ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកបារ៉ាក់ អូបាម៉ា និង​លោក​ស៊ី ជីនពីង​ចង់​បាន​ទំនាក់ទំនង​ថ្មី​រវាង​អាមេរិក និង​ចិន

សំឡេង ០៥:២៣
ជំនួប​ក្រៅ​ផ្លូវការ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា (រូបខាងឆ្វេង) និងលោកប្រធានាធិបតីចិនស៊ី ជីនពីង ក្នុង​រដ្ឋ Californie ថ្ងៃទី៧ មិថុនា ២០១៣
ជំនួប​ក្រៅ​ផ្លូវការ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា (រូបខាងឆ្វេង) និងលោកប្រធានាធិបតីចិនស៊ី ជីនពីង ក្នុង​រដ្ឋ Californie ថ្ងៃទី៧ មិថុនា ២០១៣ REUTERS/Kevin Lamarque

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពុង​បន្ត​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។ នៅ​ថ្ងៃ​សុក្រ ទី៧ មិថុនា​ម្សិលមិញ លោក​ស៊ី ជីនពីង​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ក្នុង​រដ្ឋ Californie។ នេះ​ជា​ជំនួប​ក្រៅផ្លូវការ​លើកទី១ ក្នុង​ក្របខ័ណ្ឌ​ជំនួបកំពូល​រវាង​ប្រទេស​ទំាង​ពីរ​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​ក្នុង​ពិភពលោក។ បរិយាកាស​រួម​នៃ​កិច្ចសន្ទនា​លើកដំបូង​រវាង​លោក​ស៊ី ជីនពីង និង​លោក​បារ៉ាក់ អូបាម៉ា​បាន​បង្កប់​ដោយ​ភាពស្និទស្នាល និង​ស្មោះត្រង់។ 

ផ្សាយពាណិជ្ជកម្ម

តាម​ការ​សង្កេត​ជាទូទៅ បរិយាកាស​រួម​នៃ​ជំនួប​លើកទី ១​រវាង​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង​មាន​លក្ខណៈ​ស្និទ្ធស្នាល និង​ស្មោះត្រង់។ គឺ​ជា​ឱកាស​សម្រាប់​និយាយ​ត្រង់ទៅ ត្រង់​មក ស្វែងយល់គ្នា និង​បង្កើត​ទំនុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក​រវាង​ប្រទេស និង​ប្រទេស បុគ្គល និង​បុគ្គល​ដើម្បី​ងាយស្រួល​ធ្វើការ​ជាមួយគ្នា នៅ​ថ្ងៃ​ខាងមុខ។ ម្យ៉ាង​ទៀត និង​ខុស​ពី​ជំនួប​រវាង​ប្រធានាធិបតី​ចិន និង​អាមេរិក​មុនៗ ជំនួប​រវាង​លោក​ស៊ី ជីនពីង និង​លោក​បារ៉ាក់ អូបាម៉ា​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​រៀបចំ​ពិធីការ​ដ៏​អធិកអធម​ទេ។ ចំណែក​លោក​ជីនពីង និង​លោក​អូបាម៉ា​ក៏​មិន​មាន​ពាក់ក្រវាត់ ក ដែរ។ តាម​ពិត​ទៅ ជំនួបក្រៅផ្លូវការ​ជាមួយ​លោក​ស៊ី ជីនពីង គឺ​ជា​ការ​ចង់​បាន​របស់​លោក​អូបាម៉ា ព្រោះ​បំណង​របស់​លោក​អូបាម៉ា គឺ​ដើម្បី​ចង់​ស្គាល់ និង​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ ពី​បុគ្គលិក​លក្ខណៈ​របស់​លោក​ប្រមុខដឹកនំាថ្មី​របស់​ចិន ស៊ី ជីនពីង ដែល​​ជា​គូប្រជែង​ផង និង​ជា​ដៃគូ​​មិនអាច​ខ្វះបាន​របស់​អាមេរិក​ផង។

 
អ្វី​ដែល​លោក​បារ៉ាក់ អូបាម៉ា និង​លោក​ស៊ី ជីនពីង​ចង់​បាន​រួម​គ្នា​នោះ គឺ​គំរូ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន។ យោង​តាម​លោក​អូបាម៉ា ទំនាក់ទំនង​ល្អ​រវាង​អាមេរិក និង​ចិន គឺ​មាន​សារៈសំខាន់​ខ្លំាង​ណាស់​សម្រាប់​ពិភពលោក​ទំាងមូល។ ជា​ការ​ឆ្លើយ​តប​វិញ លោក​ស៊ី ជីនពីង​ក៏​បាន​ឯកភាព​ដូច​លោក​អូបាម៉ា​ដែរ ដោយ​បាន​លើក​ឡើង​ពី​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក Richard Nixon កាល​ពី​ដើមទសវត្ស​ឆ្នំា ៧០។ សម្រាប់​លោក​ស៊ី ជីនពីង គឺ​ទស្សនកិច្ច​របស់​លោក Richard Nixon កាល​ណោះ​ដែល​បាន​អនុញ្ញាត​ឲ្យ​អាមេរិក និង​ចិន​ផ្តើម​រំកិលខិត​រក​គ្នា​ជាថ្មី បន្ទាប់​ពី​ស្គាល់​អធិករ​រវាង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នំា។

លោក​អូបាម៉ា​ចង់​ឲ្យ​មាន​ច្បាប់​ស្តីពី​សុវត្ថិភាព​តាម​ប្រព័ន្ធព័ត៌មានវិទ្យា

សំណុំរឿង​សុវត្ថិភាព​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ពាណិជ្ជកម្ម ឬ​មួយ​ក៏​សិទ្ធិមនុស្ស គឺ​ជា​សំណុំរឿង​រសើប​ដែល​អាមេរិក និង​ចិន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លំាង។ លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង​ហាក់​ដូច​ជា​បាន​ព្យាយាម​ដើរ​តួនាទី​ជា​អ្នកការទូត ដោយ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ក្តុងក្តំាង​ដាក់​គ្នា​ទៅវិញ ទៅមក គួរ​ឲ្យ​កត់សម្គាល់​ទេ។ សំណុំរឿង​ដ៏​ចម្រូងចម្រាស​ជាង​គេ​រវាង​អាមេរិក និង​ចិន​នា​ពេល​សព្វថ្ងៃ គឺ​សុវត្ថិភាព​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ នៅ​ក្នុង​សន្និសីទកាសែត​រួមគ្នា ក្រោយ​ពី​ជំនួប លោក​អូបាម៉ា​បាន​បញ្ជាក់​ថា លោក និង​លោក​ស៊ី ជីនពីង​បាន​ទទួល​ស្គាល់​រួម​គ្នា​ថា ដោយសារ​តែ​បច្ចេកវិទ្យា​មាន​ការ​រីកចម្រើន​លឿនរហ័ស​ពេក បញ្ហា​សុវត្ថិភាព​តាម​ព័ត៌មានវិទ្យា ភាពចំាបាច់​ក្នុង​ការ​បង្កើត​ច្បាប់ និង​ការ​សហការណ៍រួមគ្នា គឺ​ជា​រឿង​កាន់​តែ​សំខាន់​ទៅៗ និង​ចំាបាច់​មិន​អាច​ខ្វះ​បាន។

ត្រង់​ចំណុច​នេះ លោក​អូបាម៉ា​បាន​បន្ថែម​ថា គឺ​ជា​ការងារ​មួយ​ដ៏​សែន​ពិបាក​ដែល​អាមេរិក និង​ចិន​ត្រូវ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​រួម​មួយ​សម្រាប់​ផលប្រយោជន៍​ទំាង​អស់​គ្នា។ រីឯ​លោក​ស៊ី ជីនពីង​វិញ បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​អាមេរិកំាង​ម្នាក់​ដែល​សួរ​ថា តើ​ចិន ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត និង​ជា​អ្នក​ចូល​លួច​ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក និង​រោងចក្រ សហគ្រាស​អាមេរិក​ក្នុង​ទឹកដី​អាមេរិកំាង ឬ ?។ លោក​ស៊ី ជីនពីង​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ តែ​លោក​បែរ​ជា​បាន​ឆ្លើយ​ធានា​ថា អាមេរិក និង​ចិន​មាន​ក្តីបារម្ភ​ដូច​គ្នា​ចំពោះ​បញ្ហា​សុវត្ថិភាព​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខរដ្ឋ​ចិន​ក៏​បាន​បញ្ជាក់​ថា ចិន​ក៏​ជា​អ្នករងគ្រោះម្នាក់​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីធ័រណែត​ដែរ។

អាមេរិក​ចង់​ឲ្យ​ចិន​ឃាត់​កូរ៉េខាងជើង​កុំ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ

មាន​សំណុំរឿង​អន្តរជាតិ​មួយ​ចំនួន​ដែល​អាមេរិក និង​ចិន​មិន​អាច​បំភ្លេច​បាន រួម​មាន​ បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង អ៊ីរ៉ង់ វិបត្តិ​នៅ​ស៊ីរី បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ជម្លោះ​ដែនសមុទ្រ​រវាង​ចិន និង​ជប៉ុន ឬមួយ​ក៏​សំណុំរឿង​ពាណិជ្ជកម្ម។ តែ​ដោយ​ជំនួប​រវាង​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង​ត្រូវ​បន្ត​នៅ​ថ្ងៃ​សៅរ៍​នេះ​ទៀត សំណុំរឿង​អន្តរជាតិ​ខ្លះ​ត្រូវ​លើក​យក​ទៅ​ជជែក​ជា​បន្ត​ទៀត។ តែ​នៅ​ថ្ងៃ​ម្សិលមិញ លោក​អូបាម៉ា​បាន​លើក​ឡើង​ពី​កំាជ្រួច​អន្តរទ្វីប និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ អ្វី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចង់​បាន គឺ​ចង់​ឲ្យ​ទីក្រុង​ប៉េកំាង​ឃាត់​ទីក្រុង​ព្យុងយ៉ាង​កុំ​ឲ្យ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ។

ដោយ​ឡែក និង​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធានាធិបតី​អាមេរិក​មិន​បាន​ភ្លេច​រឿង​សិទ្ធិមនុស្ស​ទេ។ ដោយ​មិន​បាន​និយាយ​ចំ​ប្រទេស​ចិន លោក​អូបាម៉ា​គ្រាន់​តែ​បាន​បញ្ជាក់​ថា ការ​គោរពសិទ្ធិមនុស្ស គឺ​ជា​កូនសោ​ជោគជ័យ​នៃ​ភាព​រុងរឿង និង​យុត្តិធម៌។ យ៉ាង​ណា​ក៏​ដោយ គេ​មិន​ត្រូវ​រង់ចំា​លទ្ធផល​អ្វី​ជា​ដុំកំភួន​នៅ​ក្នុង​ជំនួប​រយៈពេល ២ថ្ងៃ​នោះ​ទេ។ ម្យ៉ាង​ទៀត លោក​ស៊ី ជីនពីង​ក៏​បាន​អញ្ជើញ​លោក​បារ៉ាក់ អូបាម៉ា​ឲ្យ​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​វិញ ដើម្បី​ចូលរួម​ជំនួបក្រៅ​ផ្លូវការ​ដូច​គ្នា​បិះបិទ​នឹង​ជំនួប​ក្រៅផ្លូវការ​ក្នុង​រដ្ឋ Californie នា​ពេល​នេះ។ តែ​គេ​នៅ​ទាន់​ដឹង​ថា តើ​នឹង​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ណា ខែ​ណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI