ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកបារ៉ាក់ អូបាម៉ា​ផ្តើម​ទស្សនកិច្ច​មួយជុំ​ទ្វីបអាហ្រ្វិក​លើក​ទីមួយ

សំឡេង ០៥:២៨
លោកបារ៉ាក់ អូបាម៉ា​ផ្តើម​ទស្សនកិច្ច​មួយជុំ​ទ្វីបអាហ្រ្វិក​លើក​ទីមួយ
លោកបារ៉ាក់ អូបាម៉ា​ផ្តើម​ទស្សនកិច្ច​មួយជុំ​ទ្វីបអាហ្រ្វិក​លើក​ទីមួយ REUTERS/Thomas Peter

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាហ្រ្វិក​រយៈពេល​មួយ​សប្តាហ៍ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ ទី២៦ មិថុនា ដល់​ថ្ងៃទី៣ កក្កដា​ខាង​មុខ។ មាន​ប្រទេស​អាហ្រ្វិក​ចំនួន ៣​ដែល​លោក​អូបាម៉ា​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច គឺ​ប្រទេស​សេណេហ្គាល់ អាហ្រ្វិកខាងត្បូង និង​ប្រទេស​តង់សានី។

ផ្សាយពាណិជ្ជកម្ម

សេណេហ្គាល់​ជា​ប្រទេស​ដែល​លោក​អូបាម៉ា​ត្រូវ​ទៅ​ដល់​មុន​គេ​ក្នុង​ថ្ងៃ​នេះ ដោយ​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​ថ្ងៃ​សុក្រ ទី២៨ មិថុនា។ នៅ​សេណេហ្គាល់ លោក​អូបាម៉ា​នឹង​ចូល​ជួប​លោក​ប្រធានាធិបតី​សេណេហ្គាល់ Macky Sall និង​ទៅ​ទស្សនកិច្ច​នៅ​ទីប្រជុំកោះ Gorée ដែល​ជា​និមិត្តរូប​នៃ​ទាសករស្បែកខ្មៅ។ ប្រទេស​បន្ទាប់ គឺ​អាហ្រ្វិកខាងត្បូង​ដែល​លោក​អូបាម៉ា​ត្រូវ​ទៅ​ដល់​នៅ​ថ្ងៃសៅរ៍ ទី២៩ មិថុនា។ នៅ​ទីនោះ លោក​អូបាម៉ា​នឹង​ចូល​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង Jacob Zuma។ ចំណែក​ប្រទេស​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​មួយជុំ​ទ្វីបអាហ្រ្វិក​របស់​លោក​ប្រធានាធិបតី​អាមេរិក គឺ​តង់សានី។ នៅ​ទីនោះ លោក​អូបាម៉ា​នឹង​ជួប​សន្ទានា​ជាមួយ​លោក​ប្រធានាធិបតី​តង់សានី Jakaya Kikwete។

កម្មវិធី​របស់​លោក​អូបាម៉ា​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នៅ​នាទី​ចុង​ក្រោយ ដោយសារ​តែ​បញ្ហា​សុខភាព​របស់​លោក​អតីត​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង Nelson Mandela។ មាន​អាយុ ៩៥ឆ្នំា លោក Nelson Mandela កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​តំាង​ពី ៣សប្តាហ៍ និង​ដែល​កំពុង​សុខភាព​ធ្លាក់​ចុះ​ខ្លំាង។ តាម​គម្រោង លោក​អូបាម៉ា​ចង់​ចូល​ជួប​លោក Mandela តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​នា​ពេល​នេះ គឺ​ខ្លាច​តែ​លោក Mandela ចូល​មរណៈភាព មុន​នឹង​លោក​អូបាម៉ា​ទៅ​ដល់។ គួរ​ជម្រាប​ថា លោក​អូបាម៉ា​ធ្លាប់​បាន​ជួប​លោក Nelson Mandela ម្តង​គត់​ឆ្នំា ២០០៥។ តែ​កាលណោះ លោក​អូបាម៉ា​មិន​ទាន់​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទេ គឺ​មាន​តួនាទី​ត្រឹមតែ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​វ័យក្មេង​ប៉ុណ្ណោះ។

លោក​អូបាម៉ា​មិន​ទៅ​កេនញ៉ា​ដែល​ជា​ប្រទេស​កំណើត​របស់​ឳពុក

តំាង​ពី​លោក​អូបាម៉ា​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​លើកដំបូង​ក្នុង​ឆ្នំា ២០០៨ លោក​អូបាម៉ា​មិន​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំទ្វីបអាហ្រ្វិក​ទេ។ នៅ​ក្នុង​អាណត្តិទីមួយ មាន​តែ​ប្រទេស​ហ្គាណា​មួយ​គត់​ដែល​លោក​អូបាម៉ា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​កាល​ពី​ខែ​កក្កដា ឆ្នំា ២០០៩។ ក្រោម​ភ្នែក​ច្រមុះ​ប្រជាជន​អាហ្រ្វិក​ទូទៅ នេះ​ពិត​ជា​កាយវិការ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លំាង ខកចិត្ត​ក៏​ដោយសារ​ថា លោក​អូបាម៉ា​ដែល​មាន​ឈាមជ័រ​អាហ្រ្វិក តែ​បែរ​ជា​បាន​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ទ្វីបកំណើត​របស់​ឱពុក​ខ្លួន​ទៅ​វិញ។ សូម​ជម្រាប​ជូន​ថា លោក​អូបាម៉ា​មាន​កំណើត​នៅ​ក្នុង​ទឹកដី​អាមេរិកំាង តែ​មាន​ម្តាយ​ជា​ជនជាតិ​អាមេរិកំាង និង​ឳពុក​ជា​ជនជាតិ​កេនញ៉ា។

ម្យ៉ាង​ទៀត ការ​ដែល​លោក​អូបាម៉ា​បាន​សម្រេចចិត្ត​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក​ពេល​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​មាន​ការ​តូចចិត្ត តូចថ្លើម​មិន​តិចដែរ។ តូច​ចិត្ត ដោយសារ​តែ​​លោក​អូបាម៉ា​ទៅ​ទស្សនកិច្ច​តែ ៣ប្រទេស​គត់ គឺ​សេណេហ្គាល់ អាហ្រ្វិក ខាងត្បូង និង​ប្រទេស​តង់សានី។ ដោយឡែក គេ​ពិត​ជា​មិន​ឆ្ងល់​ទេ ដែល​លោក​អូបាម៉ា​មិន​ទៅ​កេនញ៉ា​ដែល​ជា​ប្រទេស​កំណើត​របស់​ឳពុក​លោក ព្រោះ​ថា លោក​ប្រធានាធិបតី​កេនញ៉ា​បច្ចុប្បន្ន Uhuru Kenyatta បាន​និង​កំពុង​តាម​ប្រម៉ាញ់​ដោយ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ។

តំាង​តែ​ពី​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ស្បែកខ្មៅ​ទីមួយ​មក ប្រជាជន​អាហ្រ្វិក​មាន​ក្តីសង្ឃឹម​ច្រើន​ថា នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា​នឹង​ផ្តោត​សំខាន់​លើ​ទ្វីប អាហ្រិក។ តែ​នៅ​ទីផុត លោក​អូបាម៉ា​មិន​ខ្វល់ខ្វាយ ដោយ​រវល់​គិត​តែ​ពី​រឿង​វិបត្តិសេដ្ឋកិច្ច​ក្នុង​ស្រុក រឿង​បដិវត្ត​ក្នុង​ពិភពអារ៉ាប់ ឬ​មួយ​ក៏​ចាប់​អារម្មណ៍​តែ​​លើ​ទ្វីប​អាស៊ី​ជា​ដើម។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ប្រទេស​អាហ្វ្រិក​ភាគច្រើន​បាន​ផ្តើម​ទៅ​ឈោងចាប់​ប្រទេស​មហាអំណាច​ផ្សេង ពិសេស​គឺ​ប្រទេស​ចិន។

អាមេរិក​មិន​បន្ត​ទុក​ឲ្យ​ចិន​សោយរាជ្យ​តែ​ម្នាក់​ឯង​នៅ​អាហ្រ្វិក​ទេ

ការ​ដាក់​ជើង​ជាន់​ក្នុង​ទ្វីបអាហ្រ្វិក​ពេល​នេះ គឺ​គ្មាន​អ្វី ក្រៅ​ពី​ការ​ប្រជែង​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​ទេ។ សូម​ជម្រាប​ជូន​ថា គ្រាន់​តែ​ទទួល​តំណែង​មិន​បាន​ប៉ុន្មាន​ខែ​ផង លោក​ប្រធានាធិបតី​ថ្មី​របស់​ចិន ស៊ី ជីនពីង​បាន​ទៅ​ទស្សនកិច្ច​ទ្វីបអាហ្រិ្វក​កាល​ពី​ខែ​មីនា​កន្លង​ទៅ។ ទីក្រុង​ប៉េកំាង​មិន​បាន​បណ្តែតបណ្តោយ​ទុក​ឲ្យ​ឱកាស​នោះ​កន្លង​ផុត​ទៅ​ងាយៗ​ទេ។ អាហ្រិក​ជា​ទ្វីប​ដែល​សម្បូរ​ទៅ​ដោយ​វត្ថុធាតុដើម​គ្រប់បែប ពិសេស​គឺ​ប្រភពថាមពល​ដែល​ចិន​ត្រូវ​ការ​ដើម្បី​យក​ទៅ​ចិញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ តំាង​តែ​ពី​ឆ្នំា ២០០៩ មក ចិន​បាន​ក្លាយ​ជា​ដៃគូទីមួយ​របស់​ទ្វីបអាហ្រ្វិក​ក្នុង​ផ្នែក​វត្តុធាតុដើម។ ចន្លោះ​ឆ្នំា ២០១០ និង ២០១១ ចិន​បាន​បោះទុន​រកស៊ី​ក្នុង​ទ្វីបអាហ្រ្វិក​ជាមួយ​នឹង​ទឹកប្រាក់​ប្រមាណ​ជា ៧៥ ៤០០លានដុល្លារ។

ដូច្នេះ សម្រាប់​លោក​អូបាម៉ា វា​ជា​ពេល​វេលា​បន្ទាន់​មួយ​ដែល​អាមេរិក​មិន​អាច​ត្រេងត្រាង​បាន​ទៀត​ទេ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា លោក​បាន​នំា​ទៅ​ជាមួយ​នូវ​ក្រុមអ្នកជំនួញ​អាមេរិកំាង​គ្រាក់ៗ។ សម្រាប់​រដ្ឋបាល​អាមេរិកំាង អាហ្វ្រិក​ជា​ទ្វីប​ដែល​កំពុង​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំធេង។ រៀងរាល់​ឆ្នំា អាហ្រ្វិក​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​មិន​តិច​ជាង ៥%ទេ។ ក្នុង​ឆ្នំា ២០១១ ការ​នំា​ចេញ​ពី​អាមេរិក ទៅ​ទ្វីបអាហ្រ្វិក​មាន​ទឹកប្រាក់​ប្រមាណ​ជា ២១ ១០០លានដុល្លារ ពោល​គឺ​កើន​ប្រមាណ​ជា ២៣% បើ​ធៀប​នឹង​ឆ្នំា ២០១០។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ ទ្វីបអាហ្រ្វិក​នឹង​ផ្តល់​ឲ្យ​អាមេរិក​នូវ​កំណើន​សេដ្ឋកិច្ច និង​ការងារ​ជូន​ពលរដ្ឋ អាមេរិកំាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI