កម្ពុជា-ថៃ

សង្គ្រាម​ពាក្យសម្តី​ផ្តើម​ផ្ទុះ​ជាថ្មី​រវាង​ភ្នំពេញ​និង​បាងកក

កម្ពុជាបាន​តវ៉ា​ផ្នែកការទូត​​ ​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចូលដីថៃ។ ថៃ​ចោទ​មកវិញ​ថា កម្ពុជា​ដាក់មីន​តាមព្រំដែន។
កម្ពុជាបាន​តវ៉ា​ផ្នែកការទូត​​ ​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចូលដីថៃ។ ថៃ​ចោទ​មកវិញ​ថា កម្ពុជា​ដាក់មីន​តាមព្រំដែន។ © សុវណ្ណរ៉ា

បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុជា​ចេញ​កំណត់​ទូត​តវ៉ា​និង​ថ្កោលទោស​ការបាញ់ប្រហារ​រ​បស់​ទាហាន​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​រួចមក ​ក្រសួង​ការបរទេស​ថៃ​បាន​ចោទប្រកាន់​កម្ពុជា​វិញ​ម្តងថា ​បាន​ព្យាយាម​ដាក់​មីន​នៅតាម​ជាយដែន​ដែល​ធ្វើ​ឲ្យ​ទាហាន​ថៃ​ម្នាក់​រងរបួស​កាលពី​ថ្ងៃ​ពុធ។ ប៉ុន្តែ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទ​ប្រកាន់​នេះ។

ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ពាក្យសម្តី​បាន​ផ្ទុះឡើង​ជាថ្មី​រវាង​ទីក្រុង​ភ្នំពេញ​និង​បាងកក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅតាម​ព្រំដែន។ ភ្លាមៗ​ក្រោយពី​កម្ពុជា​ចេញ​កំណត់​ទូត​តវ៉ា និង​ថ្កោលទោស​ដោយ​ពាក្យសម្តី​ធ្ងន់ៗ​ចំពោះ​ទាហាន​ថៃ​ដែល​បាន​បន្ត​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​របស់ខ្លួន ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក​ ថានី ថោងភក្តី ​បាន​ចោទប្រកាន់​កម្ពុជា​វិញ​ថា ​បាន​បន្ត​ប្រឹងប្រែង​ដាក់​គ្រាប់មីន​នៅតាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ ដែល​ធ្វើ​ឲ្យ​ទាហាន​ថៃ​ម្នាក់​ជាន់មីន​របួស​កាល​ពីថ្ងៃ​ពុធ។

ការចោទ​ប្រកាន់​បែបនេះ​បានធ្វើ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា​បញ្ចេញ​ប្រតិកម្ម។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី៥​ឧសភា​ម្សិលមិញ​ដោយ​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការចោទ​ប្រកាន់​របស់​ភាគី​ថៃ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា​បាន​ពន្យល់​ថា ​គ្រាប់មីន ​និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​នៅតាម​ព្រំដែន ត្រូវបាន​បង្កប់​ដោយ​ពួក​ខ្មែរក្រហម​កាលពី​ក្នុងអំឡុង​សង្គ្រាម។ តំបន់​ជិត ប្រាសាទព្រះវិហារ ដែល​ទាហាន​ថៃ​បានធ្វើ​ឲ្យ​ផ្ទុះ​មីន​មួយ​គ្រាប់​នោះ ក៏​ធ្លាប់ជា​សមរភូមិ និង​ជាទី​ជម្រក របស់​កម្លាំង​ខ្មែរក្រហម​ដែរ។

សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បន្តថា "ក្នុង​រយៈកាល​សង្គ្រាម កម្លាំង​ខ្មែរក្រហម ក៏បាន​ចូលទៅ​ជ្រកកោន​ជា​បណ្តោះអាសន្ន​ក្នុង​ទឹកដី​ថៃ​ផងដែរ។ ដូច្នេះ វា​ជា​រឿង​គួរឲ្យ​សោកសៅ និង​រំជួលចិត្ត​ខ្លាំងណាស់ ដែល​កម្ពុជា​ត្រូវ​ទទួលរង​នូវ​ការចោទប្រកាន់ គ្មាន​មូលដ្ឋាន​បែបនេះ។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា ការផ្ទុះ​គ្រាប់មីន​គឺជា​បញ្ហា​ដែល​នៅ​កើត​មាន​ជារឿយៗ​សូម្បីតែ​នៅ​កន្លែង​ដែល​ប្រជាជន​កម្ពុជា​បាន​ទៅ​តាំង​ទីលំនៅ ​និង​បង្កបង្កើនផល​ជាច្រើន​ឆ្នាំ​ក្រោយ​ពី​ចប់​សង្គ្រាម​ក៏ដោយ។ ​ដូច្នេះ ​កម្ពុជា​សង្ឃឹម​ថា ថៃ​នឹង​មិន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ​បន្តទៀត​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​ទាក់ទង ​រវាង​ប្រជាជាតិ​ទាំងពីរ​ដែល​ពេលនេះ​កំពុង​តែមាន​សភាព​ល្អប្រសើរ​ជាង​មុន។

គួរ​កត់​សម្គាល់​ថា ​ទំនាក់ទំនង​កម្ពុជា​ថៃ​បាន​ធូរស្បើយ​ពី​ភាព​តានតឹង​បន្ទាប់ពី​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ បញ្ហា​នៅតាម​ព្រំដែន​មិនត្រូវ​បាន​ដោះស្រាយ​​ទេ។ ការ​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​មាន​ជម្លោះ​តាម​បញ្ជា​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ក៏​ថៃ​មិន​គោរព រីឯ​ការបាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​ជាយដែន​ពី​សំណាក់​ទាហាន​ឈុតខ្មៅ​ថៃ​ក៏​នៅតែ​បន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI