កូរ៉េខាងជើង-កូរ៉េ​ខាង​ត្បូង

វិបត្តិកូរ៉េ៖ ចិន​ស្នើ​ឲ្យ​បើក​ការចរចា​ជាបន្ទាន់​ដើម្បី​បន្ធូរបន្ថយភាពតានតឹង

នាវាចម្បាំងកូរ៉េ​ខាង​ត្បូង​​ក្នុង​សមយុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក ថ្ងៃ​អាទិត្យ ២៨ វិច្ឆិកា ២០១០
នាវាចម្បាំងកូរ៉េ​ខាង​ត្បូង​​ក្នុង​សមយុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក ថ្ងៃ​អាទិត្យ ២៨ វិច្ឆិកា ២០១០ ©REUTERS/Jo Yong-Hak

សមយុទ្ធ​រវាង​កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​បើក​ធ្វើ​ហើយ នៅថ្ងៃ​អាទិត្យនេះ នៅ​ក្នុង​សមុទ្រ​លឿង។ កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ជាថ្មីទៀត​ថា​នឹង​ប្រើ​កម្លាំង​យោធា​តបត​វិញ ប្រសិន​បើ​មាន​ការ​រំលោភ​ចូល​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន។ មីស៊ីល​ជាច្រើន​ដើម​ត្រូវ​បាន​កងទ័ព​កូរ៉េ​ខាង​ជើង​ដំឡើង​ជាស្រេច​ ដោយ​តម្រង់​ទៅ​​សមុទ្រ​លឿង។ មីស៊ីល​ប្រឆាំង​យន្តហោះ​ក៏​ត្រូវបាន​កូរ៉េ​ខាង​ជើង​ចល័ត​ទៅ​ក្បែរ​ព្រំដែន​ ដែរ។​ ក្នុង​ពេល​ដែល​ភាព​តានតឹង​កំពុង​កើនឡើង​ដល់​កំពូល​ ចិន​បាន​​ដាក់​សំណើ​ឲ្យ​បើក​កិច្ចចរចា​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េ។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

សមយុទ្ធ​ទ្រង់ទ្រាយធំ​ ដោយ​មាន​នាវាផ្ទុកយន្តហោះ​ដ៏ទំនើប​ចូលរួមផងនោះ បាន​ចាប់​ផ្តើម​ធ្វើ នៅថ្ងៃ​អាទិត្យនេះ នៅ​ក្នុង​សមុទ្រលឿង ចម្ងាយ​ប្រមាណ ១២៥​គីឡូម៉ែត្រ​ពី​ខ្សែបន្ទាត់ព្រំដែន​សមុទ្រ​ជាមួយ​កូរ៉េ​ខាង​ជើង និង​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ឆ្នេរ​កូរ៉េ​ខាង​ត្បូង។ សមយុទ្ធនេះ​នឹង​ត្រូវ​​ប្រព្រឹត្ត​ទៅ​រយៈពេល ៤ថ្ងៃ ក្នុង​​គោលដៅ​​​កំញើញ​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ឈប់​ទង្វើ​បង្ក​ហេតុ​លើ​កូរ៉េ​ ខាង​ត្បូង។

ក៏ប៉ុន្តែ សមយុទ្ធនេះ​ត្រូវ​ទទួលរង​នូវការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ ចិន។ ចិន​តែងតែ​ប្រឆាំង​ចំពោះ​រាល់​វត្តមាន​នាវាចម្បាំង​អាមេរិក នៅ​ក្នុង​សមុទ្រលឿង ដែល​ចិន​ចាត់ទុក​ថា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ខ្លួន។

កូរ៉េ​ខាង​ជើង​វិញ ក៏​បាន​ព្រមាន​ផងដែរ​ថា នឹង​ធ្វើ​ការ​វាយប្រហារ​តបតវិញ ប្រសិន​បើ​មាន​ការ​រំលោភ​ចូល​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន។ ព្រំដែន​សមុទ្រ​រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង គឺ​ជា​រឿង​ដ៏ចម្រូងចម្រាសបំផុត ដោយ​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ទទួលស្គាល់​បន្ទាត់​ព្រំដែន​ បច្ចុប្បន្ន ដែល​គូស​ដោយ​អ.ស.ប.។

នៅថ្ងៃ​អាទិត្យនេះ អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​អ្នកកាសែត​ទាំងអស់​ឲ្យ​ចាកចេញ​ពី​កោះ Yeonpyeong ទីដែល​ទទួលរង​ការ​បាញ់​ផ្លោង​ពីសំណាក់​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​អង្គារ។ អ្នកភូមិ​នៅលើ​កោះ​នេះ​បាន​នាំ​គ្នា​រត់រក​ជម្រក​ការពារគ្រាប់​ ជាថ្មីម្តងទៀត ក្រោយ​ពី​បាន​ឮសំឡេង​គ្រាប់កាំភ្លើង​ផ្លោង​ចេញ​ពី​ទឹកដី​កូរ៉េ​ខាង​ជើង នៅថ្ងៃ​អាទិត្យនេះ។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូងយុនហាប់ (Yunhap) បាន​ផ្សព្វផ្សាយ​ឲ្យដឹង​ថា កូរ៉េ​ខាង​ជើង​បាន​ដំឡើង​មីស៊ីល​ដាក់តម្រង់​ទៅ​សមុទ្រលឿង ហើយ​មីស៊ីល​ប្រឆាំង​យន្តហោះ​ក៏​ត្រូវ​បាន​កងទ័ព​កូរ៉េ​ខាង​ជើង​ចល័ត​ទៅ​​ ក្បែរព្រំដែន​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដែរ។

ក្នុង​ស្ថានភាព​ដ៏តានតឹងនេះ​ចិន​បាន​អំពាវនាវ​ឲ្យ​​មាន​ការ​ចរចា​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហានេះ។ ចិន​បាន​ស្នើ​ឲ្យ​តំណាង​​ប្រទេស​ ក្នុង​កិច្ចចរចា ៦ភាគី ជួប​ពិភាក្សា​គ្នា នៅ​ដើមខែ​ធ្នូ​ខាងមុខ។ ក៏ប៉ុន្តែ ប្រភព​ស្និទ្ធ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​​ឲ្យដឹង​ថា កូរ៉េ​ខាង​ត្បូង​​មិន​ចាប់អារម្មណ៍​នឹង​ការចរចា ៦ភាគី​ទេ នៅពេលនេះ។ រដ្ឋាភិបាល​ជប៉ុន​ ក៏​បាន​បង្ហាញ​នូវ​ជំហរ​ប្រយ័ត្នប្រយែង​ដែរ ឆ្លើយតប​នឹង​សំណើ​​ឲ្យ​មាន​ការ​ចរចា​នេះ។

គួរ​បញ្ជាក់ថា មន្រ្តី​ជាន់ខ្ពស់​របស់​ចិន​ទើប​នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង ដោយ​បាន​សន្យាថា នឹង​ខិតខំ​ជួយ​ទប់ស្កាត់​​កុំ​ឲ្យ​ស្ថានភាព​កាន់តែ​ដុនដាប​ថែមទៀត ​រវាង​កូរ៉េ​ទាំងពីរ។ ចំណែក​កូរ៉េ​ខាង​ត្បូងវិញ​​​បាន​អំពាវនាវ​ឲ្យ​ចិន​ប្រកាន់​នូវ​ជំហរ​ យុត្តិធម៌​រវាង​កូរ៉េ​ទាំងពីរ។

បណ្តាញ​ព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​ឲ្យដឹង​ថា ប្រធាន​សភា​កូរ៉េ​ខាង​ជើង ដែល​ជាមនុស្ស​ជំនិត​របស់​លោក​គីម ជុងអ៊ីល នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ចិន​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ។ នៅពេលនេះ ចិន​កំពុង​តែ​ទទួលរង​នូវ​សម្ពាធ​ពី​សំណាក់​​សហគមន៍​អន្តរជាតិ​ឲ្យ​ចូល​ខ្លួន ​មក​ជួយ​ដោះស្រាយ​​វិបត្តិ​កូរ៉េ ពីព្រោះ​ថា ចិន គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​តែមួយ​គត់​របស់​របប​កុម្មុយនិស្ត​ ព្យុងយ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI