អានតួអត្ថបទ
កូរ៉េខាងត្បូង

សម្តេចប៉ាប​ហ្រ្វង់ស័រ​អំពាវនាវ​ឲ្យ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ

សម្តេចប៉ាប​ហ្រ្វង់ស័រ​អំពាវនាវ​ឲ្យ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រនៅ​កូរ៉េខាងត្បូង
សម្តេចប៉ាប​ហ្រ្វង់ស័រ​អំពាវនាវ​ឲ្យ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រនៅ​កូរ៉េខាងត្បូង Reuters
១៥ នាទី

ថ្ងៃ​នេះ ជា​ថ្ងៃ​ទី៣ នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​របស់​ប្រមុខ​សង្ឃ​សាសនា​កាតូលិក សម្តេច​ប៉ាប​ហ្រ្វង់ស័រ​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ នៅ​ថ្ងៃទី៣ ថ្ងៃ​នេះ សម្តេចប៉ាប​បាន​ចូលរួម​នៅ​ក្នុង​ពិធី​សូត្រធម៌​នៅ​ទីលាន​ដ៏ធំ​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ដោយ​មាន​មនុស្ស​ចូលរួម​ជាង ៨០ម៉ឺននាក់។ ពិធី​សូត្រ​ថ្ងៃ​នេះ គឺ​ក្នុង​គោលដៅ​គោរព​វិញ្ញាណក្ខន្ធ និង​លើក​សរសើរ​ពី​ភាព​ក្លាហាន​របស់​ប្រជាជន​កូរ៉េ​ចំនួន​១២៤នាក់​ដែល​បាន​ស្លាប់​ដើម្បី​គ្រិស្តសាសនា។ ទន្ទឹម​គ្នា​នេះ សម្តេចប៉ាប​ក៏​បាន​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​នៅ​ក្នុង​សង្គម​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​លើ​ទីលាន​ដ៏ធំ​មួយ​ចំ​កណ្តាល​បេះដូង​ទីក្រុង​សេអ៊ូល​ដែល​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​យាង​ចូលរួម​នៅ​ក្នុង​ពិធី​សូត្រធម៌​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​លើក​សរសើរ​ពី​ភាព​ក្លាហាន​របស់​ប្រជាជន​កូរ៉េ​ចំនួន​១២៤នាក់​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប​រហូត​ស្លាប់​ដោយសារ​តែ​ពួក​នេះ​មិន​ព្រម​លះបង់​ជំនឿ​គ្រិស្តសាសនា​របស់​ខ្លួន​កាល​ពី​ក្នុង​សតវត្សទី១៨ និងទី១៩។ នា​ឱកាស​នោះ សម្តេចប៉ាប​បាន​អំពាវនាវ​ឲ្យ​មនុស្សជំនាន់​ថ្មី​យក​គំរូ​តាម​ទុក្ករបុគ្គល ឬ​បុគ្គល​ដែល​រងទុក្ខ​ដល់ស្លាប​ដើម្បី​រក្សា​ជំនឿខ្លួន​ទំាង ១២៤រូប​នោះ។ ទន្ទឹម​គ្នា​នេះ សម្តេចប៉ាប​ក៏​បាន​ឆ្លៀត​រម្លឹក​អំពី​ប្រវត្តិកកើត​ដំបូង​នៃ​វិហារ​គ្រិស្តសាសនា​នៅ​ក្នុង​ទឹកដី​កូរ៉េ។

យោង​តាម​សម្តេចប៉ាប អ្នកកាន់​គ្រិស្តសាសនា​មុន​គេ​នៅ​កូរ៉េ​បាន​ស្វែងយល់ និង​រក​ឃើញ​ដោយ​ខ្លួន​ឯង​នូវ​សាសនា​មួយ​នេះ តាម​រយៈ​គម្ពីរគ្រិស្តសាសនា​ឆ្លង​មក​ពី​ប្រទេស​ចិន។ នៅ​ពេល​នោះ ពួក​គេ​ក៏​បាន​ផ្តើម​បង្កើត​សហគមន៍​កាតូលិក​​ដោយ​ខ្លួន​ឯង។ បច្ចុប្បន្ន​នៅ​កូរ៉េខាងត្បូង មាន​អ្នក​កាន់សាសនា​កាតូលិក​ប្រមាណ​ជា ៥លាននាក់ ពោល​ស្មើ​នឹង ១០% នៃ​ប្រជាជន​សរុប។ បើ​ធៀប​នឹង​សាសនា​ផ្សេង គឺ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ តែ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ១០ម៉ឺននាក់​ជា​រៀងរាល់​ឆ្នំា។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេចប៉ាប​ហ្រ្វង់ស័រ​ក៏​បាន​បរិហារ​ពី​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​នៅ​ក្នុង​សង្គម​ជឿនលឿន​បច្ចុប្បន្ន ដោយ​បាន​អំពាវនាវ​ឲ្យ​អ្នកមាន​ស្តាប់​ការ​ស្រេកឃ្លាន​របស់​អ្នកក្រ​ផង។ សម្តេចប៉ាប​បាន​ទទួល​ស្គាល់​ថា ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់ កូរ៉េខាងត្បូង​ជា​ប្រទេស​អ្នកមាន​មួយ​ក្នុង​ចំណោម​ប្រទេស​អ្នកមាន​ផ្សេង​ទៀត តែ​ក៏​ជា​ប្រទេស​មួយ​ដែល​ប្រជាជន​មាន​ជីវភាព​ខុស​គ្នា​ឆ្ងាយ​ណាស់ ពោល​គឺ​មាន​មនុស្សចាស់​ជិត​ពាក់​កណ្តាល​កំពុង​រស់​ក្រោម​ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ។ ដោយឡែក សម្តេចប៉ាប​ក៏​ឆ្លៀត​ចូលរួម​បន់ស្រន់​ជាមួយ​ក្រុមគ្រួសារ​កូរ៉េ​ដែល​បាន​បាត់បង់​សាច់ញាតិ​របស់​ខ្លួន​នៅ​ក្នុង​គ្រោះថ្នាក់លិចសាឡាង​កាល​ពី​ថ្ងៃទី១៦ មេសា។ គ្រោះថ្នាក់​ដែល​កាលណោះ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៣០០នាក់ ភាគច្រើន​ជា​សិស្សសាលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ