នុយក្លេអ៊ែរ​ជប៉ុន (NRA)។

ក្រៅ​ពី​វិស័យ​នុយក្លេអ៊ែរ បារំាង​ក៏​អាច​នឹង​និយាយ​បញ្ចុះបញ្ចូល​ជប៉ុន​ឲ្យ​ទិញ​យន្តហោះ​របស់​ក្រុមហ៊ុន​អឺរ៉ុប Airbus។ វិស័យ​អាកាសនាវាវិជ្ជា​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​អាមេរិកំាង Boeing ក្តោប​យក​សឹង​តែ​ទំាង​ស្រុង​នៅ​ក្នុង​ប្រទេស​ជប៉ុន។ គួរ​ជម្រាប​ជូន​ថា ទោះ​បី​ជា​នៅ​មាន​វិស័យ​ខ្លះ​ដែល​បារំាង​ពិបាក​នឹង​ដណ្តើម​យក​ទីផ្សារ​ជប៉ុន​ក៏​ដោយ ក៏​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​គ្នា​មាន​សក្តានុពល​ខ្លំាង​គួរ​ឲ្យ​កត់សម្គាល់។ បារំាង គឺ​ជា​ប្រទេសវិនិយោគ​ចំណាត់ថ្នាក់ទី ៣ ក្នុង​ប្រទេស​ជប៉ុន។ ចំណែក​ជប៉ុន ជា​ប្រទេសវិនិយោគ​ទី១​របស់​អាស៊ី​នៅ​ក្នុង​ប្រទេស​បារំាង។ ជា​រៀងរាល់​ឆ្នំា ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉ារីស និង​តូក្យូ​មាន​ទឹកប្រាក់ ១៦ ០០០លានអឺរ៉ូ។

ដោយឡែក ក្រៅ​ពី​ស្វែង​រក​ទីផ្សារ​ជប៉ុន​សម្រាប់​អ្នកវិនិយោគ​បារំាង លោក​ប្រធានាធិបតី​បារំាង François Hollande ក៏​ចង់​រៀនសូត្រ​ខ្លះៗ​ពី​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abé នូវ​បទពិសោធន៍​មួយ​ចំនួន​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​បារំាង​ឡើង​វិញ។ ដូច​យើង​បាន​ដឹង​ហើយ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​របស់​បារំាង​មិន​ត្រឹម​មាន​កម្រិត​សូន្យ​ប៉ុណ្ណោះ​ទេ គឺ​ក្រោម​សូន្យ​ទៅ​ទៀត។ រីឯ​ជប៉ុន​វិញ បន្ទាប់​ពី​បាន​ស្គាល់​ស្ថានភាព​លំបាក​យ៉ាប់យឺន​អស់​ជា​ច្រើន​ឆ្នំា​មក លោក Shinzo Abé ដែល​ទើប​ត្រលប់​មក​កាន់​អំណាច​ជា​ថ្មី​កាល​ពី​ថ្ងៃទី២៦ ធ្នូ ឆ្នំា ២០១២ បាន​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​បាន​មក​វិញ ជាមួយ​នឹង​ការ​អនុវត្តន៍​នយោបាយ​ថវិកា និង​រូបិយវត្ថុ​របស់​លោក។ នេះ ជា​មេរៀន​ដែល​លោក François Hollande ចង់​រៀនសូត្រ​តាម ដើម្បី​ប្រទេស​បារំាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI