ការស្វែងរកយន្តហោះ Malaysia Airlines MH៣៧០ បានចាប់ផ្តើមជាថ្មីនៅក្នុងមហាសមុទ្រឥណ្ឌា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋអំណាចនៃប្រទេសអូស្រ្តាលីបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី៥ តុលានេះថា ប្រតិបត្តិការស្វែងរកយន្តហោះរបស់ Malaysia Airlines បានចាប់ផ្តើមជាថ្មីនៅក្នុងមហាសមុទ្រឥណ្ឌា។ គួររម្លឹកជូនឡើងវិញថា យន្តហោះ Malaysia Airlines ប្រភេទប៊ូអ៊ីង ៧៧៧-២០០ ដែលមានជើងហោះហើរលេខ MH៣៧០ បានបាត់ខ្លួនកាលពីថ្ងៃទី៨ មីនាកន្លងទៅ បន្ទាប់ពីបានហោះឡើងពីអាកាសយានដ្ឋានក្នុងទីក្រុងគូឡាឡាំពួឆ្ពោះទៅ កាន់ទីក្រុងប៉េកំាងប្រទេសចិនជាមួយនឹងអ្នកដំណើរសរុប ២៣៩នាក់។
បន្ទាប់ពីបានបាត់ដំណឹងសូនឈឹងកាលពី ៧ខែមក នេះជាការស្វែងរកដំណាក់កាលទី២ នៅក្នុងមហាសមុទ្រឥណ្ឌាដែលគេសង្ស័យថា យន្តហោះ Malaysia Airlines MH៣៧០ បានជួបគ្រោះថ្នាក់ធ្លាក់លិចនៅទីនោះ។ តែបញ្ហានៅត្រង់ថារហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានសញ្ញាតម្រុយណាមួយដែលបញ្ជាក់ពីវត្តមានបំណែកយន្តហោះនោះនៅឡើយទេ។ ក្រៅពីនៅលើផ្ទៃទឹកសមុទ្រ ការស្រាវជ្រាវស្វែងក៏ត្រូវបានធ្វើឡើងនៅបាតសមុទ្រដែរ។
នាវា GO Phoenix របស់ក្រុមហ៊ុន Phoenix International និង Fugro Discovery របស់អូស្រ្តាលីបានដឹកសម្ភារៈ និងអ្នកឯកទេសទៅកាន់មហាសមុទ្រឥណ្ឌាប៉ែកខាង និងបានចាប់ផ្តើមការស្រាវជ្រាវដោយមានមានជំនួយពីឧបករណ៍យានយន្តមុជទឹកចំនួនពីរ គឺ GO Phoenix និង Fugro Discovery។ ឧបករណ៍យានយន្តទំាងពីរនេះនឹងត្រូវគេបញ្ជូនទៅបាតសមុទ្រក្នុងជម្រៅពី ៥ ០០០ ទៅ ៦ ០០០ម៉ែត្រដើម្បីចាប់សញ្ញាវត្តមានបំណែកយន្តហោះសំខាន់ៗ មានដូចជាម៉ាស៊ីន ឬមួយក៏តួយន្តហោះជាដើម។ តែធុងអាគុយរបស់យានយន្តទំាងពីរគ្រឿងនេះមានផ្ទុកថាមពលសម្រាប់តែរយៈពេល ១២ថ្ងៃប៉ុណ្ណោះ។
ក្រុមហ៊ុន Phoenix International បានបញ្ជាក់ថា រូបភាពដែលយានយន្តទំាងពីរគ្រឿងត្រូវបញ្ជូនជាអចិន្ត្រែយ៍ពីបាតសមុទ្រនឹងត្រូវយកទៅសិក្សា វិភាគភ្លាមៗក្នុងពេលតែមួយដើម្បីចង់ដឹងថា តើមានបំណែកយន្តហោះបាត់ខ្លួន នោះ ឬអត់។ គួររម្លឹកជូនថាកន្លងមក នាវាចិនឈ្មោះ Zhu Kezhen និងនាវាអូស្រ្តាលីឈ្មោះ Fugro Equator ធ្លាប់បានចូលរួមប្រតិបត្តិការស្រាវជ្រាវដោយប្រើម៉ាស៊ីនស្កេនផ្ទែបាតសមុទ្របានទំហំជិត ១១០ ០០០ម៉ែត្រការ៉េ។
ការស្រាវជ្រាវកំពុងបន្តមានដោយនៅលើកនេះ ក្រុមអ្នកស៊ើបអង្កេតបានទទួលជំនួយបន្ថែមពីក្រុមអ្នកឯកទេសដែលបានស្រាវជ្រាវរកបំណែកយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនបារំាង Air France ដែលបានជួបគ្រោះថ្នាក់ធ្លាក់ក្នុងមហាសមុទ្រអាត្លង់ទិចកាលពីខែមិថុនា ឆ្នំា ២០០៩។
រហូតមកដល់ពេលនេះ មូលហេតុនៃការធ្លាក់យន្តហោះម៉ាឡេស៊ីកាលពីថ្ងៃទី៨ មីនាកន្លងទៅត្រូវបានក្រុមអ្នកស៊ើបអង្កេតប្រមើលមើលថា អាចមកពីកង្វះខ្យល់អុកស៊ីសែនក្នុងយន្តហោះដែលធ្វើឲ្យមនុស្សទំាងអស់នៅក្នុងយន្តហោះថប់ខ្យល់ បាត់ស្មារតី និងដែលយន្តហោះបានបន្តដំណើរដោយប្រើប្រព័ន្ធស្វ័យប្រវត្តិរហូតដល់អស់សំាងធ្លាក់ក្នុងសមុទ្រ។ យ៉ាងណាក៏ដោយ រដ្ឋអំណាចអូស្រា្តលី និងម៉ាឡេស៊ីប្តេជ្ញាបន្តការស្រាវជ្រាវរហូតរកឃើញការពិត នោះបើត្រូវចំណាយពេលប៉ុន្មានក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ