ប៉ាគីស្ថាន អាមេរិក

អាមេរិកចង់​ផ្តល់​ជំនួយ​ឲ្យ​ប៉ាគីស្ថាន​ជាថ្មី​សម្រាប់​យុទ្ធនាការប្រឆំាងនឹង​ភេរវនិយម

លោក​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន Nawaz Sharif (រូបស្តំា) និង​លោក​ប្រមុខ​ការទូត​អាមេរិក John Kerry
លោក​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន Nawaz Sharif (រូបស្តំា) និង​លោក​ប្រមុខ​ការទូត​អាមេរិក John Kerry REUTERS/Yuri Gripas

លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ប៉ាគីស្ថាន Nawaz Sharif កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក។ លោក Sharif ត្រូវ​បាន​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក John Kerry ទទួល​ជួប​សំណេះសំណាល​នៅ​យប់​ថ្ងៃ​អាទិត្យ ទី២០ តុលា​ម្សិលមិញ។ បន្ទាប់​មក លោក Sharif នឹង​ត្រូវ​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​នៅ​ថ្ងៃ​ពុធ ទី២៣ តុលា។

ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​អាមេរិកំាង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​ជា​ថ្មី​ទៅ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ គឺ​ជា​ជំនួយ​ផ្នែក​សន្តិសុខ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ៣០៥លានដុល្លារ​ក្នុង​មួយ​ឆ្នំា និង​ដែល​រដ្ឋបាល​លោក​អូបាម៉ា​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​ជា​មុន​សិន។ យ៉ាង​ណា​ក៏​ដោយ សេចក្តីប្រកាស​នេះ គឺ​ជា​លទ្ធផលទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន Nawaz Sharif ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ដែល​លោក Sharif ទើប​បាន​ទទួល​ជួប​ដោយ​លោក​ប្រមុខ​ការទូត​អាមេរិក John Kerry កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២០ តុលា​ម្សិលមិញ។

ជា​សរុប​សម្រាប់​ថវិកា​ឆ្នំា ២០១៤ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​សុំ​លុយ​ពី​សភា​ចំនួន ១ ១៦២លានដុល្លារ​សម្រាប់​ជួយ​ប្រទេស​ប៉ាគីស្ថាន ក្នុង​នោះ​មាន ៨៥៧លានដុល្លារ​សម្រាប់​ផ្នែក​ស៊ីវិល និង ៣០៥លានដុល្លារ​សម្រាប់​ផ្នែក​សន្តិសុខ។ យោង​តាម​អ្នក​នំា​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក ជំនួយ​ផ្នែក​ស៊ីវិល​កំពុង​មាន​បន្ត តែ​ជំនួយ​ផ្នែក​សន្តិសុខ​ត្រូវ​បាន​ផ្អាក​តំាង​ពី​ក្រោយ​ប្រតិបត្តិការ​ប្រឆំាង​មេកើយ Oussama Ben Laden ក្នុង​ឆ្នំា ២០១១។

ក្រៅ​ពី​ជំនួប​ជាមួយ​លោក​ប្រមុខ​ការទូត​អាមេរិក នៅ​មាន​ជំនួប​មួយ​ទៀត​ដែល​គ្រប់​គ្នា​កំពុង​រង់ចំា និង​បង្កប់​ដោយ​និមិត្តរូប​នោះ គឺ​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​នៅ​សេតវិមាន​នា​ថ្ងៃ​ពុធ ទី២៣ តុលា​ខាង​មុខ។ ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជាលើក​ទីមួយ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន តំាង​ពី​ការ​ជាប់ឆ្នោត​របស់​លោក​អូបាម៉ា​មក។

អ្វី​ដែល​ទីក្រុង​វ៉ាស៊ីតោន​ចង់​បាន គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាត​ប្រើប្រាស់​ជំនួយ​ផ្នែក​សន្តិសុខ​នោះ​ឲ្យ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធិភាព ពិសេស​សន្តិសុខ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន​ជួនចំ​ពេល​ដែល​អាមេរិក​ត្រៀម​នឹង​ដកទ័ព​របស់​ខ្លួន​នៅ​ដំណាច់​ឆ្នំា ២០១៤ ខាង​មុខ។ នៅ​ខាង​ភាគី​ប៉ាគីស្ថាន​វិញ លោក Nawaz Sharif មាន​គម្រោង​លើក​យក​ទៅ​និយាយ​ជាមួយ​ភាគី​អាមេកំាង​អំពី​ទង្វើ​វាយប្រហារ​ពី​សំណាក់​យន្តហោះ​អាមេរិក​គ្មាន​មនុស្ស​បើកបរ​លើ​ដែនដី​ប៉ាគីស្ថាន។ ជា​ទង្វើ​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​ចាត់​ទុក ជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យជាតិ​​របស់​ប៉ាគីស្ថាន។ ទំាង​នេះ​ដោយ​មិន​ភ្លេច​ទេ ពី​ប្រតិបត្តិការ​ចូល​ស្ងាត់ៗ​​របស់​កងកម្មង់ដូ​អាមេរិក​ប្រឆំាង​នឹង Oussama Ben Laden ក្នុង​ទឹកដី​ប៉ាគីស្ថាន​កាល​ពី​ឆ្នំា ២០១១ កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI