ចិន-អាមេរិក

លោក Leon Panetta ទស្សនកិច្ច​នៅ​ចិន ចំ​ពេល​ដែល​ចិន និង​ជប៉ុន​កំពុង​ប្រឈមមុខ​ដាក់​គ្នា

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក Leon Panetta និង​​លោក​អនុប្រធានាធិបតី​ចិន Xi Jinping​
លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក Leon Panetta និង​​លោក​អនុប្រធានាធិបតី​ចិន Xi Jinping​ REUTERS/Larry Downing

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក Leon Panetta កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​ក្នុង​ជំនួប​រវាង​លោក Panetta និង​លោក​អនុប្រធានាធិបតី​ចិន Xi Jinping ភាគី​ទំាង​ពីរ​បាន​លើក​យក​សំណុំរឿង​សំខាន់ៗ​ទៅ​ជជែក ពិសេស​សំណុំរឿង​ទីប្រជុំកោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​ចិន និង​ជប៉ុន​កំពុង​ឈ្លោះ​គ្នា។ ទីក្រុង​ប៉េកំាង​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ខ្លួន​មិន​ត្រូវ​ការ​ឲ្យ​ប្រទេស​ណា​ចូល​លូកលាន់​នៅ​ក្នុង​រឿង​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​អវត្តមាន​អស់​រយៈពេល ២សប្តាហ៍ និង​បាន​លេច​មុខ​ជា​ថ្មី​កាល​ពី​ចុង​សប្តាហ៍​នេះ​មក នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​អនុប្រធានាធិបតី​ចិន Xi Jinping បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនំា​បរទេស​ម្នាក់ គឺ​លោក​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អាមេរិក Leon Panetta។ « ខ្ញុំ​គិត​ថា ទស្សនកិច្ច​របស់​លោក​ពិត​ជា​មាន​សារៈសំខាន់​ខ្លំាង​ណាស់​ដើម្បី​ផ្តល់​សន្ទុះ​បន្ថែម​ទៀត​នៅ​ក្នុង​ទំនាក់ទំនង​រដ្ឋ និង​រដ្ឋ យោធា និង​យោធា​រវាង​ប្រទេស​យើង​ទំាង​ពីរ » នេះ​ជា​ការ​ថ្លែង​របស់​លោក Xi Jinping ដែល​​អនាគត​នឹង​ក្លាយ​ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​ខែ​តុលា​ខាង​មុខ និង​ជា​ប្រធានាធិបតី​ចិន​ជំនួស​កន្លែង​លោក Hu Jintao នៅ​ខែ​មីនា ឆ្នំា ២០១៣។

អ្វី​ជា​ការ​កត់សម្គាល់ ដំណើរទស្សនកិច្ច​របស់​លោក Leon Panetta នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំពេល​ដែល​ចិន​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ពាក់ព័ន្ធ​នឹង​ទីប្រជុំកោះ Senkaku ជា​ភាសា​ជប៉ុន ឬ Diaoyu ជា​ភាសា​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ ក្នុង​បញ្ហា​នេះ មតិមហាជន​ចិន​ភាគច្រើន​បាន​ស្តីបន្ទោស​នយោបាយ​អាមេរិក​នៅ​ទ្វីប​អាស៊ី ប៉ាស៊ីហ្វិក​ថា បាន​ជួយ​លើក​ទឹកចិត្ត​ប្រទេស​មួយ​ចំនួន មាន​ជប៉ុន វៀតណាម ឬ​មួយ​ហ្វីលីពីន​ឲ្យ​ងើប​ឡើង​ប្រឆំាង​ចិន​នៅ​ក្នុង​ជម្លោះ​ទឹកដី​នៅ​សមុទ្រ​ចិន។ អ្វី​ដែល​មហាជន​ចិន​មិន​អាច​ទទួល​យក​បាន​នោះ គឺ​ការ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ពង្រាយ​គ្រាប់​មីស្ស៊ីល​ក្នុង​ទឹកដី​ជប៉ុន និង​ការ​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​ហ្វីលីពីន។

យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​បាន​ព្យាយាម​និយាយ​ពន្យល់​ចិន ថា​ទំាង​ការ​ដាក់​ពង្រាយ​គ្រាប់មីស្ស៊ីល ឬ​មួយ​ក៏​ការ​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ គឺ​មិន​មែន​សំដៅ​ប្រឆំាង​ចិន​ទេ តែ​ក្នុង​គោលដៅ​បង្កើន​ប្រព័ន្ធ​សន្តិសុខ​ក្នុង​តំបន់​ទំាង​មូល ដោយ​បូក​បញ្ចូល​ប្រទេស​ចិន​ផង​ដែរ។

លោក Leon Panetta បាន​យល់​ឃើញ​ថា ទីក្រុង​វ៉ាស៊ីតោន និង​ប៉េកំាង​ត្រូវ​តែ​ជំនះ​ឲ្យ​បាន​នូវ​ការ​ខ្វែង​គំនិត​គ្នា​ដើម្បី​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា ហើយ​ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន មហាអំណាច​ទំាង​ពីរ​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​បរិយាកាស​នៃ​ការ​ទុកចិត្ត​គ្នា និង​ការ​យោគយល់​គ្នា​ទៅ​វិញ ទៅ​មក។ ទន្ទឹម​គ្នា​នេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ក៏​បាន​លើក​ឡើង​នូវ​វិស័យ​អាទិភាព​មួយ​ចំនួន​ដែល​អាមេរិក និង​ចិន​ត្រូវ​រួម​សហការណ៍​គ្នា រួម​មាន យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម វិធានការ​ទប់ស្កាត់​គ្រោះធម្មជាតិ សន្តិសុខ​តាម​ផ្លូវសមុទ្រ យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​សាយភាយ​អាវុធប្រល័យលោក និង​ការ​រត់ពន្ធគ្រឿងញាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI